គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ ពង្សា‌វតារ‌ក្សត្រ 15:11-26 Khmer Standard Version (KHSV)

11. ព្រះ‌បាទ​អេសា​ប្រព្រឹត្ត​អំពើ​ទៀង​ត្រង់ ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ ដូច​ព្រះ‌បាទ​ដាវីឌ ជា​អយ្យ‌កោ​ដែរ។

12. ស្ដេច​បាន​កំចាត់​ពួក​ប្រុសៗ ដែល​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារ​សក្ការៈ ចេញ​ពី​ស្រុក ហើយ​លុប​បំបាត់​ព្រះ​ក្លែង‌ក្លាយ​ទាំង​ប៉ុន្មាន​ដែល​ពួក​អយ្យ‌កោ​បាន​កសាង​ផង។

13. ស្ដេច​បាន​ហូត​ងារ​មហា​ក្សត្រិ‌យានី​ពី​ព្រះ‌នាង​ម៉ាកា ជា​មាតា ព្រោះ​មាតា​បាន​កសាង​រូប​ដ៏​គំរក់​មួយ ជា​តំណាង​ព្រះ​អា‌សេ‌រ៉ា។ ព្រះ‌បាទ​អេសា​កម្ទេច​រូប​ដ៏​គំរក់​នោះ រួច​យក​ទៅ​ដុត​ចោល​នៅ​ជ្រោះ​កេដ្រូន។

14. ក៏​ប៉ុន្តែ ទោះ​បី​ស្ដេច​ស្រឡាញ់​ព្រះ‌អម្ចាស់​ដោយ​ស្មោះ​ក្ដី ក៏​ទ្រង់​ពុំ​បាន​លុប​បំបាត់​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ​ដែរ។

15. ស្ដេច​បាន​នាំ​តង្វាយ ដែល​បិតា និង​ស្ដេច​ផ្ទាល់ បាន​ញែក​ជា​របស់​សក្ការៈ គឺ​មាន​គ្រឿង​មាស ប្រាក់ និង​វត្ថុ​ផ្សេងៗ​ទៀត ទៅ​ទុក​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់។

16. ព្រះ‌បាទ​អេសា និង​ព្រះ‌បាទ​បាសា​ជា​ស្ដេច​ស្រុក​អ៊ីស្រា‌អែល តែងតែ​ធ្វើ​សង្គ្រាម​នឹង​គ្នា​ទៅ​វិញ​ទៅ​មក អស់​មួយ​រជ្ជកាល​ស្ដេច​ទាំង​ពីរ។

17. ព្រះ‌បាទ​បាសា ជា​ស្ដេច​ស្រុក​អ៊ីស្រា‌អែល លើក​ទ័ព​មក​វាយ​ស្រុក​យូដា ហើយ​សង់​កំពែង​ជុំ‌វិញ​ក្រុង​រ៉ាម៉ា ដើម្បី​កុំ​ឲ្យ​ប្រជា‌ជន​របស់​ព្រះ‌បាទ​អេសា ជា​ស្ដេច​ស្រុក​យូដា អាច​ចេញ​ចូល​បាន។

18. ព្រះ‌បាទ​អេសា​បាន​ប្រមូល​មាស​ប្រាក់​ទាំង​ប៉ុន្មាន ដែល​មាន​នៅ​ក្នុង​ឃ្លាំង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ និង​ក្នុង​ឃ្លាំង​ព្រះ​រាជ‌វាំង ប្រគល់​ទៅ​ឲ្យ​ពួក​រាជ​បម្រើ ហើយ​ចាត់​ពួក​គេ​ឲ្យ​ទៅ​គាល់​ព្រះ‌បាទ​បេន-‌ហា‌ដាដ ជា​បុត្រ​របស់​ព្រះ‌បាទ​ថាប‌រីម៉ូន ដែល​ត្រូវ​ជា​បុត្រ​របស់​ព្រះ‌បាទ​ហេស‌យ៉ូន ស្ដេច​ស្រុក​ស៊ីរី ដែល​គង់​នៅ​ក្រុង​ដាម៉ាស ទូល​ថា៖

19. «ទូលបង្គំ​សូម​ចង​សម្ពន្ធ​មិត្ត​ជា​មួយ​ព្រះ‌ករុណា ដូច​បិតា​របស់​ទូលបង្គំ​បាន​ចង​ជា​មួយ​បិតា​របស់​ព្រះ‌ករុណា​ដែរ។ ទូលបង្គំ​សូម​ផ្ញើ​មាស និង​ប្រាក់​នេះ​មក​ថ្វាយ​ព្រះ‌ករុណា។ សូម​ព្រះ‌ករុណា​ផ្ដាច់​ចំណង​សម្ពន្ធ​មិត្ត​ជា​មួយ​បាសា ជា​ស្ដេច​ស្រុក​អ៊ីស្រា‌អែល​ទៅ ដើម្បី​កុំ​ឲ្យ​ស្ដេច​នោះ​លើក​ទ័ព​មក​វាយ​ទូលបង្គំ»។

20. ព្រះ‌បាទ​បេនហា‌ដាដ​យល់​ព្រម​តាម​សំណូម‌ពរ​របស់​ព្រះ‌បាទ​អេសា ហើយ​ចាត់​មេ‌ទ័ព​ឲ្យ​ទៅ​វាយ​ក្រុង​នានា​របស់​ស្រុក​អ៊ីស្រា‌អែល។ ពួក​គេ​វាយ​យក​ក្រុង​អ៊ីយ៉ូន ក្រុង​ដាន់ ក្រុង​អេបិល-‌បេត-‌ម៉ាកា ព្រម​ទាំង​តំបន់​គីនេ‌រ៉ែត​ទាំង​មូល និង​ស្រុក​ណែប‌ថាលី​ទាំង​មូល។

21. កាល​ព្រះ‌បាទ​បាសា ជ្រាប​ពី​ដំណឹង​នេះ ទ្រង់​ក៏​ឈប់​សង់​កំពែង​ក្រុង​រ៉ាម៉ា ហើយ​យាង​មក​គង់​នៅ​ក្រុង​ធើសា​វិញ។

22. ពេល​នោះ ព្រះ‌បាទ​អេសា​ប្រមូល​ជន‌ជាតិ​យូដា​ទាំង​មូល ឥត​ខ្វះ​អ្នក​ណា​ម្នាក់​ឡើយ ដើម្បី​ជញ្ជូន​ថ្ម និង​ឈើ ដែល​ព្រះ‌បាទ​បាសា​ប្រើ​សម្រាប់​សង់​កំពែង​ក្រុង​រ៉ាម៉ា។ ព្រះ‌បាទ​អេសា​យក​ថ្ម និង​ឈើ​ទាំង​នោះ​ទៅ​សង់​កំពែង​ក្រុង​កេបា ក្នុង​ទឹក​ដី​បេន‌យ៉ាមីន និង​ក្រុង​មីសប៉ា។

23. រាជ​កិច្ច​ទាំង​ប៉ុន្មាន​របស់​ព្រះ‌បាទ​អេសា គឺ​វីរ‌ភាព​ដ៏​អង់‌អាច និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ស្ដេច​បាន​ប្រព្រឹត្ត ព្រម​ទាំង​ការ​សង់​ទីក្រុង​នានា សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ‌សាស្ត្រ​របស់​ស្ដេច​ស្រុក​យូដា។ នៅ​គ្រា​ដែល​ស្ដេច​មាន​ព្រះ‌ជន្ម​ចាស់​ជរា នោះ​ទ្រង់​កើត​រោគា​នៅ​ព្រះ‌បាទា។

24. កាល​ព្រះ‌បាទ​អេសា​សោយ​ទិវង្គត គេ​បាន​យក​សព​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ​របស់​រាជ‌វង្ស នៅ​បុរី​ព្រះ‌បាទ​ដាវីឌ ជា​អយ្យ‌កោ។ ព្រះ‌បាទ​យ៉ូសា‌ផាត ជា​បុត្រ បាន​ឡើង​ស្នង​រាជ្យ។

25. នៅ​ឆ្នាំ​ទី​ពីរ​នៃ​រជ្ជកាល​ព្រះ‌បាទ​អេសា ជា​ស្ដេច​ស្រុក​យូដា ព្រះ‌បាទ​ណាដាប់ ជា​បុត្រ​ព្រះ‌បាទ​យេរ៉ូ‌បោម បាន​ឡើង​សោយ‌រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល ទ្រង់​សោយ​រាជ្យ​បាន​ពីរ​ឆ្នាំ។

26. ស្ដេច​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ និង​ដើរ​តាម​ផ្លូវ​របស់​បិតា គឺ​ទ្រង់​ប្រព្រឹត្ត​អំពើ​បាប ហើយ​នាំ​ប្រជា‌ជន​អ៊ីស្រា‌អែល​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប​ដែរ។

សូមអានជំពូកពេញលេញ ១ ពង្សា‌វតារ‌ក្សត្រ 15