គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ ពង្សា‌វតារ‌ក្សត្រ 18:3-11 Khmer Standard Version (KHSV)

3. ព្រះ‌បាទ​អហាប់​បាន​ឲ្យ​គេ​ទៅ​អញ្ជើញ​លោក​អូបា‌ឌា ជា​អ្នក​ទទួល​ខុស​ត្រូវ​ក្នុង​វាំង​មក -លោក​អូបា‌ឌា​ជា​មនុស្ស​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់​ណាស់។

4. នៅ​គ្រា​ដែល​ម្ចាស់​ក្សត្រី​យេសិ‌បិល​សម្លាប់​ពួក​ព្យាការី*​របស់​ព្រះ‌អម្ចាស់ លោក​អូបា‌ឌា​នាំ​ព្យាការី​មួយ​រយ​នាក់​ទៅ​ពួន​នៅ​ក្នុង​រអាង​ភ្នំ គាត់​ចែក​ពួក​គេ​ជា​ពីរ​ក្រុម ក្នុង​មួយ​ក្រុម​មាន​ហា‌សិប​នាក់ ហើយ​គាត់​បាន​ផ្គត់‌ផ្គង់​ស្បៀង​អាហារ និង​ទឹក​ផង។

5. ព្រះ‌បាទ​អហាប់​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​អូបា‌ឌា​ថា៖ «សូម​លោក​ធ្វើ​ដំណើរ​ទៅ​មើល​តាម​ប្រភព​ទឹក និង​តាម​ស្ទឹង​ទាំង​អស់​នៅ​ក្នុង​ស្រុក ក្រែង‌លោ​យើង​រក​បាន​ស្មៅ​សម្រាប់​សេះ និង​លា ដើម្បី​ឲ្យ​វា​នៅ​រស់ ហើយ​ចៀស‌វាង​សម្លាប់​សត្វ​ទាំង​នេះ»។

6. ដូច្នេះ ពួក​គេ​ក៏​ចែក​តំបន់​គ្នា ព្រះ‌បាទ​អហាប់​ធ្វើ​ដំណើរ​តាម​ផ្លូវ​មួយ រីឯ​លោក​អូបា‌ឌា​ធ្វើ​ដំណើរ​តាម​ផ្លូវ​មួយ​ទៀត។

7. ក្នុង​ពេល​ដែល​លោក​អូបា‌ឌា​ធ្វើ​ដំណើរ លោក​អេលីយ៉ា​បាន​ជួប​នឹង​គាត់។ លោក​អូបា‌ឌា​មើល​លោក​អេលីយ៉ា​ស្គាល់ គាត់​ក៏​ក្រាប​ចុះ អោន​មុខ​ដល់​ដី ហើយ​ពោល​ថា៖ «លោក​ម្ចាស់​ពិត​ជា​លោក​អេលីយ៉ា​ឬ?»

8. លោក​អេលីយ៉ា​ឆ្លើយ​ថា៖ «គឺ​ខ្ញុំ​នេះ​ហើយ! សូម​ទៅ​ទូល​ព្រះ‌រាជា​ថា អេលីយ៉ា​មក​ដល់​ហើយ!»។

9. លោក​អូបា‌ឌា​ពោល​ថា៖ «តើ​ខ្ញុំ​ប្របាទ​ប្រព្រឹត្ត​អ្វី​ខុស បាន​ជា​លោក​ប្រគល់​ខ្ញុំ​ប្របាទ ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ព្រះ‌បាទ​អហាប់ ដើម្បី​ឲ្យ​ស្ដេច​សម្លាប់​ខ្ញុំ​ប្របាទ​ដូច្នេះ?

10. ខ្ញុំ​ប្របាទ​សូម​ជម្រាប​លោក ក្នុង​នាម​ព្រះ‌អម្ចាស់​ដែល​មាន​ព្រះ​ជន្ម​គង់​នៅ ជា​ព្រះ​របស់​លោក​ថា: ព្រះ‌រាជា​ចាត់​គេ​ឲ្យ​ទៅ​តាម​រក​លោក នៅ​គ្រប់​ប្រជា‌ជាតិ និង​គ្រប់​នគរ។ កាល​មាន​គេ​ឆ្លើយ​ថា លោក​មិន​នៅ​ទី​នោះ​ទេ ស្ដេច​តែងតែ​ឲ្យ​នគរ ឬ​ប្រជា‌ជាតិ​នោះ​ស្បថ​ថា គេ​មិន​បាន​ឃើញ​លោក​មែន។

11. ឥឡូវ​នេះ លោក​ប្រើ​ខ្ញុំ​ប្របាទ​ឲ្យ​ទៅ​ទូល​ព្រះ‌រាជា​ថា លោក​អញ្ជើញ​មក​ហើយ!

សូមអានជំពូកពេញលេញ ១ ពង្សា‌វតារ‌ក្សត្រ 18