គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ ពង្សា‌វតារ‌ក្សត្រ 18:9-26 Khmer Standard Version (KHSV)

9. លោក​អូបា‌ឌា​ពោល​ថា៖ «តើ​ខ្ញុំ​ប្របាទ​ប្រព្រឹត្ត​អ្វី​ខុស បាន​ជា​លោក​ប្រគល់​ខ្ញុំ​ប្របាទ ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ព្រះ‌បាទ​អហាប់ ដើម្បី​ឲ្យ​ស្ដេច​សម្លាប់​ខ្ញុំ​ប្របាទ​ដូច្នេះ?

10. ខ្ញុំ​ប្របាទ​សូម​ជម្រាប​លោក ក្នុង​នាម​ព្រះ‌អម្ចាស់​ដែល​មាន​ព្រះ​ជន្ម​គង់​នៅ ជា​ព្រះ​របស់​លោក​ថា: ព្រះ‌រាជា​ចាត់​គេ​ឲ្យ​ទៅ​តាម​រក​លោក នៅ​គ្រប់​ប្រជា‌ជាតិ និង​គ្រប់​នគរ។ កាល​មាន​គេ​ឆ្លើយ​ថា លោក​មិន​នៅ​ទី​នោះ​ទេ ស្ដេច​តែងតែ​ឲ្យ​នគរ ឬ​ប្រជា‌ជាតិ​នោះ​ស្បថ​ថា គេ​មិន​បាន​ឃើញ​លោក​មែន។

11. ឥឡូវ​នេះ លោក​ប្រើ​ខ្ញុំ​ប្របាទ​ឲ្យ​ទៅ​ទូល​ព្រះ‌រាជា​ថា លោក​អញ្ជើញ​មក​ហើយ!

12. ប៉ុន្តែ ក្នុង​ពេល​ខ្ញុំ​ប្របាទ​ចេញ​ទៅ​នោះ ប្រសិន​បើ​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌អម្ចាស់​មក​លើក​លោក​យក​ទៅ​កន្លែង​មួយ ដែល​ខ្ញុំ​ប្របាទ​មិន​ដឹង ហើយ​បើ​ព្រះ‌បាទ​អហាប់​រក​លោក​ពុំ​ឃើញ ដូច​ខ្ញុំ​ប្របាទ​រាយ‌ការណ៍​ថ្វាយ​ទេ នោះ​ស្ដេច​មុខ​ជា​សម្លាប់​ខ្ញុំ​ប្របាទ​ពុំ‌ខាន ថ្វី‌ដ្បិត​តែ​ខ្ញុំ​ប្របាទ​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់ តាំង​ពី​ក្មេង​មក​ក៏​ដោយ។

13. គ្មាន​នរណា​ជម្រាប​លោក​ម្ចាស់​ពី​កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​ប្របាទ​បាន​ធ្វើ​ទេ​ឬ? ពេល​ម្ចាស់​ក្សត្រី​យេសិ‌បិល​សម្លាប់​ពួក​ព្យាការី​របស់​ព្រះ‌អម្ចាស់ ខ្ញុំ​ប្របាទ​បាន​នាំ​ព្យាការី​មួយ​រយ​នាក់​ទៅ​ពួន​ក្នុង​រអាង​ភ្នំ។ ពួក​គេ​មាន​ពីរ​ក្រុម ក្នុង​មួយ​ក្រុម​មាន​ហា‌សិប​នាក់ ហើយ​ខ្ញុំ​ប្របាទ​បាន​ផ្គត់‌ផ្គង់​ស្បៀង​អាហារ និង​ទឹក​ដល់​ពួក​គេ​ផង។

14. ឥឡូវ​នេះ បើ​លោក​ប្រើ​ខ្ញុំ​ប្របាទ​ឲ្យ​ទៅ​ទូល​ព្រះ‌រាជា​ថា លោក​អញ្ជើញ​មក​ហើយ នោះ​ស្ដេច​មុខ​ជា​សម្លាប់​ខ្ញុំ​ប្របាទ​ពុំ‌ខាន!»។

15. លោក​អេលីយ៉ា​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​សូម​ជម្រាប​លោក ក្នុង​នាម​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ និង​ជា​ព្រះ​ដែល​ខ្ញុំ​គោរព​បម្រើ​ថា ថ្ងៃ​នេះ ខ្ញុំ​នឹង​ជួប​ព្រះ‌បាទ​អហាប់»។

16. លោក​អូបា‌ឌា​ចូល​ទៅ​គាល់​ព្រះ‌បាទ​អហាប់ ហើយ​រាយ‌ការណ៍​ថ្វាយ​ស្ដេច។ ព្រះ‌បាទ​អហាប់​ក៏​យាង​ទៅ​ជួប​លោក​អេលីយ៉ា។

17. កាល​ស្ដេច​ឃើញ​លោក​អេលីយ៉ា​ហើយ ទ្រង់​ក៏​មាន​រាជ‌ឱង្ការ​ថា៖ «គឺ​លោក​ហ្នឹង​ហើយ​ដែល​នាំ​ឲ្យ​អ៊ីស្រា‌អែល​រង​គ្រោះ!»។

18. លោក​អេលីយ៉ា​តប​ថា៖ «ទូលបង្គំ​មិន​បាន​នាំ​ឲ្យ​អ៊ីស្រា‌អែល​រង​គ្រោះ​ឡើយ គឺ​ព្រះ‌ករុណា និង​រាជ‌វង្ស​វិញ​ទេ​តើ ដែល​បង្ក​ឲ្យ​មាន​គ្រោះ​កាច​នេះ ព្រោះ​ព្រះ‌ករុណា​បោះ​បង់​ចោល​បទ‌បញ្ជា​របស់​ព្រះ‌អម្ចាស់​ទៅ​គោរព​បម្រើ​ព្រះ​បាល។

19. ឥឡូវ​នេះ សូម​ប្រមូល​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល ឲ្យ​មក​ជួប​ទូលបង្គំ​នៅ​លើ​ភ្នំ​កើមែល ហើយ​ឲ្យ​ព្យាការី​របស់​ព្រះ​បាល​ទាំង​បួន​រយ​ហា‌សិប​នាក់ និង​ព្យាការី​របស់​ព្រះ‌អា‌សេ‌រ៉ា​ទាំង​បួន​រយ​នាក់ ដែល​បរិភោគ​រួម​តុ​នឹង​ម្ចាស់​ក្សត្រី​យេសិ‌បិល មក​ជា​មួយ​ដែរ»។

20. ព្រះ‌បាទ​អហាប់​បាន​ចាត់​គេ​ឲ្យ​កោះ​ហៅ​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល ព្រម​ទាំង​ប្រមូល​ពួក​ព្យាការី​របស់​ព្រះ​បាល ឲ្យ​មក​ជួប‌ជុំ​គ្នា​នៅ​លើ​ភ្នំ​កើមែល។

21. លោក​អេលីយ៉ា​ចូល​ទៅ​ជិត​ប្រជា‌ជន​ទាំង​មូល រួច​មាន​ប្រសាសន៍​ថា៖ «តើ​អ្នក​រាល់​គ្នា​នៅ​ស្ទាក់​ស្ទើរ​ដល់​កាល​ណា​ទៀត? ប្រសិន​បើ​ព្រះ‌អម្ចាស់​ជា​ព្រះ​ពិត​ប្រាកដ​មែន ចូរ​គោរព​បម្រើ​ព្រះ‌អង្គ​ចុះ ហើយ​ប្រសិន​បើ​ព្រះ​បាល​ជា​ព្រះ​វិញ ចូរ​គោរព​ព្រះ​បាល​ទៅ!»។ ពេល​នោះ ប្រជា‌ជន​ពុំ​បាន​ឆ្លើយ​តប​អ្វី​ឡើយ។

22. លោក​អេលីយ៉ា​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជា‌ជន​ទៀត​ថា៖ «ក្នុង​ចំណោម​ព្យាការី​របស់​ព្រះ‌អម្ចាស់ នៅ​សល់​តែ​ខ្ញុំ​ម្នាក់​គត់ រីឯ​ព្យាការី​របស់​ព្រះ​បាល​វិញ មាន​ដល់​ទៅ​បួន‌រយ​ហា‌សិប​នាក់។

23. ចូរ​យក​គោ​បា​ពីរ​ក្បាល​មក ហើយ​សូម​អស់​លោក​ព្យាការី​ជ្រើស​រើស​យក​គោ​មួយ​ក្បាល រួច​កាប់​ជា​ដុំៗ ដាក់​លើ​គំនរ​អុស តែ​មិន​បង្កាត់​ភ្លើង​ទេ។ រីឯ​ខ្ញុំ​វិញ ខ្ញុំ​នឹង​រៀបចំ​គោ​មួយ​ក្បាល​ទៀត ដាក់​លើ​គំនរ​អុស តែ​មិន​បង្កាត់​ភ្លើង​ទេ។

24. បន្ទាប់​មក ចូរ​អង្វរ​រក​ព្រះ‌នាម​នៃ​ព្រះ​របស់​អ្នក​រាល់​គ្នា រីឯ​ខ្ញុំ​វិញ ខ្ញុំ​អង្វរ​រក​ព្រះ‌នាម​ព្រះ‌អម្ចាស់​ដែរ។ ព្រះ​ណា​ឆ្លើយ​តប ដោយ​ធ្វើ​ឲ្យ​មាន​ភ្លើង​ឆេះ គឺ​ព្រះ​នោះ​ហើយ​ដែល​ជា​ព្រះ​ដ៏​ពិត​ប្រាកដ»។ ប្រជា‌ជន​ទាំង​មូល​ឆ្លើយ​ថា៖ «យល់​ព្រម»។

25. លោក​អេលីយ៉ា​មាន​ប្រសាសន៍​ទៅ​កាន់​ពួក​ព្យាការី​របស់​ព្រះ​បាល​ថា៖ «ចូរ​ជ្រើស​រើស​យក​គោ​បា​មួយ​ក្បាល​សម្រាប់​អស់​លោក ហើយ​ចាប់​ផ្ដើម​មុន​ចុះ ដ្បិត​អស់​លោក​មាន​គ្នា​ច្រើន។ ចូរ​អង្វរ​រក​ព្រះ‌នាម​នៃ​ព្រះ​របស់​អស់​លោក ប៉ុន្តែ កុំ​បង្កាត់​ភ្លើង​ឡើយ»។

26. ពួក​គេ​យក​គោ​បា​មួយ​ក្បាល​មក​រៀប‌ចំ រួច​ចាប់​ផ្ដើម​អង្វរ​រក​ព្រះ‌នាម​របស់​ព្រះ​បាល តាំង​ពី​ព្រលឹម​រហូត​ដល់​ថ្ងៃ​ត្រង់ ដោយ​ពោល​ថា៖ «ឱ​ព្រះ​បាល​អើយ សូម​មេត្តា​ឆ្លើយ​តប​មក​យើង​ខ្ញុំ​ផង!»។ ប៉ុន្តែ គ្មាន​ឮ​សូរ​សំឡេង ឬ​ចម្លើយ​អ្វី​សោះ។ ពួក​គេ​រាំ​ជុំ‌វិញ​អាសនៈ​ដែល​ពួក​គេ​បាន​សង់។

សូមអានជំពូកពេញលេញ ១ ពង្សា‌វតារ‌ក្សត្រ 18