គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ ពង្សា‌វតារ‌ក្សត្រ 14:3-13 Khmer Standard Version (KHSV)

3. ចូរ​យក​នំបុ័ង​ដប់​ដុំ និង​នំ​ខ្លះ ព្រម​ទាំង​ទឹក​ឃ្មុំ​មួយ​ដប​ទៅ​ជា​មួយ​ផង។ ត្រូវ​ទៅ​ជួប​លោក លោក​មុខ​ជា​ប្រាប់​ឲ្យ​នាង​ដឹង​ថា កូន​យើង​នឹង​ទៅ​ជា​យ៉ាង​ណា»។

4. មហេសី​របស់​ព្រះ‌បាទ​យេរ៉ូ‌បោម​ក៏​ធ្វើ​តាម។ ព្រះ‌នាង​ក្រោក​ឡើង ចេញ​ដំណើរ​ទៅ​ស៊ីឡូ ហើយ​ទៅ​ដល់​ផ្ទះ​របស់​លោក​អហ៊ី‌យ៉ា។ លោក​អហ៊ី‌យ៉ា​មើល​អ្វី​លែង​ឃើញ​ទៀត​ហើយ ព្រោះ​ភ្នែក​លោក​ងងឹត ដោយ​លោក​ចាស់​ជរា។

5. មុន​ពេល​ព្រះ‌នាង​មក​ដល់ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​អហ៊ី‌យ៉ា​ថា៖ «មហេសី​របស់​យេរ៉ូ‌បោម​នឹង​មក​សួរ​អ្នក​អំពី​កូន ដែល​កំពុង​ឈឺ។ កាល​នាង​ចូល​មក​ជួប​អ្នក នាង​នឹង​ក្លែង​ខ្លួន​ធ្វើ​ជា​ស្ត្រី​ម្នាក់​ផ្សេង​ទៀត។ ត្រូវ​និយាយ​ជា​មួយ​នាង​តាម​ពាក្យ​ដែល​យើង​នឹង​ប្រាប់​អ្នក»។

6. កាល​លោក​អហ៊ី‌យ៉ា​ឮ​ស្នូរ​សំរិប​ជើង​របស់​ព្រះ‌នាង​មក​ដល់​មាត់​ទ្វារ លោក​ពោល​ថា៖ «សូម​យាង​ចូល​មក! មហេសី​របស់​ព្រះ‌បាទ​យេរ៉ូ‌បោម ហេតុ​អ្វី​បាន​ជា​ព្រះ‌នាង​ក្លែង​ខ្លួន​ជា​ស្ត្រី​ផ្សេង​ដូច្នេះ? ព្រះ‌ជាម្ចាស់​ចាត់​ទូលបង្គំ​ឲ្យ​នាំ​ដំណឹង​ដ៏​អាក្រក់ មក​ទូល​ព្រះ‌នាង។

7. សូម​យាង​ទៅ​ទូល​ព្រះ‌បាទ​យេរ៉ូ‌បោម​ដូច​ត​ទៅ: ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ថា “យើង​បាន​លើក​តម្កើង​អ្នក​នៅ​ចំពោះ​មុខ​ប្រជា‌ជន និង​តែង‌តាំង​អ្នក​ឲ្យ​ធ្វើ​ជា​មេ​ដឹក​នាំ​លើ​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើង។

8. យើង​បាន​ដក​ហូត​រាជ‌សម្បត្តិ​ពី​ពូជ‌ពង្ស​ដាវីឌ ហើយ​ប្រគល់​ឲ្យ​អ្នក។ ក៏​ប៉ុន្តែ អ្នក​មិន​បាន​កាន់​តាម​បទ‌បញ្ជា​របស់​យើង និង​គោរព​បម្រើ​យើង ដោយ​ចិត្ត​ស្មោះ​ឡើយ ហើយ​អ្នក​ក៏​មិន​បាន​ប្រព្រឹត្ត​អំពើ​សុចរិត ដែល​គាប់​ចិត្ត​យើង ដូច​ដាវីឌ​ជា​អ្នក​បម្រើ​របស់​យើង​ដែរ។

9. អ្នក​បាន​ប្រព្រឹត្ត​អាក្រក់​ជាង​អស់​អ្នក​មុនៗ​ទៅ​ទៀត គឺ​អ្នក​បាន​ធ្វើ​រូប​ព្រះ​ផ្សេងៗ ព្រម​ទាំង​សិត​ធ្វើ​រូប​បដិមា ដើម្បី​បញ្ឆេះ​កំហឹង​របស់​យើង ហើយ​អ្នក​បាន​បែរ​ខ្នង​ដាក់​យើង​ថែម​ទៀត។

10. ហេតុ​នេះ យើង​នឹង​ធ្វើ​ឲ្យ​ទុក្ខ​វេទនា​កើត​មាន​ចំពោះ​ពូជ‌ពង្ស​របស់​យេរ៉ូ‌បោម។ យើង​នឹង​ប្រហារ​កូន​ប្រុសៗ ក្នុង​ក្រុម​គ្រួសារ​របស់​យេរ៉ូ‌បោម ទាំង​អ្នក​ងារ ទាំង​អ្នក​ជា ឲ្យ​អស់​ពី​ស្រុក​អ៊ីស្រា‌អែល។ យើង​នឹង​បោស​ពូជ‌ពង្ស​របស់​យេរ៉ូ‌បោម ដូច​គេ​បោស​សំរាម ទាល់​តែ​អស់​ដែរ។

11. ក្នុង​ក្រុម​គ្រួសារ​យេរ៉ូ‌បោម អ្នក​ដែល​ស្លាប់​នៅ​ក្នុង​ទីក្រុង នឹង​ត្រូវ​ឆ្កែ​ហែក​ស៊ី ហើយ​អ្នក​ដែល​ស្លាប់​នៅ​តាម​វាល​នឹង​ត្រូវ​ត្មាត​ចឹក​ស៊ី”។ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

12. រីឯ​ព្រះ‌នាង​វិញ សូម​ក្រោក​ឡើង វិល​ត្រឡប់​ទៅ​ដំណាក់​ចុះ! ពេល​ព្រះ‌នាង​យាង​ចូល​ដល់​ទីក្រុង បុត្រ​នោះ​នឹង​សោយ​ទិវង្គត។

13. ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល​នាំ​គ្នា​កាន់​ទុក្ខ ហើយ​បញ្ចុះ​សព​បុត្រ​នោះ។ ក្នុង​រាជ‌វង្ស​របស់​ព្រះ‌បាទ​យេរ៉ូ‌បោម មាន​តែ​បុត្រ​នេះ​មួយ​អង្គ​ប៉ុណ្ណោះ ដែល​គេ​បញ្ចុះ​សព​ក្នុង​ផ្នូរ ដ្បិត​ក្នុង​រាជ‌វង្ស​ព្រះ‌បាទ​យេរ៉ូ‌បោម​មាន​តែ​បុត្រ​អង្គ​នេះ​ទេ ដែល​បាន​ប្រព្រឹត្ត​អំពើ​ល្អ​ខ្លះៗ ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ប្រជា‌ជន​អ៊ីស្រា‌អែល។

សូមអានជំពូកពេញលេញ ១ ពង្សា‌វតារ‌ក្សត្រ 14