គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ ពង្សា‌វតារ‌ក្សត្រ 2:22-36 Khmer Standard Version (KHSV)

22. ព្រះ‌បាទ​សាឡូម៉ូន​មាន​រាជ‌ឱង្ការ​ថា៖ «ហេតុ​អ្វី​បាន​ជា​មាតា​មក​សុំ​នាង​អប៊ី‌សាក ជា​អ្នក​ភូមិ​ស៊ូ‌ណែម ឲ្យ​សម្ដេច​អដូ‌នី‌យ៉ា​បែប​នេះ? ម្ដេច​មិន​សុំ​រាជ​សម្បត្តិ​ឲ្យ​សម្ដេច​តែ​ម្ដង​ទៅ ដ្បិត​សម្ដេច​ជា​បង​របស់​ទូលបង្គំ​ស្រាប់! សូម​មាតា​ប្រគល់​រាជ្យ​នេះ​ឲ្យ​សម្ដេច​អដូ‌នី‌យ៉ា និង​លោក​បូជា‌ចារ្យ​អបៀ‌ថើរ ព្រម​ទាំង​លោក​មេ‌ទ័ព​យ៉ូអាប់ ជា​កូន​អ្នក​ស្រី​សេរូយ៉ា​ទៅ!»។

23. ព្រះ‌បាទ​សាឡូម៉ូន​ស្បថ​ក្នុង​នាម​ព្រះ‌អម្ចាស់​ថា៖ «ប្រសិន​បើ​ទូលបង្គំ​មិន​ប្រហារ​ជីវិត​សម្ដេច​អដូ‌នី‌យ៉ា ដែល​ហ៊ាន​ធ្វើ​សំណូម‌ពរ​បែប​នេះ​ទេ សូម​ព្រះ‌ជាម្ចាស់​ដាក់​ទោស​ទូលបង្គំ យ៉ាង​ធ្ងន់​ចុះ!

24. ទូលបង្គំ​សូម​ស្បថ​ក្នុង​នាម​ព្រះ‌អម្ចាស់​ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ ហើយ​ដែល​បាន​ឲ្យ​ទូលបង្គំ​ឡើង​គ្រង​រាជ្យ លើ​បល្ល័ង្ក​របស់​ព្រះ‌បាទ​ដាវីឌ​ជា​បិតា ព្រម​ទាំង​សន្យា​ប្រទាន​សន្តតិ‌វង្ស​មួយ​មក​ទូលបង្គំ​ថា នៅ​ថ្ងៃ​នេះ សម្ដេច​អដូ‌នី‌យ៉ា​ត្រូវ​តែ​ទទួល​ទោស​ដល់​ជីវិត!»។

25. ព្រះ‌បាទ​សាឡូម៉ូន ចាត់​លោក​បេ‌ណា‌យ៉ា ជា​កូន​របស់​លោក​យេហូ‌យ៉ាដា ឲ្យ​ទៅ​ប្រហារ​ជីវិត​សម្ដេច​អដូ‌នី‌យ៉ា។ សម្ដេច​អដូ‌នី‌យ៉ា​ក៏​សោយ​ទិវង្គត​ទៅ។

26. បន្ទាប់​មក ព្រះ‌រាជា​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​បូជា‌ចារ្យ​អបៀ‌ថើរ​ថា៖ «ចូរ​វិល​ត្រឡប់​ទៅ​កាន់​ភូមិ​ស្រុក​របស់​លោក នៅ​អាណា‌ថោត​វិញ​ចុះ។ លោក​គួរ​តែ​ស្លាប់ ប៉ុន្តែ យើង​មិន​ចង់​សម្លាប់​លោក​ក្នុង​ថ្ងៃ​នេះ​ទេ ព្រោះ​លោក​ធ្លាប់​សែង​ហិប​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌ជា‌អម្ចាស់ ដើរ​ពី​មុខ​ព្រះ‌បាទ​ដាវីឌ ជា​បិតា​របស់​យើង ហើយ​លោក​ក៏​ធ្លាប់​រួម​សុខ​ទុក្ខ​ជា​មួយ​បិតា​របស់​យើង ក្នុង​ពេល​លំបាក​វេទនា​ដែរ»។

27. ព្រះ‌បាទ​សាឡូម៉ូន​បណ្ដេញ​លោក​អបៀ‌ថើរ​ចេញ​ពី​តំណែង​ជា​បូជា‌ចារ្យ​របស់​ព្រះ‌អម្ចាស់ ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​បាន​ថ្លែង​ទុក ស្ដី​អំពី​ក្រុម​គ្រួសារ​របស់​លោក​អេលី នៅ​ស៊ីឡូ។

28. ពេល​លោក​យ៉ូអាប់​ជ្រាប​ដំណឹង​នេះ លោក​រត់​គេច​ខ្លួន​ទៅ​ពន្លា​របស់​ព្រះ‌អម្ចាស់ ហើយ​តោង​ស្នែង​អាសនៈ។ ទោះ​បី​លោក​មិន​បាន​ចូល​រួម​ក្បត់​ជា​មួយ​សម្ដេច​អាប់‌សា‌ឡុម​ពី​មុន​មែន តែ​ពេល​នេះ លោក​បាន​ចូល​ដៃ​ជា​មួយ​សម្ដេច​អដូ‌នី‌យ៉ា។

29. មាន​គេ​នាំ​ដំណឹង​ទៅ​ទូល​ព្រះ‌បាទ​សាឡូម៉ូន​ថា លោក​យ៉ូអាប់​រត់​គេច​ខ្លួន​ទៅ​ពន្លា​របស់​ព្រះ‌អម្ចាស់ ហើយ​ជ្រក​នៅ​ក្បែរ​អាសនៈ។ ពេល​នោះ ព្រះ‌បាទ​សាឡូម៉ូន​ចាត់​លោក​បេណា‌យ៉ា ជា​កូន​របស់​លោក​យេហូ‌យ៉ាដា ដោយ​មាន​រាជ‌ឱង្ការ​ថា៖ «ចូរ​ទៅ​ប្រហារ​លោក​យ៉ូអាប់​ទៅ!»។

30. លោក​បេណា‌យ៉ា​ទៅ​ដល់​ពន្លា​របស់​ព្រះ‌អម្ចាស់ ហើយ​ពោល​ទៅ​កាន់​លោក​យ៉ូអាប់​ថា៖ «ព្រះ‌រាជា​បញ្ជា​ឲ្យ​លោក​ចេញ​ពី​ទី​នេះ»។ លោក​យ៉ូអាប់​ឆ្លើយ​ថា៖ «ទេ! ខ្ញុំ​ចង់​ស្លាប់​នៅ​ទី​នេះ»។ លោក​បេណា‌យ៉ា​ត្រឡប់​ទៅ​ដំណាក់​ស្ដេច​វិញ ហើយ​ទូល​ស្ដេច​តាម​ពាក្យ​ដែល​លោក​យ៉ូអាប់​ប្រាប់។

31. ព្រះ‌រាជា​មាន​រាជ‌ឱង្ការ​ថា៖ «ចូរ​ធ្វើ​តាម​ពាក្យ​គាត់ គឺ​សម្លាប់​គាត់​នៅ​នឹង​កន្លែង ហើយ​បញ្ចុះ​សព​នៅ​ទី​នោះ​ទៅ។ ដូច្នេះ លោក​ធ្វើ​ឲ្យ​យើង និង​រាជ‌វង្ស​របស់​យើង រួច​ផុត​ពី​ទោសពៃរ៍​ចំពោះ​ឃាត‌កម្ម ដែល​លោក​យ៉ូអាប់​ប្រព្រឹត្ត​ទៅ​លើ​ជន​ស្លូត​ត្រង់។

32. ព្រះ‌អម្ចាស់​ធ្វើ​ឲ្យ​បំណុល​ឈាម​នេះ​ធ្លាក់​ទៅ​លើ​លោក​យ៉ូអាប់ ព្រោះ​គាត់​បាន​ប្រហារ​ជីវិត​មនុស្ស​សុចរិត​ពីរ​នាក់​ដែល​ល្អ​ជាង​គាត់ ដោយ​មិន​ឲ្យ​ព្រះ‌បាទ​ដាវីឌ​ជា​បិតា​របស់​យើង​ជ្រាប គឺ​គាត់​បាន​សម្លាប់​លោក​អប៊ី‌នើរ ជា​កូន​របស់​លោក​នើរ ជា​មេ‌ទ័ព​អ៊ីស្រា‌អែល និង​លោក​អម៉ា‌សា ជា​កូន​របស់​លោក​យេធើរ​ជា​មេ‌ទ័ព​យូដា ដោយ​មុខ​ដាវ។

33. បំណុល​ឈាម​នេះ នឹង​ធ្លាក់​ទៅ​លើ​លោក​យ៉ូអាប់ និង​ពូជ‌ពង្ស​របស់​គាត់​រហូត​ត​ទៅ។ ប៉ុន្តែ ព្រះ‌អម្ចាស់​ប្រោស​ប្រទាន​ឲ្យ​រាជ‌វង្ស សន្តតិ‌វង្ស និង​រាជ​សម្បត្តិ​របស់​ព្រះ‌បាទ​ដាវីឌ បាន​ប្រកប​ដោយ​សេចក្ដី​សុខ‌សាន្ត​រហូត​ត​ទៅ»។

34. លោក​បេណា‌យ៉ា ជា​កូន​របស់​លោក​យេហូ‌យ៉ាដា ក៏​ទៅ​សម្លាប់​លោក​យ៉ូអាប់ ហើយ​បញ្ចុះ​សព​ក្នុង​ដី​ភូមិ​ដែល​ជា​កម្មសិទ្ធិ​របស់​លោក​យ៉ូអាប់​នៅ​វាល​រហោ‌ស្ថាន។

35. ព្រះ‌រាជា​តែង‌តាំង​លោក​បេណា‌យ៉ា ជា​មេ‌ទ័ព​ជំនួស​លោក​យ៉ូអាប់ ហើយ​តែង‌តាំង​លោក​សាដុក​ជា​បូជា‌ចារ្យ ជំនួស​លោក​អបៀ‌ថើរ។

36. ព្រះ‌បាទ​សាឡូម៉ូន​ចាត់​គេ​ឲ្យ​ទៅ​ហៅ​លោក​ស៊ី‌ម៉ៃ​មក ហើយ​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​ថា៖ «លោក​ត្រូវ​សង់​ផ្ទះ​មួយ នៅ​ក្រុង​យេរូ‌សាឡឹម ហើយ​រស់​នៅ​ក្នុង​ផ្ទះ​នោះ តែ​មិន​ត្រូវ​ចេញ​ពី​ក្រុង​ឡើយ។

សូមអានជំពូកពេញលេញ ១ ពង្សា‌វតារ‌ក្សត្រ 2