គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ ពង្សា‌វតារ‌ក្សត្រ 18:22-32 Khmer Standard Version (KHSV)

22. លោក​អេលីយ៉ា​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជា‌ជន​ទៀត​ថា៖ «ក្នុង​ចំណោម​ព្យាការី​របស់​ព្រះ‌អម្ចាស់ នៅ​សល់​តែ​ខ្ញុំ​ម្នាក់​គត់ រីឯ​ព្យាការី​របស់​ព្រះ​បាល​វិញ មាន​ដល់​ទៅ​បួន‌រយ​ហា‌សិប​នាក់។

23. ចូរ​យក​គោ​បា​ពីរ​ក្បាល​មក ហើយ​សូម​អស់​លោក​ព្យាការី​ជ្រើស​រើស​យក​គោ​មួយ​ក្បាល រួច​កាប់​ជា​ដុំៗ ដាក់​លើ​គំនរ​អុស តែ​មិន​បង្កាត់​ភ្លើង​ទេ។ រីឯ​ខ្ញុំ​វិញ ខ្ញុំ​នឹង​រៀបចំ​គោ​មួយ​ក្បាល​ទៀត ដាក់​លើ​គំនរ​អុស តែ​មិន​បង្កាត់​ភ្លើង​ទេ។

24. បន្ទាប់​មក ចូរ​អង្វរ​រក​ព្រះ‌នាម​នៃ​ព្រះ​របស់​អ្នក​រាល់​គ្នា រីឯ​ខ្ញុំ​វិញ ខ្ញុំ​អង្វរ​រក​ព្រះ‌នាម​ព្រះ‌អម្ចាស់​ដែរ។ ព្រះ​ណា​ឆ្លើយ​តប ដោយ​ធ្វើ​ឲ្យ​មាន​ភ្លើង​ឆេះ គឺ​ព្រះ​នោះ​ហើយ​ដែល​ជា​ព្រះ​ដ៏​ពិត​ប្រាកដ»។ ប្រជា‌ជន​ទាំង​មូល​ឆ្លើយ​ថា៖ «យល់​ព្រម»។

25. លោក​អេលីយ៉ា​មាន​ប្រសាសន៍​ទៅ​កាន់​ពួក​ព្យាការី​របស់​ព្រះ​បាល​ថា៖ «ចូរ​ជ្រើស​រើស​យក​គោ​បា​មួយ​ក្បាល​សម្រាប់​អស់​លោក ហើយ​ចាប់​ផ្ដើម​មុន​ចុះ ដ្បិត​អស់​លោក​មាន​គ្នា​ច្រើន។ ចូរ​អង្វរ​រក​ព្រះ‌នាម​នៃ​ព្រះ​របស់​អស់​លោក ប៉ុន្តែ កុំ​បង្កាត់​ភ្លើង​ឡើយ»។

26. ពួក​គេ​យក​គោ​បា​មួយ​ក្បាល​មក​រៀប‌ចំ រួច​ចាប់​ផ្ដើម​អង្វរ​រក​ព្រះ‌នាម​របស់​ព្រះ​បាល តាំង​ពី​ព្រលឹម​រហូត​ដល់​ថ្ងៃ​ត្រង់ ដោយ​ពោល​ថា៖ «ឱ​ព្រះ​បាល​អើយ សូម​មេត្តា​ឆ្លើយ​តប​មក​យើង​ខ្ញុំ​ផង!»។ ប៉ុន្តែ គ្មាន​ឮ​សូរ​សំឡេង ឬ​ចម្លើយ​អ្វី​សោះ។ ពួក​គេ​រាំ​ជុំ‌វិញ​អាសនៈ​ដែល​ពួក​គេ​បាន​សង់។

27. លុះ​ដល់​ថ្ងៃ​ត្រង់ លោក​អេលីយ៉ា​ក៏​ចំអក​ទៅ​ពួក​គេ​ថា៖ «ចូរ​ខំ​ប្រឹង​ស្រែក​ឲ្យ​ខ្លាំង​ឡើង ដ្បិត​ព្រះ​បាល​ជា​ព្រះ ហេតុ​នេះ​ហើយ​បាន​ជា​ទ្រង់​កំពុង​ជាប់​រវល់ ឬ​មាន​កិច្ចការ​អ្វី​ហើយ ឬ​កំពុង​តែ​ធ្វើ​ដំណើរ ឬ​ប្រហែល​ជា​ផ្ទំ​លក់។ ដូច្នេះ ត្រូវ​ដាស់​ព្រះ‌អង្គ​ឲ្យ​តើន​ឡើង!»។

28. ពួក​គេ​ស្រែក​អង្វរ​កាន់​តែ​ខ្លាំង​ឡើងៗ ហើយ​យក​ចុង​ដាវ និង​ចុង​លំពែង​ឆូត​លើ​សាច់​តាម​ទម្លាប់​របស់​គេ ទាល់​តែ​ឈាម​ហូរ​ពេញ​ខ្លួន។

29. លុះ​ដល់​ថ្ងៃ​ជ្រេ​បន្តិច ពួក​គេ​នាំ​គ្នា​ទាយ​រហូត​ដល់​ពេល​ថ្វាយ​សក្ការៈ‌បូជា​វេលា​ល្ងាច។ ប៉ុន្តែ គ្មាន​ឮ​សំឡេង គ្មាន​ចម្លើយ ឬ​ទី​សម្គាល់​អ្វី​ឡើយ។

30. លោក​អេលីយ៉ា​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជា‌ជន​ទាំង​មូល​ថា៖ «ចូរ​នាំ​គ្នា​ចូល​មក​ជិត​ខ្ញុំ!»។ ប្រជា‌ជន​ទាំង​មូល​ក៏​ចូល​ទៅ​ជិត​លោក។ លោក​អេលីយ៉ា​សង់​អាសនៈ​របស់​ព្រះ‌អម្ចាស់ ដែល​គេ​រំលំ​ចោល​ឡើង​វិញ។

31. លោក​យក​ថ្ម​ដប់‌ពីរ​ដុំ តាម​ចំនួន​កុល‌សម្ព័ន្ធ​កូន​ចៅ​របស់​លោក​យ៉ាកុប។ គឺ​លោក​យ៉ាកុប​នេះ​ហើយ​ដែល​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា «អ្នក​នឹង​មាន​ឈ្មោះ​ថា​អ៊ីស្រា‌អែល»។

32. លោក​អេលីយ៉ា​យក​ថ្ម​ទាំង​ដប់‌ពីរ​ដុំ សង់​អាសនៈ​មួយ​ថ្វាយ​ព្រះ‌នាម​ព្រះ‌អម្ចាស់ រួច​លោក​ក៏​ជីក​ចង្អូរ​ជុំ‌វិញ​អាសនៈ​នោះ ដែល​មាន​ចំណុះ​អាច​ដាក់​ទឹក​បាន​ពីរ​ប៉ោត។

សូមអានជំពូកពេញលេញ ១ ពង្សា‌វតារ‌ក្សត្រ 18