7. ចូរប្រព្រឹត្តចំពោះកូនចៅរបស់លោកបាស៊ីឡៃ ជាអ្នកស្រុកកាឡាដ ដោយសប្បុរស ត្រូវឲ្យពួកគេបរិភោគរួមតុជាមួយបុត្រ ដ្បិតនៅគ្រាដែលបិតារត់ភៀសខ្លួនពីអាប់សាឡុម ជាបងរបស់បុត្រ នោះពួកគេបានមកជួយគាំទ្របិតា។
8. ចូរកុំភ្លេចលោកស៊ីម៉ៃ ជាកូនរបស់លោកកេរ៉ា ជាអ្នកភូមិបាហ៊ូរីម ក្នុងទឹកដីបេនយ៉ាមីន គេបានជេរប្រមាថ និងដាក់បណ្ដាសាបិតា នៅពេលបិតាភៀសខ្លួនទៅដល់ម៉ាហាណែម។ ប៉ុន្តែ ពេលបិតាត្រឡប់មកវិញ គេបានមកទទួលបិតានៅមាត់ទន្លេយ័រដាន់។ ពេលនោះ បិតាបានស្បថនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ថា មិនសម្លាប់គេដោយមុខដាវឡើយ។
9. ឥឡូវនេះ កុំលើកលែងទោសឲ្យគេឡើយ។ បុត្រជាមនុស្សមានប្រាជ្ញាឈ្លាសវៃ ដូច្នេះ បុត្រដឹងថាត្រូវធ្វើយ៉ាងដូចម្ដេចចំពោះគេ ទោះបីគេមានវ័យចាស់ជរាក៏ដោយ ក៏ត្រូវប្រហារជីវិតគេដែរ»។
10. ព្រះបាទដាវីឌសោយទិវង្គត ហើយគេបញ្ចុះសពស្ដេចនៅបុរីព្រះបាទដាវីឌ។
11. ព្រះបាទដាវីឌគ្រងរាជ្យលើស្រុកអ៊ីស្រាអែលអស់រយៈពេលសែសិបឆ្នាំ គឺប្រាំពីរឆ្នាំនៅក្រុងហេប្រូន និងសាមសិបបីឆ្នាំនៅក្រុងយេរូសាឡឹម។
12. ព្រះបាទសាឡូម៉ូន ជាបុត្រ ឡើងស្នងរាជ្យព្រះបាទដាវីឌ ហើយរាជ្យរបស់ព្រះបាទសាឡូម៉ូនរឹងមាំណាស់។
13. ថ្ងៃមួយ សម្ដេចអដូនីយ៉ា ជាបុត្ររបស់ព្រះបាទដាវីឌ និងនាងហាគីត យាងទៅជួបនាងបាតសេបា ជាមាតារបស់ព្រះបាទសាឡូម៉ូន។ នាងបាតសេបាសួរសម្ដេចអដូនីយ៉ាថា៖ «តើសម្ដេចយាងមកទីនេះ ក្នុងបំណងល្អឬ?»។ សម្ដេចតបថា៖ «ទូលបង្គំមក ដោយបំណងល្អទេ!»។
14. សម្ដេចអដូនីយ៉ាពោលថា៖ «ទូលបង្គំមានការមួយចង់ទូលថ្វាយ»។ នាងតបថា៖ «សូមមានរាជឱង្ការមកចុះ»។