ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ ពង្សា‌វតារ‌ក្សត្រ 15 Khmer Standard Version (KHSV)

ព្រះ‌បាទ​អប៊ី‌យ៉ា​សោយ​រាជ្យ​នៅ​ស្រុក​យូដា

1. នៅ​ឆ្នាំ​ទី​ដប់​ប្រាំ​បី​នៃ​រជ្ជ‌កាល​ព្រះ‌បាទ​យេរ៉ូ‌បោម ជា​កូន​របស់​លោក​នេបាត ព្រះ‌បាទ​អប៊ី‌យ៉ា​ឡើង​សោយ‌រាជ្យ​នៅ​ស្រុក​យូដា។

2. ស្ដេច​សោយ‌រាជ្យ​បាន​បី​ឆ្នាំ​នៅ​ក្រុង​យេរូ‌សាឡឹម។ មាតា​របស់​ស្ដេច មាន​នាម​ថា​ម៉ាកា ជា​បុត្រី​របស់​សម្ដេច​អប៊ី‌សាឡុម។

3. ព្រះ‌បាទ​អប៊ី‌យ៉ា​ប្រព្រឹត្ត​អំពើ​បាប​គ្រប់​យ៉ាង ដូច​បិតា​ធ្លាប់​ប្រព្រឹត្ត​ដែរ។ ស្ដេច​ពុំ​មាន​ព្រះ‌ហឫទ័យ​ស្រឡាញ់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ខ្លួន ដូច​ព្រះ‌បាទ​ដាវីឌ​ជា​អយ្យ‌កោ​ឡើយ។

4. ដោយ​យល់​ដល់​ព្រះ‌បាទ​ដាវីឌ ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ស្ដេច បាន​ប្រោស​ប្រទាន​ឲ្យ​ស្ដេច​មាន​បុត្រា​មួយ​អង្គ ដើម្បី​កុំ​ឲ្យ​រាជ‌វង្ស​នេះ​ផុត​រលត់ ហើយ​ឲ្យ​ក្រុង​យេរូ‌សាឡឹម​នៅ​ស្ថិត‌ស្ថេរ​ជា​ដរាប

5. ដ្បិត​ព្រះ‌បាទ​ដាវីឌ​បាន​ប្រព្រឹត្ត​អំពើ​ទៀង​ត្រង់ ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ ហើយ​ពុំ​ងាក​ចេញ​ពី​សេចក្ដី​ដែល​ព្រះ‌អង្គ​បាន​បង្គាប់​ឲ្យ​ធ្វើ​ឡើយ លើក‌លែង​តែ​កំហុស ដែល​ស្ដេច​បាន​ប្រព្រឹត្ត​ចំពោះ​លោក​អ៊ូរី ជា​ជន‌ជាតិ​ហេត​មួយ​ប៉ុណ្ណោះ។

6. ព្រះ‌បាទ​រេហូ‌បោម និង​ព្រះ‌បាទ​យេរ៉ូ‌បោម តែងតែ​ធ្វើ​សង្គ្រាម​ជា​មួយ​គ្នា​ទៅ​វិញ​ទៅ​មក អស់​មួយ​រជ្ជកាល​ព្រះ‌បាទ​រេហូ‌បោម។

7. រីឯ​រាជ​កិច្ច​ផ្សេងៗ​ទៀត​ដែល​ព្រះ‌បាទ​អប៊ី‌យ៉ា​ប្រព្រឹត្ត សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ‌សាស្ត្រ​របស់​ស្ដេច​ស្រុក​យូដា។ ព្រះ‌បាទ​អប៊ី‌យ៉ា​ក៏​ធ្វើ​សង្គ្រាម​ជា​មួយ​ព្រះ‌បាទ​យេរ៉ូ‌បោម​ដែរ។

8. កាល​ព្រះ‌បាទ​អប៊ី‌យ៉ា​សោយ​ទិវង្គត គេ​បាន​យក​សព​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ​របស់​រាជ‌វង្ស នៅ​បុរី​ព្រះ‌បាទ​ដាវីឌ។ ព្រះ‌បាទ​អេសា ជា​បុត្រ បាន​ឡើង​ស្នង​រាជ្យ។

ព្រះ‌បាទ​អេសា​សោយ‌រាជ្យ​នៅ​ស្រុក​យូដា

9. នៅ​ឆ្នាំ​ទី​ម្ភៃ​នៃ​រជ្ជកាល​ព្រះ‌បាទ​យេរ៉ូ‌បោម ជា​ស្ដេច​អ៊ីស្រា‌អែល ព្រះ‌បាទ​អេសា​បាន​ឡើង​សោយ​រាជ្យ​នៅ​ស្រុក​យូដា។

10. ស្ដេច​សោយ​រាជ្យ​បាន​សែ‌សិប​មួយ​ឆ្នាំ នៅ​ក្រុង​យេរូ‌សាឡឹម មាតា​របស់​ស្ដេច​មាន​នាម​ថា​ម៉ាកា ជា​បុត្រី​របស់​សម្ដេច​អប៊ី‌សាឡុម។

11. ព្រះ‌បាទ​អេសា​ប្រព្រឹត្ត​អំពើ​ទៀង​ត្រង់ ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ ដូច​ព្រះ‌បាទ​ដាវីឌ ជា​អយ្យ‌កោ​ដែរ។

12. ស្ដេច​បាន​កំចាត់​ពួក​ប្រុសៗ ដែល​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារ​សក្ការៈ ចេញ​ពី​ស្រុក ហើយ​លុប​បំបាត់​ព្រះ​ក្លែង‌ក្លាយ​ទាំង​ប៉ុន្មាន​ដែល​ពួក​អយ្យ‌កោ​បាន​កសាង​ផង។

13. ស្ដេច​បាន​ហូត​ងារ​មហា​ក្សត្រិ‌យានី​ពី​ព្រះ‌នាង​ម៉ាកា ជា​មាតា ព្រោះ​មាតា​បាន​កសាង​រូប​ដ៏​គំរក់​មួយ ជា​តំណាង​ព្រះ​អា‌សេ‌រ៉ា។ ព្រះ‌បាទ​អេសា​កម្ទេច​រូប​ដ៏​គំរក់​នោះ រួច​យក​ទៅ​ដុត​ចោល​នៅ​ជ្រោះ​កេដ្រូន។

14. ក៏​ប៉ុន្តែ ទោះ​បី​ស្ដេច​ស្រឡាញ់​ព្រះ‌អម្ចាស់​ដោយ​ស្មោះ​ក្ដី ក៏​ទ្រង់​ពុំ​បាន​លុប​បំបាត់​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ​ដែរ។

15. ស្ដេច​បាន​នាំ​តង្វាយ ដែល​បិតា និង​ស្ដេច​ផ្ទាល់ បាន​ញែក​ជា​របស់​សក្ការៈ គឺ​មាន​គ្រឿង​មាស ប្រាក់ និង​វត្ថុ​ផ្សេងៗ​ទៀត ទៅ​ទុក​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់។

16. ព្រះ‌បាទ​អេសា និង​ព្រះ‌បាទ​បាសា​ជា​ស្ដេច​ស្រុក​អ៊ីស្រា‌អែល តែងតែ​ធ្វើ​សង្គ្រាម​នឹង​គ្នា​ទៅ​វិញ​ទៅ​មក អស់​មួយ​រជ្ជកាល​ស្ដេច​ទាំង​ពីរ។

17. ព្រះ‌បាទ​បាសា ជា​ស្ដេច​ស្រុក​អ៊ីស្រា‌អែល លើក​ទ័ព​មក​វាយ​ស្រុក​យូដា ហើយ​សង់​កំពែង​ជុំ‌វិញ​ក្រុង​រ៉ាម៉ា ដើម្បី​កុំ​ឲ្យ​ប្រជា‌ជន​របស់​ព្រះ‌បាទ​អេសា ជា​ស្ដេច​ស្រុក​យូដា អាច​ចេញ​ចូល​បាន។

18. ព្រះ‌បាទ​អេសា​បាន​ប្រមូល​មាស​ប្រាក់​ទាំង​ប៉ុន្មាន ដែល​មាន​នៅ​ក្នុង​ឃ្លាំង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ និង​ក្នុង​ឃ្លាំង​ព្រះ​រាជ‌វាំង ប្រគល់​ទៅ​ឲ្យ​ពួក​រាជ​បម្រើ ហើយ​ចាត់​ពួក​គេ​ឲ្យ​ទៅ​គាល់​ព្រះ‌បាទ​បេន-‌ហា‌ដាដ ជា​បុត្រ​របស់​ព្រះ‌បាទ​ថាប‌រីម៉ូន ដែល​ត្រូវ​ជា​បុត្រ​របស់​ព្រះ‌បាទ​ហេស‌យ៉ូន ស្ដេច​ស្រុក​ស៊ីរី ដែល​គង់​នៅ​ក្រុង​ដាម៉ាស ទូល​ថា៖

19. «ទូលបង្គំ​សូម​ចង​សម្ពន្ធ​មិត្ត​ជា​មួយ​ព្រះ‌ករុណា ដូច​បិតា​របស់​ទូលបង្គំ​បាន​ចង​ជា​មួយ​បិតា​របស់​ព្រះ‌ករុណា​ដែរ។ ទូលបង្គំ​សូម​ផ្ញើ​មាស និង​ប្រាក់​នេះ​មក​ថ្វាយ​ព្រះ‌ករុណា។ សូម​ព្រះ‌ករុណា​ផ្ដាច់​ចំណង​សម្ពន្ធ​មិត្ត​ជា​មួយ​បាសា ជា​ស្ដេច​ស្រុក​អ៊ីស្រា‌អែល​ទៅ ដើម្បី​កុំ​ឲ្យ​ស្ដេច​នោះ​លើក​ទ័ព​មក​វាយ​ទូលបង្គំ»។

20. ព្រះ‌បាទ​បេនហា‌ដាដ​យល់​ព្រម​តាម​សំណូម‌ពរ​របស់​ព្រះ‌បាទ​អេសា ហើយ​ចាត់​មេ‌ទ័ព​ឲ្យ​ទៅ​វាយ​ក្រុង​នានា​របស់​ស្រុក​អ៊ីស្រា‌អែល។ ពួក​គេ​វាយ​យក​ក្រុង​អ៊ីយ៉ូន ក្រុង​ដាន់ ក្រុង​អេបិល-‌បេត-‌ម៉ាកា ព្រម​ទាំង​តំបន់​គីនេ‌រ៉ែត​ទាំង​មូល និង​ស្រុក​ណែប‌ថាលី​ទាំង​មូល។

21. កាល​ព្រះ‌បាទ​បាសា ជ្រាប​ពី​ដំណឹង​នេះ ទ្រង់​ក៏​ឈប់​សង់​កំពែង​ក្រុង​រ៉ាម៉ា ហើយ​យាង​មក​គង់​នៅ​ក្រុង​ធើសា​វិញ។

22. ពេល​នោះ ព្រះ‌បាទ​អេសា​ប្រមូល​ជន‌ជាតិ​យូដា​ទាំង​មូល ឥត​ខ្វះ​អ្នក​ណា​ម្នាក់​ឡើយ ដើម្បី​ជញ្ជូន​ថ្ម និង​ឈើ ដែល​ព្រះ‌បាទ​បាសា​ប្រើ​សម្រាប់​សង់​កំពែង​ក្រុង​រ៉ាម៉ា។ ព្រះ‌បាទ​អេសា​យក​ថ្ម និង​ឈើ​ទាំង​នោះ​ទៅ​សង់​កំពែង​ក្រុង​កេបា ក្នុង​ទឹក​ដី​បេន‌យ៉ាមីន និង​ក្រុង​មីសប៉ា។

23. រាជ​កិច្ច​ទាំង​ប៉ុន្មាន​របស់​ព្រះ‌បាទ​អេសា គឺ​វីរ‌ភាព​ដ៏​អង់‌អាច និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ស្ដេច​បាន​ប្រព្រឹត្ត ព្រម​ទាំង​ការ​សង់​ទីក្រុង​នានា សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ‌សាស្ត្រ​របស់​ស្ដេច​ស្រុក​យូដា។ នៅ​គ្រា​ដែល​ស្ដេច​មាន​ព្រះ‌ជន្ម​ចាស់​ជរា នោះ​ទ្រង់​កើត​រោគា​នៅ​ព្រះ‌បាទា។

24. កាល​ព្រះ‌បាទ​អេសា​សោយ​ទិវង្គត គេ​បាន​យក​សព​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ​របស់​រាជ‌វង្ស នៅ​បុរី​ព្រះ‌បាទ​ដាវីឌ ជា​អយ្យ‌កោ។ ព្រះ‌បាទ​យ៉ូសា‌ផាត ជា​បុត្រ បាន​ឡើង​ស្នង​រាជ្យ។

ព្រះ‌បាទ​ណា‌ដាប់​សោយ​រាជ្យ​នៅ​ស្រុក​អ៊ីស្រា‌អែល

25. នៅ​ឆ្នាំ​ទី​ពីរ​នៃ​រជ្ជកាល​ព្រះ‌បាទ​អេសា ជា​ស្ដេច​ស្រុក​យូដា ព្រះ‌បាទ​ណាដាប់ ជា​បុត្រ​ព្រះ‌បាទ​យេរ៉ូ‌បោម បាន​ឡើង​សោយ‌រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល ទ្រង់​សោយ​រាជ្យ​បាន​ពីរ​ឆ្នាំ។

26. ស្ដេច​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ និង​ដើរ​តាម​ផ្លូវ​របស់​បិតា គឺ​ទ្រង់​ប្រព្រឹត្ត​អំពើ​បាប ហើយ​នាំ​ប្រជា‌ជន​អ៊ីស្រា‌អែល​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប​ដែរ។

27. លោក​បាសា​ជា​កូន​របស់​លោក​អហ៊ី‌យ៉ា ក្នុង​កុល‌សម្ព័ន្ធ​អ៊ីសា‌ខារ បាន​ក្បត់​ព្រះ‌បាទ​ណាដាប់ ហើយ​ធ្វើ​គុត​ស្ដេច​នៅ​គីប‌ថោន ជា​ក្រុង​របស់​ពួក​ភីលីស្ទីន ក្នុង​គ្រា​ដែល​ស្ដេច និង​កង‌ទ័ព​អ៊ីស្រា‌អែល​ទាំង​មូល​កំពុង​ឡោម‌ព័ទ្ធ​ក្រុង​នោះ។

28. លោក​បាសា​ធ្វើ​គុត​ស្ដេច នៅ​ឆ្នាំ​ទី​បី​នៃ​រជ្ជកាល​ព្រះ‌បាទ​អេសា ជា​ស្ដេច​ស្រុក​យូដា ហើយ​ឡើង​សោយ​រាជ្យ​ជំនួស។

29. ពេល​ឡើង​គ្រង​រាជ្យ​ហើយ​ព្រះ‌បាទ​បាសា​ប្រហារ​ជីវិត​រាជ‌វង្ស​របស់​ព្រះ‌បាទ​យេរ៉ូ‌បោម​ទាំង​អស់ គ្មាន​ទុក​ឲ្យ​សល់​អ្នក​ណា​ម្នាក់​ឡើយ គឺ​បំផ្លាញ​ឲ្យ​ផុត​ពូជ ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​ថ្លែង​តាម​រយៈ​ព្យាការី​អហ៊ី‌យ៉ា នៅ​ស៊ីឡូ។

30. ហេតុ‌ការណ៍​នេះ​កើត​មាន ព្រោះ​តែ​អំពើ​បាប​ដែល​ព្រះ‌បាទ​យេរ៉ូ‌បោម​ប្រព្រឹត្ត ហើយ​នាំ​ប្រជា‌ជន​អ៊ីស្រា‌អែល​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប​ដែរ ជា​ហេតុ​បណ្ដាល​ឲ្យ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​ទ្រង់​ព្រះ‌ពិរោធ។

31. រាជ​កិច្ច​ផ្សេងៗ​របស់​ព្រះ‌បាទ​ណាដាប់ និង​អ្វីៗ​ទាំង​អស់​ដែល​ទ្រង់​បាន​ធ្វើ សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ‌សាស្ត្រ​របស់​ស្ដេច​ស្រុក​អ៊ីស្រា‌អែល។

32. ព្រះ‌បាទ​អេសា និង​ព្រះ‌បាទ​បាសា ជា​ស្ដេច​ស្រុក​អ៊ីស្រា‌អែល តែងតែ​ធ្វើ​សង្គ្រាម​ជា​មួយ​គ្នា​ទៅ​វិញ​ទៅ​មក អស់​មួយ​រជ្ជកាល​ស្ដេច​ទាំង​ពីរ។

ព្រះ‌បាទ​បាសា​សោយ​រាជ្យ​នៅ​ស្រុក​អ៊ីស្រា‌អែល

33. នៅ​ឆ្នាំ​ទី​បី​នៃ​រជ្ជកាល​ព្រះ‌បាទ​អេសា ជា​ស្ដេច​ស្រុក​យូដា ព្រះ‌បាទ​បាសា ជា​កូន​របស់​លោក​អហ៊ី‌យ៉ា បាន​ឡើង​សោយ​រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល​ទាំង​មូល នៅ​ក្រុង​ធើសា អស់​រយៈ​ពេល​ម្ភៃ​បួន​ឆ្នាំ។

34. ស្ដេច​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ និង​ដើរ​តាម​ផ្លូវ​របស់​ព្រះ‌បាទ​យេរ៉ូ‌បោម គឺ​ទ្រង់​ប្រព្រឹត្ត​អំពើ​បាប ហើយ​នាំ​ប្រជា‌ជន​អ៊ីស្រា‌អែល​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប​ដែរ។