2. «យើងបានលើកអ្នកពីធូលីដី ហើយតែងតាំងអ្នកឲ្យធ្វើជាមេដឹកនាំលើអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើង។ ប៉ុន្តែ អ្នកដើរតាមផ្លូវរបស់យេរ៉ូបោម ហើយនាំអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើង ឲ្យប្រព្រឹត្តអំពើបាប បណ្ដាលឲ្យយើងខឹង។
3. ហេតុនេះ យើងនឹងលុបបំបាត់អ្នក ព្រមទាំងពូជពង្សចោល។ យើងនឹងធ្វើឲ្យពូជពង្សរបស់អ្នក បានដូចពូជពង្សរបស់យេរ៉ូបោម ជាកូនរបស់នេបាតដែរ។
4. កូនចៅរបស់បាសាដែលស្លាប់នៅក្នុងទីក្រុង នឹងត្រូវឆ្កែហែកស៊ី ហើយកូនចៅដែលស្លាប់នៅទីវាល នឹងត្រូវត្មាតចឹកស៊ី»។
5. រាជកិច្ចផ្សេងៗរបស់ព្រះបាទបាសា គឺអ្វីៗដែលទ្រង់បានប្រព្រឹត្ត និងវីរភាពដ៏អង់អាចរបស់ស្ដេច សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្ដេចស្រុកអ៊ីស្រាអែល។
6. កាលព្រះបាទបាសាសោយទិវង្គត គេយកសពទៅបញ្ចុះនៅក្រុងធើសា។ ព្រះបាទអេឡា ជាបុត្រ បានឡើងស្នងរាជ្យ។
7. ព្រះអម្ចាស់ធ្លាប់មានព្រះបន្ទូលមកកាន់ព្រះបាទបាសា ព្រមទាំងរាជវង្ស តាមរយៈព្យាការីយេហ៊ូវ ជាកូនរបស់លោកហាណានីដែរ ព្រោះស្ដេចប្រព្រឹត្តអំពើអាក្រក់គ្រប់យ៉ាងមិនគាប់ព្រះហឫទ័យព្រះអម្ចាស់ ដែលបណ្ដាលឲ្យព្រះអង្គទ្រង់ព្រះពិរោធ។ ព្រះបាទបាសាបានប្រព្រឹត្តអំពើបាប ដូចរាជវង្សរបស់ព្រះបាទយេរ៉ូបោមដែរ។ មួយវិញទៀត ស្ដេចបានសម្លាប់រង្គាលរាជវង្សរបស់ព្រះបាទយេរ៉ូបោម។
8. នៅឆ្នាំទីម្ភៃប្រាំមួយនៃរជ្ជកាលព្រះបាទអេសា ជាស្ដេចស្រុកយូដា ព្រះបាទអេឡា ជាបុត្ររបស់ព្រះបាទបាសា បានឡើងសោយរាជ្យលើស្រុកអ៊ីស្រាអែល នៅក្រុងធើសា អស់រយៈពេលពីរឆ្នាំ។
9. មានរាជបម្រើមួយរូបរបស់ស្ដេចឈ្មោះលោកស៊ីមរី ជាមេបញ្ជាការកងរទេះចំបាំងចំនួនពាក់កណ្ដាល បានក្បត់ព្រះបាទអេឡា។ នៅគ្រានោះ ព្រះរាជាស្នាក់នៅក្រុងធើសា កំពុងសោយសុរាស្រវឹង នៅក្នុងផ្ទះរបស់លោកអើសា ដែលជាអ្នកទទួលខុសត្រូវក្នុងវាំង។