14. ព្រះបាទអហាប់សួរថា៖ «តើព្រះអង្គប្រគល់ពួកគេមកឲ្យខ្ញុំ តាមរយៈនរណា?»។ ព្យាការីទូលស្ដេចថា៖ «ព្រះអម្ចាស់មានព្រះបន្ទូលថា តាមរយៈពួកសេនាជន ដែលចៅហ្វាយខេត្តទាំងប៉ុន្មានជ្រើសរើស»។ ព្រះបាទអហាប់មានរាជឱង្ការទៀតថា៖ «តើនរណានាំទ័ពចេញទៅច្បាំង?»។ ព្យាការីឆ្លើយថា៖ «ព្រះករុណា!»។
15. ព្រះបាទអហាប់យាងត្រួតពលសេនាជនរបស់ពួកចៅហ្វាយខេត្ត ឃើញមានចំនួនពីររយសាមសិបពីរនាក់។ បន្ទាប់មក ស្ដេចត្រួតពលទ័ពអ៊ីស្រាអែល ឃើញមានចំនួនទាំងអស់ប្រាំពីរពាន់នាក់។
16. អ៊ីស្រាអែលលើកទ័ពចេញទៅ នៅពេលថ្ងៃត្រង់។ ពេលនោះ ព្រះបាទបេនហាដាដកំពុងសោយសុរាស្រវឹង ជាមួយស្ដេចសម្ពន្ធមិត្តទាំងសាមសិបពីរអង្គទៀត នៅក្នុងពន្លា។
17. ពួកសេនាជនរបស់ចៅហ្វាយខេត្តចេញមុនគេ។ ព្រះបាទបេនហាដាដចាត់គេឲ្យទៅមើលសភាពការណ៍ គេក៏រាយការណ៍ថ្វាយស្ដេចថា៖ «មានមនុស្សចេញពីទីក្រុងសាម៉ារី»។
18. ស្ដេចមានរាជឱង្ការថា៖ «ទោះបីពួកគេចេញមកសុំចុះចូលក្ដី ឬចេញមកច្បាំងក្ដី ត្រូវចាប់ពួកគេទាំងរស់»។
19. សេនាជនរបស់ចៅហ្វាយខេត្ត នាំគ្នាចេញពីទីក្រុង ហើយមានកងទ័ពចេញមកតាមក្រោយ។
20. ពួកគេវាយសត្រូវរៀងៗខ្លួន ធ្វើឲ្យពួកស៊ីរី បាក់ទ័ព ហើយអ៊ីស្រាអែលនាំគ្នាដេញតាម។ រីឯព្រះបាទបេនហាដាដ ជាស្ដេចស្រុកស៊ីរីជិះសេះរត់ទៅជាមួយពលទ័ពសេះខ្លះទៀត។
21. ស្ដេចស្រុកអ៊ីស្រាអែលចេញមកវាយពលទ័ពសេះ និងរទេះចំបាំង ធ្វើឲ្យកងទ័ពស៊ីរីបរាជ័យយ៉ាងធ្ងន់។
22. ពេលនោះ ព្យាការីចូលទៅគាល់ស្ដេចអ៊ីស្រាអែល ហើយទូលថា៖ «សូមព្រះករុណាក្លាហានឡើង ហើយសូមទ្រង់ព្រះតម្រិះមើលថា តើព្រះករុណាត្រូវធ្វើយ៉ាងណា ដ្បិតឆ្នាំក្រោយស្ដេចស្រុកស៊ីរីមុខជាលើកទ័ពមកច្បាំងនឹងព្រះករុណាទៀតមិនខាន»។
23. ពួកមន្ត្រីរបស់ស្ដេចស្រុកស៊ីរីទូលស្ដេចថា៖ «ព្រះរបស់ជនជាតិអ៊ីស្រាអែលជាព្រះនៃតំបន់ភ្នំ ហេតុនេះហើយបានជាពួកគេខ្លាំងពូកែជាងពួកយើង។ ប៉ុន្តែ ប្រសិនបើយើងវាយលុកពួកគេនៅតំបន់វាលទំនាបវិញ នោះយើងមុខជាមានប្រៀបលើពួកគេមិនខាន។
24. សូមព្រះករុណាធ្វើដូចតទៅ គឺដកស្ដេចសម្ពន្ធមិត្តទាំងអស់ចេញពីមុខតំណែង ហើយតែងតាំងចៅហ្វាយខេត្តជំនួសវិញ។