គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ ពង្សា‌វតារ‌ក្សត្រ 20:32-43 Khmer Standard Version (KHSV)

32. ពួក​គេ​នាំ​គ្នា​យក​បាវ​មក​ស្លៀក យក​ខ្សែ​មក​ពាក់​នៅ​ក រួច​ចេញ​ទៅ​គាល់​ស្ដេច​ស្រុក​អ៊ីស្រា‌អែល ហើយ​ទូល​ថា៖ «ព្រះ‌បាទ​បេនហា‌ដាដ ជា​អ្នក​បម្រើ​របស់​ព្រះ‌ករុណា ទូល​ថា “សូម​ព្រះ‌ករុណា​មេត្តា​ទុក​ជីវិត​ឲ្យ​ទូលបង្គំ​ផង”»។ ព្រះ‌បាទ​អហាប់​មាន​រាជ‌ឱង្ការ​ថា៖ «តើ​ព្រះ‌រាជា​នៅ​មាន​ព្រះ‌ជន្ម​ទេ​ឬ? ទ្រង់​ក៏​ជា​បង‌ប្អូន​នឹង​យើង​ដែរ!»។

33. កាល​ពួក​មន្ត្រី​ឃើញ​ថា​ឱកាស​ល្អ​ហុច​ឲ្យ​ដូច្នេះ ពួក​គេ​ក៏​ប្រញាប់​ទូល​ស្ដេច​វិញ​ថា៖ «ព្រះ‌បាទ​បេន‌ហាដាដ​ពិត​ជា​បង‌ប្អូន​របស់​ព្រះ‌ករុណា​មែន!»។ ព្រះ‌បាទ​អហាប់​មាន​រាជ‌ឱង្ការ​ថា៖ «ចូរ​ទៅ​យាង​ព្រះ‌រាជា​មក»។ ព្រះ‌បាទ​បេន‌ហាដាដ​ក៏​ចេញ​មក​គាល់​ព្រះ‌បាទ​អហាប់ ហើយ​ព្រះ‌បាទ​អហាប់​ឲ្យ​ព្រះ‌បាទ​បេន‌ហាដាដ​ឡើង​ជិះ​រាជ‌រថ​ជា​មួយ។

34. ព្រះ‌បាទ​បេន‌ហាដាដ​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ព្រះ‌បាទ​អហាប់​ថា៖ «ទូលបង្គំ​សូម​ប្រគល់​ក្រុង​ទាំង​ប៉ុន្មាន ដែល​បិតា​របស់​ទូលបង្គំ​បាន​ដណ្ដើម​យក​ពី​បិតា​របស់​ព្រះ‌ករុណា ថ្វាយ​ព្រះ‌ករុណា​វិញ។ ព្រះ‌ករុណា​អាច​នាំ​យក​ផលិត​ផល​ក្នុង​ស្រុក​របស់​ព្រះ‌ករុណា​ទៅ​លក់​ក្នុង​ក្រុង​ដាម៉ាស ដូច​បិតា​របស់​ទូលបង្គំ​ធ្លាប់​នាំ​យក​ផលិត​ផល​ទៅ​លក់​នៅ​ក្រុង​សាម៉ារី​ដែរ»។ ព្រះ‌បាទ​អហាប់​មាន​រាជ‌ឱង្ការ​ថា៖ «រីឯ​ទូលបង្គំ​វិញ ទូលបង្គំ​នឹង​ចុះ​សន្ធិ‌សញ្ញា​ជា​មួយ​ព្រះ‌ករុណា រួច​ទូលបង្គំ​នឹង​បើក​ឲ្យ​ព្រះ‌ករុណា​យាង​ត្រឡប់​ទៅ​ស្រុក​វិញ»។ ព្រះ‌បាទ​អហាប់​ក៏​ចុះ​សន្ធិ‌សញ្ញា​ជា​មួយ​ព្រះ‌បាទ​បេន‌ហាដាដ រួច​ហើយ​បើក​ឲ្យ​ព្រះ‌បាទ​បេន‌ហាដាដ​យាង​ត្រឡប់​ទៅ​ស្រុក​វិញ។

35. មាន​បុរស​ម្នាក់​ដែល​ជា​សមាជិក​របស់​ក្រុម​ព្យាការី​ពោល​ទៅ​មិត្ត​របស់​ខ្លួន ក្នុង​នាម​ព្រះ‌អម្ចាស់​ថា៖ «ចូរ​វាយ​ខ្ញុំ​មក!»។ ប៉ុន្តែ អ្នក​នោះ​មិន​ព្រម​វាយ​ទេ។

36. ព្យាការី​នោះ​ក៏​ពោល​ទៅ​កាន់​មិត្ត​របស់​ខ្លួន​ថា៖ «ដោយ​អ្នក​មិន​ធ្វើ​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​ដូច្នេះ កាល​ណា​អ្នក​ចាក​ចេញ​ពី​ខ្ញុំ​ទៅ សត្វ​សិង្ហ​នឹង​សម្លាប់​អ្នក​ជា​មិន​ខាន»។ ពេល​អ្នក​នោះ​ចេញ​ទៅ ជួប​សត្វ​សិង្ហ ហើយ​សិង្ហ​ក៏​សម្លាប់​គាត់។

37. បន្ទាប់​មក ព្យាការី​ជួប​បុរស​ម្នាក់​ទៀត ហើយ​ពោល​ថា៖ «ចូរ​វាយ​ខ្ញុំ​មក!»។ បុរស​នោះ​ក៏​វាយ​គាត់​រហូត​ដល់​ធ្វើ​ឲ្យ​គាត់​មាន​របួស។

38. ព្យាការី​នោះ​ក៏​ក្លែង​ខ្លួន ហើយ​ឃ្លុំ​មុខ​ជិត ដើម្បី​កុំ​ឲ្យ​នរណា​ស្គាល់ រួច​ចេញ​ទៅ​រង់‌ចាំ​ព្រះ‌បាទ​អហាប់​នៅ​តាម​ផ្លូវ។

39. កាល​ស្ដេច​យាង​កាត់​តាម​ផ្លូវ​នោះ គាត់​ក៏​ស្រែក​ទូល​ថា៖ «បពិត្រ​ព្រះ‌ករុណា! ទូលបង្គំ​បាន​ចេញ​ទៅ​ច្បាំង ពេល​នោះ មាន​ម្នាក់​ចេញ​ពី​សមរ‌ភូមិ ហើយ​នាំ​ឈ្លើយ​សឹក​ម្នាក់​មក​ឲ្យ​ទូលបង្គំ ដោយ​បញ្ជា​ថា “ចូរ​មើល​ឈ្លើយ​សឹក​នេះ​ផង! ប្រសិន​បើ​គេ​រត់​រួច អ្នក​ត្រូវ​យក​ជីវិត​សង​ជំនួស ឬ​ត្រូវ​យក​ប្រាក់​ប្រាំ​បួន​រយ​តម្លឹង​មក​សង​ខ្ញុំ”។

40. ប៉ុន្តែ កាល​ទូលបង្គំ​ជាប់​រវល់​ធ្វើ​នេះ​ធ្វើ​នោះ ឈ្លើយ​សឹក​ក៏​រត់​បាត់​ទៅ»។ ស្ដេច​ស្រុក​អ៊ីស្រា‌អែល​មាន​រាជ‌ឱង្ការ​មក​គាត់​ថា៖ «អ្នក​កាត់​ទោស​ខ្លួន​ឯង​ស្រាប់​ហើយ!»។

41. ព្យាការី​បក​ក្រណាត់​ឃ្លុំ​មុខ​ចេញ​ភ្លាម ហើយ​ស្ដេច​ស្រុក​អ៊ីស្រា‌អែល​ក៏​ស្គាល់​ថា​ជា​ព្យាការី។

42. គាត់​ទូល​ស្ដេច​ថា៖ «ព្រះ‌អម្ចាស់ មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: ដោយ​អ្នក​លែង​មនុស្ស​ដែល​យើង​បាន​កាត់​ទោស​ប្រហារ​ជីវិត អ្នក​ត្រូវ​ស្លាប់​ជំនួស​គេ ហើយ​ប្រជា‌រាស្ត្រ​របស់​អ្នក​ក៏​ត្រូវ​ស្លាប់​ជំនួស​ប្រជា‌រាស្ត្រ​របស់​គេ​ដែរ»។

43. ស្ដេច​ស្រុក​អ៊ីស្រា‌អែល​យាង​ត្រឡប់​ទៅ​វាំង នៅ​ក្រុង​សាម៉ារី ទាំង​មួម៉ៅ និង​ក្រេវ‌ក្រោធ។

សូមអានជំពូកពេញលេញ ១ ពង្សា‌វតារ‌ក្សត្រ 20