គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ ពង្សា‌វតារ‌ក្សត្រ 16:6-16 Khmer Standard Version (KHSV)

6. កាល​ព្រះ‌បាទ​បាសា​សោយ​ទិវង្គត គេ​យក​សព​ទៅ​បញ្ចុះ​នៅ​ក្រុង​ធើសា។ ព្រះ‌បាទ​អេឡា ជា​បុត្រ បាន​ឡើង​ស្នង​រាជ្យ។

7. ព្រះ‌អម្ចាស់​ធ្លាប់​មាន​ព្រះ‌បន្ទូល​មក​កាន់​ព្រះ‌បាទ​បាសា ព្រម​ទាំង​រាជ‌វង្ស តាម​រយៈ​ព្យាការី​យេហ៊ូវ ជា​កូន​របស់​លោក​ហាណា‌នី​ដែរ ព្រោះ​ស្ដេច​ប្រព្រឹត្ត​អំពើ​អាក្រក់​គ្រប់​យ៉ាង​មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ ដែល​បណ្ដាល​ឲ្យ​ព្រះ‌អង្គ​ទ្រង់​ព្រះ‌ពិរោធ។ ព្រះ‌បាទ​បាសា​បាន​ប្រព្រឹត្ត​អំពើ​បាប ដូច​រាជ‌វង្ស​របស់​ព្រះ‌បាទ​យេរ៉ូ‌បោម​ដែរ។ មួយ​វិញ​ទៀត ស្ដេច​បាន​សម្លាប់​រង្គាល​រាជ‌វង្ស​របស់​ព្រះ‌បាទ​យេរ៉ូ‌បោម។

8. នៅ​ឆ្នាំ​ទី​ម្ភៃ​ប្រាំ​មួយ​នៃ​រជ្ជកាល​ព្រះ‌បាទ​អេសា ជា​ស្ដេច​ស្រុក​យូដា ព្រះ‌បាទ​អេឡា ជា​បុត្រ​របស់​ព្រះ‌បាទ​បាសា បាន​ឡើង​សោយ​រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល នៅ​ក្រុង​ធើសា អស់​រយៈ​ពេល​ពីរ​ឆ្នាំ។

9. មាន​រាជ​បម្រើ​មួយ​រូប​របស់​ស្ដេច​ឈ្មោះ​លោក​ស៊ីមរី ជា​មេ​បញ្ជា​ការ​កង​រទេះ​ចំបាំង​ចំនួន​ពាក់​កណ្ដាល បាន​ក្បត់​ព្រះ‌បាទ​អេឡា។ នៅ​គ្រា​នោះ ព្រះ‌រាជា​ស្នាក់​នៅ​ក្រុង​ធើសា កំពុង​សោយ​សុរា​ស្រវឹង នៅ​ក្នុង​ផ្ទះ​របស់​លោក​អើសា ដែល​ជា​អ្នក​ទទួល​ខុស​ត្រូវ​ក្នុង​វាំង។

10. លោក​ស៊ីមរី​ចូល​មក ហើយ​ធ្វើ​គុត​ស្ដេច នៅ​ក្នុង​ឆ្នាំ​ទី​ម្ភៃ​ប្រាំ‌ពីរ​នៃ​រជ្ជកាល​ព្រះ‌បាទ​អេសា ជា​ស្ដេច​ស្រុក​យូដា រួច​ឡើង​សោយ​រាជ្យ​ជំនួស​ព្រះ‌បាទ​អេឡា។

11. កាល​បាន​ឡើង​សោយ​រាជ្យ​ហើយ ព្រះ‌បាទ​ស៊ីមរី​ប្រហារ​ជីវិត​រាជ‌វង្ស​របស់​ព្រះ‌បាទ​បាសា​ទាំង​មូល ឥត​ទុក​ប្រុសៗ​ណា​ម្នាក់​ឲ្យ​នៅ​រស់​ឡើយ ទោះ​បី​ក្នុង​ចំណោម​ញាតិ​វង្ស ឬ​ក្នុង​ចំណោម​អ្នក​ជំនិត​ក្ដី។

12. ព្រះ‌បាទ​ស៊ីមរី​សម្លាប់​រង្គាល​រាជ‌វង្ស​របស់​ព្រះ‌បាទ​បាសា​ទាំង​មូល ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់ បាន​ថ្លែង​តាម​រយៈ​ព្យាការី​យេហ៊ូវ ទាស់​នឹង​ព្រះ‌បាទ​បាសា។

13. ហេតុ‌ការណ៍​នេះ​កើត​មាន ព្រោះ​តែ​អំពើ​បាប​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌បាទ​បាសា និង​ព្រះ‌បាទ​អេឡា ជា​បុត្រ បាន​ប្រព្រឹត្ត ព្រម​ទាំង​នាំ​ប្រជា‌ជន​អ៊ីស្រា‌អែល​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប​ដែរ បណ្ដាល​ឲ្យ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល ទ្រង់​ព្រះ‌ពិរោធ ដោយ‌សារ​ពួក​គេ​ថ្វាយ‌បង្គំ​ព្រះ​ក្លែង‌ក្លាយ។

14. រាជ​កិច្ច​ផ្សេងៗ​ទៀត​របស់​ព្រះ‌បាទ​អេឡា និង​អ្វីៗ​ទាំង​អស់​ដែល​ទ្រង់​បាន​ធ្វើ សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ‌សាស្ត្រ​របស់​ស្ដេច​ស្រុក​អ៊ីស្រា‌អែល។

15. នៅ​ឆ្នាំ​ទី​ម្ភៃ​ប្រាំ‌ពីរ​នៃ​រជ្ជកាល​ព្រះ‌បាទ​អេសា ជា​ស្ដេច​ស្រុក​យូដា ព្រះ‌បាទ​ស៊ីមរី​ឡើង​សោយ​រាជ្យ​នៅ​ក្រុង​ធើសា បាន​ប្រាំ‌ពីរ​ថ្ងៃ។ ពេល​នោះ ពល​ទាហាន​អ៊ីស្រា‌អែល​កំពុង​បោះ​ទ័ព នៅ​ជិត​ក្រុង​គីប‌ថោន ដើម្បី​វាយ​យក​ក្រុង​នោះ​ពី​ពួក​ភីលីស្ទីន។

16. កាល​ពល​ទាហាន​បាន​ដឹង​ថា ព្រះ‌បាទ​ស៊ីមរី​ក្បត់​ព្រះ‌បាទ​អេឡា ព្រម​ទាំង​ធ្វើ​គុត​ស្ដេច​ទៀត​ផង​នោះ ពួក​គេ​ក៏​តែង‌តាំង​លោក​មេ‌ទ័ព​អូមរី ជា​ស្ដេច​លើ​អ៊ីស្រា‌អែល។

សូមអានជំពូកពេញលេញ ១ ពង្សា‌វតារ‌ក្សត្រ 16