គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ ពង្សា‌វតារ‌ក្សត្រ 20:17-27 Khmer Standard Version (KHSV)

17. ពួក​សេនា‌ជន​របស់​ចៅហ្វាយ​ខេត្ត​ចេញ​មុន​គេ។ ព្រះ‌បាទ​បេនហា‌ដាដ​ចាត់​គេ​ឲ្យ​ទៅ​មើល​សភាព‌ការណ៍ គេ​ក៏​រាយ‌ការណ៍​ថ្វាយ​ស្ដេច​ថា៖ «មាន​មនុស្ស​ចេញ​ពី​ទីក្រុង​សាម៉ារី»។

18. ស្ដេច​មាន​រាជ‌ឱង្ការ​ថា៖ «ទោះ​បី​ពួក​គេ​ចេញ​មក​សុំ​ចុះ​ចូល​ក្ដី ឬ​ចេញ​មក​ច្បាំង​ក្ដី ត្រូវ​ចាប់​ពួក​គេ​ទាំង​រស់»។

19. សេនា‌ជន​របស់​ចៅហ្វាយ​ខេត្ត នាំ​គ្នា​ចេញ​ពី​ទីក្រុង ហើយ​មាន​កង‌ទ័ព​ចេញ​មក​តាម​ក្រោយ។

20. ពួក​គេ​វាយ​សត្រូវ​រៀងៗ​ខ្លួន ធ្វើ​ឲ្យ​ពួក​ស៊ីរី បាក់​ទ័ព ហើយ​អ៊ីស្រា‌អែល​នាំ​គ្នា​ដេញ​តាម។ រីឯ​ព្រះ‌បាទ​បេនហា‌ដាដ ជា​ស្ដេច​ស្រុក​ស៊ីរី​ជិះ​សេះ​រត់​ទៅ​ជា​មួយ​ពល​ទ័ព​សេះ​ខ្លះ​ទៀត។

21. ស្ដេច​ស្រុក​អ៊ីស្រា‌អែល​ចេញ​មក​វាយ​ពល​ទ័ព​សេះ និង​រទេះ​ចំបាំង ធ្វើ​ឲ្យ​កង‌ទ័ព​ស៊ីរី​បរា‌ជ័យ​យ៉ាង​ធ្ងន់។

22. ពេល​នោះ ព្យាការី​ចូល​ទៅ​គាល់​ស្ដេច​អ៊ីស្រា‌អែល ហើយ​ទូល​ថា៖ «សូម​ព្រះ‌ករុណា​ក្លាហាន​ឡើង ហើយ​សូម​ទ្រង់​ព្រះ‌តម្រិះ​មើល​ថា តើ​ព្រះ‌ករុណា​ត្រូវ​ធ្វើ​យ៉ាង​ណា ដ្បិត​ឆ្នាំ​ក្រោយ​ស្ដេច​ស្រុក​ស៊ីរី​មុខ​ជា​លើក​ទ័ព​មក​ច្បាំង​នឹង​ព្រះ‌ករុណា​ទៀត​មិន​ខាន»។

23. ពួក​មន្ត្រី​របស់​ស្ដេច​ស្រុក​ស៊ីរី​ទូល​ស្ដេច​ថា៖ «ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​ជា​ព្រះ​នៃ​តំបន់​ភ្នំ ហេតុ​នេះ​ហើយ​បាន​ជា​ពួក​គេ​ខ្លាំង​ពូកែ​ជាង​ពួក​យើង។ ប៉ុន្តែ ប្រសិន​បើ​យើង​វាយ​លុក​ពួក​គេ​នៅ​តំបន់​វាល​ទំនាប​វិញ នោះ​យើង​មុខ​ជា​មាន​ប្រៀប​លើ​ពួក​គេ​មិន​ខាន។

24. សូម​ព្រះ‌ករុណា​ធ្វើ​ដូច​ត​ទៅ គឺ​ដក​ស្ដេច​សម្ពន្ធ​មិត្ត​ទាំង​អស់​ចេញ​ពី​មុខ​តំណែង ហើយ​តែង‌តាំង​ចៅហ្វាយ​ខេត្ត​ជំនួស​វិញ។

25. រីឯ​ព្រះ‌ករុណា​វិញ សូម​ប្រមូល​ទ័ព​ឲ្យ​បាន​ច្រើន ស្មើ​នឹង​ចំនួន​ទ័ព​ដែល​ព្រះ‌ករុណា​បាន​បាត់​បង់ គឺ​មាន​ពល​ទ័ព​សេះ និង​រទេះ​ចំបាំង​ស្មើ​នឹង​ទ័ព​លើក​មុន​ដែរ។ បន្ទាប់​មក យើង​ចេញ​ទៅ​វាយ​លុក​ពួក​គេ​នៅ​តំបន់​វាល​ទំនាប នោះ​យើង​មុខ​ជា​មាន​ប្រៀប​លើ​ពួក​គេ​មិន​ខាន»។ ស្ដេច​ក៏​យល់​ព្រម​ធ្វើ​តាម​យោបល់​របស់​មន្ត្រី​ទាំង​នោះ។

26. មួយ​ឆ្នាំ​ក្រោយ​មក ព្រះ‌បាទ​បេនហា‌ដាដ​យាង​ត្រួត​ពល​ទាហាន​ស៊ីរី ហើយ​លើក​ទ័ព​ឆ្ពោះ​ទៅ​ក្រុង​អាផែក ដើម្បី​ច្បាំង​នឹង​អ៊ីស្រា‌អែល។

27. ព្រះ‌បាទ​អហាប់​យាង​ត្រួត​ពល​ទ័ព​អ៊ីស្រា‌អែល ហើយ​ចែក​ស្បៀង​អាហារ​ឲ្យ រួច​លើក​ទ័ព​ចេញ​ទៅ​ច្បាំង​នឹង​កង‌ទ័ព​ស៊ីរី។ កង‌ទ័ព​អ៊ីស្រា‌អែល​បោះ​ជំរំ​ទល់​មុខ​នឹង​កង‌ទ័ព​ស៊ីរី។ កង‌ទ័ព​អ៊ីស្រា‌អែល​ប្រៀប​បាន​នឹង​ពពែ​ពីរ​ហ្វូង​តូចៗ រីឯ​កង‌ទ័ព​ស៊ីរី​វិញ ស្ថិត​នៅ​ពាស‌ពេញ​តំបន់​នោះ។

សូមអានជំពូកពេញលេញ ១ ពង្សា‌វតារ‌ក្សត្រ 20