គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ ពង្សា‌វតារ‌ក្សត្រ 2:12-22 Khmer Standard Version (KHSV)

12. ព្រះ‌បាទ​សាឡូម៉ូន ជា​បុត្រ ឡើង​ស្នង​រាជ្យ​ព្រះ‌បាទ​ដាវីឌ ហើយ​រាជ្យ​របស់​ព្រះ‌បាទ​សាឡូម៉ូន​រឹង‌មាំ​ណាស់។

13. ថ្ងៃ​មួយ សម្ដេច​អដូ‌នី‌យ៉ា ជា​បុត្រ​របស់​ព្រះ‌បាទ​ដាវីឌ និង​នាង​ហាគីត យាង​ទៅ​ជួប​នាង​បាត‌សេ‌បា ជា​មាតា​របស់​ព្រះ‌បាទ​សាឡូម៉ូន។ នាង​បាត‌សេ‌បា​សួរ​សម្ដេច​អដូ‌នី‌យ៉ា​ថា៖ «តើ​សម្ដេច​យាង​មក​ទី​នេះ ក្នុង​បំណង​ល្អ​ឬ?»។ សម្ដេច​តប​ថា៖ «ទូលបង្គំ​មក ដោយ​បំណង​ល្អ​ទេ!»។

14. សម្ដេច​អដូ‌នី‌យ៉ា​ពោល​ថា៖ «ទូលបង្គំ​មាន​ការ​មួយ​ចង់​ទូល​ថ្វាយ»។ នាង​តប​ថា៖ «សូម​មាន​រាជ‌ឱង្ការ​មក​ចុះ»។

15. សម្ដេច​អដូ‌នី‌យ៉ា​ឆ្លើយ​ដូច​ត​ទៅ៖ «សម្ដេច​មាតា​ជ្រាប​ហើយ​ថា រាជ‌សម្បត្តិ​ត្រូវ​បាន​មក​ទូលបង្គំ ហើយ​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល​សង្ឃឹម​ថា ទូលបង្គំ​នឹង​ឡើង​គ្រង​រាជ្យ។ ប៉ុន្តែ រាជ‌សម្បត្តិ​បែរ​ជា​បាន​ទៅ​ព្រះ‌បាទ​សាឡូម៉ូន ជា​អនុជ​របស់​ទូលបង្គំ​ទៅ​វិញ ដ្បិត​ព្រះ‌អម្ចាស់​សព្វ​ព្រះ‌ហឫទ័យ​ដូច្នេះ។

16. ឥឡូវ​នេះ ទូលបង្គំ​មាន​ការ​មួយ​ចង់​ទូល​ថ្វាយ សូម​កុំ​បដិសេធ​ឡើយ»។ នាង​ពោល​ថា៖ «សូម​មាន​រាជ‌ឱង្ការ​មក​ចុះ»។

17. សម្ដេច​អដូ‌នី‌យ៉ា​ទូល​ថា៖ «សូម​សម្ដេច​មាតា​ទូល​ព្រះ‌បាទ​សាឡូម៉ូន សុំ​នាង​អប៊ី‌សាក ជា​អ្នក​ភូមិ​ស៊ូ‌ណែម ឲ្យ​មក​ធ្វើ​ជា​មហេសី​ផង ដ្បិត​ព្រះ‌រាជា​មិន​បដិសេធ​នឹង​សំណូម‌ពរ​របស់​សម្ដេច​មាតា​ទេ»។

18. នាង​បាត‌សេ‌បា​ឆ្លើយ​ថា៖ «មាតា​នឹង​ទៅ​ទូល​ព្រះ‌រាជា​ឲ្យ»។

19. នាង​បាត‌សេ‌បា​ក៏​ចូល​ទៅ​គាល់​ព្រះ‌បាទ​សាឡូម៉ូន ដើម្បី​ទូល​ថ្វាយ​ពី​សំណូម‌ពរ​របស់​សម្ដេច​អដូ‌នី‌យ៉ា។ ព្រះ‌រាជា​យាង​ចុះ​ពី​បល្ល័ង្ក មក​រក​នាង ហើយ​ថ្វាយ‌បង្គំ។ បន្ទាប់​មក ព្រះ‌រាជា​គង់​លើ​បល្ល័ង្ក​វិញ ហើយ​បញ្ជា​ឲ្យ​គេ​ដាក់​បល្ល័ង្ក​មួយ​ថ្វាយ​មាតា នៅ​ខាង​ស្ដាំ។

20. នាង​បាត‌សេ‌បា​ទូល​ព្រះ‌រាជា​ថា៖ «មាតា​មាន​សំណូម‌ពរ​ដ៏​តូច​មួយ​ចំពោះ​បុត្រ សូម​បុត្រ​កុំ​បដិសេធ​ឡើយ!»។ ស្ដេច​មាន​រាជ‌ឱង្ការ​ថា៖ «សូម​មាតា​មាន​សវនីយ៍​មក​ចុះ បុត្រ​មិន​បដិសេធ​ទេ»។

21. នាង​ពោល​ថា៖ «សូម​បុត្រ​ប្រគល់​នាង​អប៊ី‌សាក ជា​អ្នក​ភូមិ​ស៊ូ‌ណែម ឲ្យ​សម្ដេច​អដូ‌នី‌យ៉ា​បង​របស់​បុត្រ ធ្វើ​ជា​មហេសី»។

22. ព្រះ‌បាទ​សាឡូម៉ូន​មាន​រាជ‌ឱង្ការ​ថា៖ «ហេតុ​អ្វី​បាន​ជា​មាតា​មក​សុំ​នាង​អប៊ី‌សាក ជា​អ្នក​ភូមិ​ស៊ូ‌ណែម ឲ្យ​សម្ដេច​អដូ‌នី‌យ៉ា​បែប​នេះ? ម្ដេច​មិន​សុំ​រាជ​សម្បត្តិ​ឲ្យ​សម្ដេច​តែ​ម្ដង​ទៅ ដ្បិត​សម្ដេច​ជា​បង​របស់​ទូលបង្គំ​ស្រាប់! សូម​មាតា​ប្រគល់​រាជ្យ​នេះ​ឲ្យ​សម្ដេច​អដូ‌នី‌យ៉ា និង​លោក​បូជា‌ចារ្យ​អបៀ‌ថើរ ព្រម​ទាំង​លោក​មេ‌ទ័ព​យ៉ូអាប់ ជា​កូន​អ្នក​ស្រី​សេរូយ៉ា​ទៅ!»។

សូមអានជំពូកពេញលេញ ១ ពង្សា‌វតារ‌ក្សត្រ 2