គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ ពង្សា‌វតារ‌ក្សត្រ 16:16-27 Khmer Standard Version (KHSV)

16. កាល​ពល​ទាហាន​បាន​ដឹង​ថា ព្រះ‌បាទ​ស៊ីមរី​ក្បត់​ព្រះ‌បាទ​អេឡា ព្រម​ទាំង​ធ្វើ​គុត​ស្ដេច​ទៀត​ផង​នោះ ពួក​គេ​ក៏​តែង‌តាំង​លោក​មេ‌ទ័ព​អូមរី ជា​ស្ដេច​លើ​អ៊ីស្រា‌អែល។

17. ព្រះ‌បាទ​អូមរី និង​កង‌ទ័ព​អ៊ីស្រា‌អែល​ដែល​នៅ​ជា​មួយ ក៏​ចេញ​ពី​ក្រុង​គីប‌ថោន​មក ឡោម‌ព័ទ្ធ​ក្រុង​ធើសា។

18. កាល​ព្រះ‌បាទ​ស៊ីមរី​ឃើញ​ថា គេ​ដណ្ដើម​យក​ទីក្រុង​បាន​ហើយ ស្ដេច​ក៏​យាង​ចូល​ក្នុង​ប៉ម​មួយ​នៅ​ក្នុង​វាំង រួច​យក​ភ្លើង​ដុត​ប៉ម ហើយ​សុគត​ក្នុង​នោះ​ទៅ។

19. ស្ដេច​សុគត​ដូច្នេះ ព្រោះ​តែ​អំពើ​បាប និង​អំពើ​អាក្រក់​ដែល​ទ្រង់​បាន​ប្រព្រឹត្ត មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ គឺ​ទ្រង់​ដើរ​តាម​ផ្លូវ​របស់​ព្រះ‌បាទ​យេរ៉ូ‌បោម ដោយ​ប្រព្រឹត្ត​អំពើ​បាប ហើយ​នាំ​ប្រជា‌ជន​អ៊ីស្រា‌អែល​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប​ដែរ។

20. រាជ​កិច្ច​ផ្សេងៗ និង​អំពើ​ក្បត់​របស់​ព្រះ‌បាទ​ស៊ីមរី សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ‌សាស្ត្រ​របស់​ស្ដេច​ស្រុក​អ៊ីស្រា‌អែល។

21. គ្រា​នោះ ប្រជា‌ជន​អ៊ីស្រា‌អែល​បាន​បាក់​បែក​គ្នា​ជា​ពីរ​ក្រុម ក្រុម​មួយ​ចង់​លើក​លោក​ធីបនី ជា​កូន​របស់​លោក​គីណាត ឡើង​ជា​ស្ដេច ក្រុម​មួយ​ទៀត​ចង់​លើក​លោក​មេ‌ទ័ព​អូមរី​វិញ។

22. ក្រុម​ដែល​គាំទ្រ​លោក​មេ‌ទ័ព​អូមរី​មាន​ប្រៀប​ជាង​ក្រុម​ដែល​គាំទ្រ​លោក​ធីបនី ជា​កូន​របស់​លោក​គីណាត លោក​ធីបនី​ក៏​ស្លាប់ ហើយ​លោក​មេ‌ទ័ព​អូមរី​ឡើង​សោយ​រាជ្យ។

23. នៅ​ឆ្នាំ​ទី​សាម‌សិប​មួយ​នៃ​រជ្ជកាល​ព្រះ‌បាទ​អេសា ស្ដេច​ស្រុក​យូដា ព្រះ‌បាទ​អូមរី​ឡើង​សោយ​រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល​អស់​រយៈ​ពេល​ដប់‌ពីរ​ឆ្នាំ គឺ​ទ្រង់​សោយ​រាជ្យ​បាន​ប្រាំ​មួយ​ឆ្នាំ​នៅ​ក្រុង​ធើសា

24. រួច​ស្ដេច​ទិញ​ភ្នំ​សាម៉ារី​ពី​លោក​សេមើរ តម្លៃ​ប្រាក់​មួយ​ពាន់​ប្រាំ​បី​រយ​តម្លឹង។ ស្ដេច​សង់​ក្រុង​មួយ​នៅ​លើ​ភ្នំ​នោះ ហើយ​ដាក់​ឈ្មោះ​ថា ក្រុង​សាម៉ារី តាម​ឈ្មោះ​របស់​លោក​សេមើរ ជា​ម្ចាស់​ភ្នំ​នេះ។

25. ព្រះ‌បាទ​អូមរី​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ គឺ​អាក្រក់​លើស​ពី​ស្ដេច​មុនៗ​ទៅ​ទៀត។

26. ស្ដេច​ដើរ​តាម​ផ្លូវ​របស់​ព្រះ‌បាទ​យេរ៉ូ‌បោម ជា​កូន​របស់​លោក​នេបាត ឥត​ចន្លោះ​ត្រង់​ណា​ឡើយ គឺ​ស្ដេច​នាំ​ប្រជា‌ជន​អ៊ីស្រា‌អែល​ប្រព្រឹត្ត​អំពើ​បាប បណ្ដាល​ឲ្យ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ៊ីស្រា‌អែល ទ្រង់​ព្រះ‌ពិរោធ ដោយ​ពួក​គេ​ថ្វាយ‌បង្គំ​ព្រះ​ក្លែង‌ក្លាយ​ដ៏​ឥត​បាន​ការ។

27. រាជ​កិច្ច​ផ្សេងៗ​របស់​ព្រះ‌បាទ​អូមរី គឺ​អ្វីៗ​ដែល​ស្ដេច​បាន​ប្រព្រឹត្ត និង​វីរ‌ភាព​ដ៏​អង់‌អាច​របស់​ស្ដេច សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ‌សាស្ត្រ​របស់​ស្ដេច​ស្រុក​អ៊ីស្រា‌អែល។

សូមអានជំពូកពេញលេញ ១ ពង្សា‌វតារ‌ក្សត្រ 16