គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ ពង្សា‌វតារ‌ក្សត្រ 18:35-45 Khmer Standard Version (KHSV)

35. ទឹក​ហូរ​ជុំ‌វិញ​អាសនៈ ហើយ​ចង្អូរ​ក៏​មាន​ទឹក​ពេញ​ដែរ។

36. លុះ​ដល់​ពេល​ថ្វាយ​សក្ការៈ‌បូជា​វេលា​ល្ងាច លោក​អេលីយ៉ា​ចូល​មក​ជិត​អាសនៈ ហើយ​ទូល​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​លោក​អប្រាហាំ លោក​អ៊ីសាក និង​លោក​អ៊ីស្រា‌អែល នៅ​ថ្ងៃ​នេះ សូម​បង្ហាញ​ឲ្យ​ប្រជា‌ជន​ដឹង​ថា ព្រះ‌អង្គ​ពិត​ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល ហើយ​ទូលបង្គំ​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ។ សូម​ឲ្យ​ពួក​គេ​ឃើញ​ថា ទូលបង្គំ​ធ្វើ​ការ​ទាំង​នេះ​តាម​បញ្ជា​របស់​ព្រះ‌អង្គ។

37. ព្រះ‌អម្ចាស់​អើយ សូម​មេត្តា​ឆ្លើយ​តប​មក​ទូលបង្គំ​ផង ដើម្បី​ឲ្យ​ប្រជា‌ជន​នេះ​ទទួល​ស្គាល់​ថា ព្រះ‌អង្គ​ពិត​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​ដ៏​ពិត​ប្រាកដ មាន​តែ​ព្រះ‌អង្គ​ទេ ដែល​អាច​នាំ​ចិត្ត​ពួក​គេ​ឲ្យ​វិល​មក​រក​ព្រះ‌អង្គ​វិញ​បាន»។

38. ខណៈ​នោះ ស្រាប់​តែ​ភ្លើង​របស់​ព្រះ‌អម្ចាស់​ធ្លាក់​ចុះ​មក ឆេះ​តង្វាយ​ដុត​ទាំង​មូល ព្រម​ទាំង​អុស ថ្ម ដី និង​ធ្វើ​ឲ្យ​ទឹក​នៅ​ក្នុង​ចង្អូរ​រីង​ស្ងួត​ផង។

39. កាល​ប្រជា‌ជន​ទាំង​មូល​ឃើញ​ដូច្នេះ ក៏​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ អោន​មុខ​ដល់​ដី ហើយ​ពោល​ថា៖ «គឺ​ព្រះ‌អម្ចាស់​ហើយ​ជា​ព្រះ​ដ៏​ពិត​ប្រាកដ!»។

40. លោក​អេលីយ៉ា​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា៖ «ចូរ​នាំ​គ្នា​ចាប់​ព្យាការី​របស់​ព្រះ​បាល កុំ​ឲ្យ​នរណា​ម្នាក់​រត់​រួច​ឡើយ!»។ ប្រជា‌ជន​ក៏​ចាប់​ព្យាការី​របស់​ព្រះ​បាល ហើយ​លោក​អេលីយ៉ា​បញ្ជា​ឲ្យ​នាំ​ពួក​គេ​ទៅ​កាន់​ជ្រោះ​គីសូន រួច​លោក​ក៏​អារ‌ក​ព្យាការី​ទាំង​អស់​នៅ​ទី​នោះ​ទៅ។

41. លោក​អេលីយ៉ា​ទូល​ព្រះ‌បាទ​អហាប់​ថា៖ «សូម​ព្រះ‌ករុណា​យាង​សោយ​ព្រះ‌ស្ងោយ ដ្បិត​ទូលបង្គំ​ឮ​សូរ​សន្ធឹក​ភ្លៀង​ជិត​មក​ដល់​ហើយ»។

42. ព្រះ‌បាទ​អហាប់​ក៏​យាង​ទៅ​សោយ​ព្រះ‌ស្ងោយ។ រីឯ​លោក​អេលីយ៉ា​វិញ លោក​ឡើង​ទៅ​លើ​កំពូល​ភ្នំ​កើមែល ហើយ​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់​ដោយ​អោន​ក្បាល​នៅ​ចន្លោះ​ជង្គង់​ទាំង​ពីរ។

43. លោក​ប្រាប់​អ្នក​បម្រើ​របស់​លោក​ថា៖ «ចូរ​ឡើង​ទៅ ហើយ​សម្លឹង​ឆ្ពោះ​ទៅ​សមុទ្រ!»។ អ្នក​បម្រើ​នោះ​ក៏​ឡើង​ទៅ ហើយ​សម្លឹង​មើល រួច​ឆ្លើយ​ថា៖ «ខ្ញុំ​ប្របាទ​មិន​ឃើញ​អ្វី​ទេ!»។ លោក​អេលីយ៉ា​ប្រាប់​អ្នក​បម្រើ​ឲ្យ​ឡើង​ទៅ​មើល​ដូច្នេះ ចំនួន​ប្រាំ‌ពីរ​ដង។

44. នៅ​លើក​ទី​ប្រាំ‌ពីរ អ្នក​បម្រើ​ជម្រាប​លោក​អេលីយ៉ា​ថា៖ «ខ្ញុំ​ប្របាទ​ឃើញ​មាន​ពពក​មួយ​ដុំ​តូច​ប៉ុន​បាត​ដៃ ឡើង​ពី​សមុទ្រ​មក»។ លោក​អេលីយ៉ា​មាន​ប្រសាសន៍​ថា៖ «ចូរ​ទៅ​ទូល​ព្រះ‌បាទ​អហាប់​ឲ្យ​ទឹម​រាជ‌រថ ហើយ​យាង​ចុះ​ពី​ភ្នំ​ទៅ ដើម្បី​កុំ​ឲ្យ​ភ្លៀង​ធ្លាក់​ទាន់»។

45. ពេល​នោះ មាន​ពពក​កាន់​តែ​ខ្លាំង​ក្រាស់ៗ ហើយ​ខ្យល់​ក៏​បក់​មក រួច​ភ្លៀង​បង្អុរ​មក​យ៉ាង​ខ្លាំង​ដែរ។ ព្រះ‌បាទ​អហាប់​យាង​ឡើង​រាជ‌រថ ចូល​ទៅ​ក្រុង​យេសរាល។

សូមអានជំពូកពេញលេញ ១ ពង្សា‌វតារ‌ក្សត្រ 18