គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ ពង្សា‌វតារ‌ក្សត្រ 20:28-38 Khmer Standard Version (KHSV)

28. អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​ចូល​គាល់​ស្ដេច​អ៊ីស្រា‌អែល ហើយ​ទូល​ថា៖ «ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: ដោយ​ជន‌ជាតិ​ស៊ីរី​ពោល​ថា​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​តំបន់​ភ្នំ គឺ​មិន​មែន​ជា​ព្រះ​នៃ​វាល​ទំនាប​ទេ​នោះ យើង​នឹង​ប្រគល់​កង‌ទ័ព​ដ៏​សន្ធឹក‌សន្ធាប់​នេះ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក ហើយ​អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌អម្ចាស់​មែន»។

29. កង‌ទ័ព​ទាំង​ពីរ​បោះ​ជំរំ​ទល់​មុខ​គ្នា អស់​រយៈ​ពេល​ប្រាំ‌ពីរ​ថ្ងៃ។ នៅ​ថ្ងៃ​ទី​ប្រាំ‌ពីរ ការ​ប្រយុទ្ធ​ក៏​កើត​ឡើង ហើយ​កង‌ទ័ព​អ៊ីស្រា‌អែល​វាយ​កង‌ពល​ថ្មើរ​ជើង​របស់​ជន‌ជាតិ​ស៊ីរី ស្លាប់​អស់​មួយ​សែន​នាក់ ក្នុង​ពេល​តែ​មួយ​ថ្ងៃ។

30. រីឯ​ទាហាន​ដែល​នៅ​សេស‌សល់​នាំ​គ្នា​រត់​ចូល​ក្នុង​ក្រុង​អាផែក តែ​ត្រូវ​កំពែង​ក្រុង​រំលំ​សង្កត់​ស្លាប់​អស់​ពីរ​ម៉ឺន​ប្រាំ‌ពីរ​ពាន់​នាក់។ព្រះ‌បាទ​បេនហា‌ដាដ​រត់​ទៅ​ដល់​ទីក្រុង ហើយ​ចូល​ទៅ​ពួន​ក្នុង​បន្ទប់​មួយ។

31. ពួក​មន្ត្រី​ទូល​ថា៖ «ទូលបង្គំ​ឮ​គេ​និយាយ​ថា ស្ដេច​អ៊ីស្រា‌អែល​សុទ្ធ​តែ​ជា​ស្ដេច​ដែល​មាន​ចិត្ត​មេត្តា​ករុណា ដូច្នេះ ទូលបង្គំ​ទាំង​អស់​គ្នា​នឹង​យក​បាវ​មក​ស្លៀក ហើយ​យក​ខ្សែ‌ពួរ​មក​ពាក់​ក រួច​នាំ​គ្នា​ចេញ​ទៅ​បង្ហាញ​ខ្លួន​ចំពោះ​ស្ដេច​អ៊ីស្រា‌អែល នោះ​ប្រហែល​ជា​ស្ដេច​នឹង​ទុក​ជីវិត​ព្រះ‌ករុណា»។

32. ពួក​គេ​នាំ​គ្នា​យក​បាវ​មក​ស្លៀក យក​ខ្សែ​មក​ពាក់​នៅ​ក រួច​ចេញ​ទៅ​គាល់​ស្ដេច​ស្រុក​អ៊ីស្រា‌អែល ហើយ​ទូល​ថា៖ «ព្រះ‌បាទ​បេនហា‌ដាដ ជា​អ្នក​បម្រើ​របស់​ព្រះ‌ករុណា ទូល​ថា “សូម​ព្រះ‌ករុណា​មេត្តា​ទុក​ជីវិត​ឲ្យ​ទូលបង្គំ​ផង”»។ ព្រះ‌បាទ​អហាប់​មាន​រាជ‌ឱង្ការ​ថា៖ «តើ​ព្រះ‌រាជា​នៅ​មាន​ព្រះ‌ជន្ម​ទេ​ឬ? ទ្រង់​ក៏​ជា​បង‌ប្អូន​នឹង​យើង​ដែរ!»។

33. កាល​ពួក​មន្ត្រី​ឃើញ​ថា​ឱកាស​ល្អ​ហុច​ឲ្យ​ដូច្នេះ ពួក​គេ​ក៏​ប្រញាប់​ទូល​ស្ដេច​វិញ​ថា៖ «ព្រះ‌បាទ​បេន‌ហាដាដ​ពិត​ជា​បង‌ប្អូន​របស់​ព្រះ‌ករុណា​មែន!»។ ព្រះ‌បាទ​អហាប់​មាន​រាជ‌ឱង្ការ​ថា៖ «ចូរ​ទៅ​យាង​ព្រះ‌រាជា​មក»។ ព្រះ‌បាទ​បេន‌ហាដាដ​ក៏​ចេញ​មក​គាល់​ព្រះ‌បាទ​អហាប់ ហើយ​ព្រះ‌បាទ​អហាប់​ឲ្យ​ព្រះ‌បាទ​បេន‌ហាដាដ​ឡើង​ជិះ​រាជ‌រថ​ជា​មួយ។

34. ព្រះ‌បាទ​បេន‌ហាដាដ​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ព្រះ‌បាទ​អហាប់​ថា៖ «ទូលបង្គំ​សូម​ប្រគល់​ក្រុង​ទាំង​ប៉ុន្មាន ដែល​បិតា​របស់​ទូលបង្គំ​បាន​ដណ្ដើម​យក​ពី​បិតា​របស់​ព្រះ‌ករុណា ថ្វាយ​ព្រះ‌ករុណា​វិញ។ ព្រះ‌ករុណា​អាច​នាំ​យក​ផលិត​ផល​ក្នុង​ស្រុក​របស់​ព្រះ‌ករុណា​ទៅ​លក់​ក្នុង​ក្រុង​ដាម៉ាស ដូច​បិតា​របស់​ទូលបង្គំ​ធ្លាប់​នាំ​យក​ផលិត​ផល​ទៅ​លក់​នៅ​ក្រុង​សាម៉ារី​ដែរ»។ ព្រះ‌បាទ​អហាប់​មាន​រាជ‌ឱង្ការ​ថា៖ «រីឯ​ទូលបង្គំ​វិញ ទូលបង្គំ​នឹង​ចុះ​សន្ធិ‌សញ្ញា​ជា​មួយ​ព្រះ‌ករុណា រួច​ទូលបង្គំ​នឹង​បើក​ឲ្យ​ព្រះ‌ករុណា​យាង​ត្រឡប់​ទៅ​ស្រុក​វិញ»។ ព្រះ‌បាទ​អហាប់​ក៏​ចុះ​សន្ធិ‌សញ្ញា​ជា​មួយ​ព្រះ‌បាទ​បេន‌ហាដាដ រួច​ហើយ​បើក​ឲ្យ​ព្រះ‌បាទ​បេន‌ហាដាដ​យាង​ត្រឡប់​ទៅ​ស្រុក​វិញ។

35. មាន​បុរស​ម្នាក់​ដែល​ជា​សមាជិក​របស់​ក្រុម​ព្យាការី​ពោល​ទៅ​មិត្ត​របស់​ខ្លួន ក្នុង​នាម​ព្រះ‌អម្ចាស់​ថា៖ «ចូរ​វាយ​ខ្ញុំ​មក!»។ ប៉ុន្តែ អ្នក​នោះ​មិន​ព្រម​វាយ​ទេ។

36. ព្យាការី​នោះ​ក៏​ពោល​ទៅ​កាន់​មិត្ត​របស់​ខ្លួន​ថា៖ «ដោយ​អ្នក​មិន​ធ្វើ​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​ដូច្នេះ កាល​ណា​អ្នក​ចាក​ចេញ​ពី​ខ្ញុំ​ទៅ សត្វ​សិង្ហ​នឹង​សម្លាប់​អ្នក​ជា​មិន​ខាន»។ ពេល​អ្នក​នោះ​ចេញ​ទៅ ជួប​សត្វ​សិង្ហ ហើយ​សិង្ហ​ក៏​សម្លាប់​គាត់។

37. បន្ទាប់​មក ព្យាការី​ជួប​បុរស​ម្នាក់​ទៀត ហើយ​ពោល​ថា៖ «ចូរ​វាយ​ខ្ញុំ​មក!»។ បុរស​នោះ​ក៏​វាយ​គាត់​រហូត​ដល់​ធ្វើ​ឲ្យ​គាត់​មាន​របួស។

38. ព្យាការី​នោះ​ក៏​ក្លែង​ខ្លួន ហើយ​ឃ្លុំ​មុខ​ជិត ដើម្បី​កុំ​ឲ្យ​នរណា​ស្គាល់ រួច​ចេញ​ទៅ​រង់‌ចាំ​ព្រះ‌បាទ​អហាប់​នៅ​តាម​ផ្លូវ។

សូមអានជំពូកពេញលេញ ១ ពង្សា‌វតារ‌ក្សត្រ 20