គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ ពង្សា‌វតារ‌ក្សត្រ 20:3-10 Khmer Standard Version (KHSV)

3. ព្រះ‌បាទ​បេន‌ហាដាដ​មាន​រាជ‌ឱង្ការ​ថា៖ «មាស ប្រាក់ ពួក​ស្រី​ស្នំ និង​បុត្រា​ដ៏​មាន​រូប​ល្អ​របស់​ព្រះ‌ករុណា សុទ្ធ​តែ​ជា​របស់​យើង»។

4. ស្ដេច​អ៊ីស្រា‌អែល​មាន​រាជ‌ឱង្ការ​តប​ថា៖ «បពិត្រ​ព្រះ‌ករុណា​ជា​អម្ចាស់​ទូលបង្គំ និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ទូលបង្គំ​មាន សុទ្ធ​ជា​កម្មសិទ្ធិ​របស់​ព្រះ‌ករុណា ដូច​ព្រះ‌ករុណា​មាន​រាជ‌ឱង្ការ​មែន»។

5. អ្នក​នាំ​សារ​មក​គាល់​ព្រះ‌បាទ​អហាប់​ជា​ថ្មី ទូល​ថា៖ «ព្រះ‌បាទ​បេនហា‌ដាដ​មាន​រាជ‌ឱង្ការ​ដូច​ត​ទៅ: យើង​បាន​ចាត់​គេ​ឲ្យ​មក​ទូល​ព្រះ‌ករុណា​ថា ត្រូវ​ប្រគល់​មាស ប្រាក់ ពួក​ស្រី​ស្នំ និង​បុត្រា​របស់​ព្រះ‌ករុណា​មក​ឲ្យ​យើង។

6. ដូច្នេះ ថ្ងៃ​ស្អែក ពេល​ថ្មើរ​នេះ យើង​នឹង​ចាត់​អ្នក​បម្រើ​ឲ្យ​មក​ជួប​ព្រះ‌ករុណា ពួក​គេ​នឹង​ប្រមូល​អ្វីៗ​ទាំង​អស់​នៅ​ក្នុង​ដំណាក់​ព្រះ‌ករុណា និង​ក្នុង​ផ្ទះ​សម្បែង​របស់​រាជ​បម្រើ គឺ​ពួក​គេ​ប្រមូល​យក​របស់​របរ​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌ករុណា​ស្រឡាញ់​ពេញ​ចិត្ត»។

7. ស្ដេច​ស្រុក​អ៊ីស្រា‌អែល​កោះ​ហៅ​ព្រឹទ្ធា‌ចារ្យ*​ទាំង​អស់​ក្នុង​ស្រុក ហើយ​មាន​រាជ‌ឱង្ការ​ថា៖ «សូម​អស់​លោក​ពិចារណា​មើល ស្ដេច​នោះ​ចង់​បង្ក​រឿង​ហេតុ​ជា​មួយ​យើង​ហើយ! ដ្បិត​ស្ដេច​បាន​ចាត់​គេ​ឲ្យ​មក​ទាម‌ទារ​ពួក​ស្រី​ស្នំ និង​បុត្រា ព្រម​ទាំង​មាស​ប្រាក់​របស់​យើង ហើយ​យើង​ពុំ​បាន​បដិសេធ​ទេ!»។

8. ពួក​ព្រឹទ្ធា‌ចារ្យ និង​ប្រជា‌ជន​ទាំង​មូល​ទូល​ព្រះ‌បាទ​អហាប់៖ «សូម​ព្រះ‌ករុណា​កុំ​សណ្ដាប់ និង​យល់​ព្រម តាម​ពាក្យ​ស្ដេច​នោះ​ឡើយ!»។

9. ពេល​នោះ ស្ដេច​ក៏​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ពួក​អ្នក​នាំ​សារ​របស់​ព្រះ‌បាទ​បេន‌ហាដាដ​ថា៖ «ចូរ​ទៅ​ទូល​ព្រះ‌ករុណា​ជា​អម្ចាស់​ដូច​ត​ទៅ: សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌ករុណា​ចាត់​គេ ឲ្យ​មក​ទាម‌ទារ​ពី​ទូលបង្គំ​លើក​ដំបូង​នោះ ទូលបង្គំ​សុខ​ចិត្ត​ធ្វើ​តាម តែ​ទូលបង្គំ​ពុំ​អាច​ធ្វើ​តាម​សេចក្ដី​ដែល​ព្រះ‌ករុណា​ទាម‌ទារ​ជា​លើក​ទី​ពីរ​នេះ​បាន​ទេ»។ អ្នក​នាំ​សារ​យក​ពាក្យ​នេះ​ទៅ​ទូល​ព្រះ‌បាទ​បេនហា‌ដាដ​វិញ។

10. ព្រះ‌បាទ​បេន‌ហាដាដ​ចាត់​គេ​ឲ្យ​មក​ទូល​ព្រះ‌បាទ​អហាប់​ទៀត​ថា៖ «យើង​នឹង​ឲ្យ​ពល​ទាហាន​របស់​យើង​កម្ទេច​ក្រុង​សាម៉ារី សូម្បី​តែ​ធូលី​ដី​មួយ​ក្បង់​ក៏​មិន​សល់​ដែរ! បើ​យើង​មិន​ធ្វើ​ដូច្នេះ​ទេ សូម​ព្រះ​ទាំង‌ឡាយ​ដាក់​ទោស​យើង​ចុះ!»។

សូមអានជំពូកពេញលេញ ១ ពង្សា‌វតារ‌ក្សត្រ 20