12. ក្រោយពីរញ្ជួយដី មានភ្លើង ប៉ុន្តែ ព្រះអម្ចាស់មិនគង់នៅក្នុងភ្លើងនោះទេ។ បន្ទាប់ពីភ្លើង មានឮសូរសំឡេងស្រាលៗយ៉ាងស្រទន់។
13. កាលព្យាការីអេលីយ៉ាឮសំឡេងនោះ លោកយកអាវធំមកគ្របមុខ ហើយចេញទៅឈរនៅមាត់គុហា។ លោកឮព្រះសូរសៀងថា៖ «អេលីយ៉ាអើយ អ្នកមកទីនេះធ្វើអ្វី?»។
14. លោកទូលថា៖ «បពិត្រព្រះអម្ចាស់ ជាព្រះនៃពិភពទាំងមូល! ទូលបង្គំស្រឡាញ់ព្រះអង្គខ្លាំងណាស់។ រីឯជនជាតិអ៊ីស្រាអែលផ្ដាច់សម្ពន្ធមេត្រីរបស់ព្រះអង្គ ពួកគេរំលំអាសនៈរបស់ព្រះអង្គ និងសម្លាប់ព្យាការីទាំងអស់របស់ព្រះអង្គ ដោយមុខដាវ គឺនៅសល់តែទូលបង្គំម្នាក់ប៉ុណ្ណោះ ហើយពួកគេក៏តាមប្រហារជីវិតទូលបង្គំទៀត»។
15. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកថា៖ «ចូរធ្វើដំណើរកាត់វាលរហោស្ថាន ឆ្ពោះទៅកាន់ក្រុងដាម៉ាសចុះ! កាលទៅដល់ហើយ ត្រូវចាក់ប្រេងអភិសេកហាសែលឲ្យធ្វើជាស្ដេចលើស្រុកស៊ីរី។
16. បន្ទាប់មក ត្រូវចាក់ប្រេងអភិសេកយេហ៊ូវ ជាកូនរបស់នឹមស៊ី ឲ្យធ្វើជាស្ដេចលើស្រុកអ៊ីស្រាអែល រួចចាក់ប្រេងតែងតាំងអេលីសេ ជាកូនរបស់សាផាត នៅអេបិល-មហូឡា ឲ្យធ្វើជាព្យាការីជំនួសអ្នក។
17. ពេលនោះ នរណាគេចផុតពីមុខដាវរបស់ហាសែល នឹងត្រូវយេហ៊ូវសម្លាប់ ហើយនរណាគេចផុតពីមុខដាវរបស់យេហ៊ូវ នឹងត្រូវអេលីសេសម្លាប់។
18. ប៉ុន្តែ យើងនឹងទុកជីវិតមនុស្សប្រាំពីរពាន់នាក់ នៅស្រុកអ៊ីស្រាអែល គឺអស់អ្នកដែលពុំបានលុតជង្គង់ថ្វាយបង្គំព្រះបាល ហើយមិនបានថើបព្រះនេះទេ»។
19. លោកអេលីយ៉ាចាកចេញពីទីនោះទៅ ជួបនឹងលោកអេលីសេ ជាកូនរបស់លោកសាផាត កំពុងតែភ្ជួរស្រែ។ មានអ្នកភ្ជួរទាំងអស់ដប់ពីរនាក់ លោកអេលីសេភ្ជួរក្រោយគេបង្អស់។ លោកអេលីយ៉ាចូលទៅជិតគាត់ រួចដោះអាវធំរបស់លោកបោះទៅលើគាត់។
20. លោកអេលីសេទុកគោចោល ហើយរត់ទៅតាមលោកអេលីយ៉ាជម្រាបថា៖ «សូមអនុញ្ញាតឲ្យខ្ញុំប្របាទទៅលាឪពុកម្ដាយរបស់ខ្ញុំប្របាទសិន រួចខ្ញុំប្របាទនឹងទៅតាមលោក»។ លោកអេលីយ៉ាឆ្លើយថា៖ «ទៅវិញចុះ ខ្ញុំមិនឃាត់អ្នកទេ!»។
21. លោកអេលីសេចាកចេញពីលោកអេលីយ៉ា ត្រឡប់មកកន្លែងភ្ជួរវិញ។ គាត់យកគោទាំងពីរក្បាលទៅសម្លាប់ធ្វើជាយញ្ញបូជា យកនង្គ័លធ្វើជាអុសដុតចំអិនសាច់ ចែកអស់អ្នកដែលនៅទីនោះបរិភោគ។ បន្ទាប់មក គាត់ក្រោកឡើង ដើរតាមលោកអេលីយ៉ា ហើយនៅបម្រើលោក។