គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ ពង្សា‌វតារ‌ក្សត្រ 14:21-31 Khmer Standard Version (KHSV)

21. ព្រះ‌បាទ​រេហូ‌បោម ជា​បុត្រ​របស់​ព្រះ‌បាទ​សាឡូម៉ូន​ឡើង​សោយ​រាជ្យ​លើ​ស្រុក​យូដា ក្នុង​ជន្មាយុ​សែ‌សិប​មួយ​វស្សា។ ស្ដេច​សោយ​រាជ្យ​បាន​ដប់​ប្រាំ‌ពីរ​វស្សា នៅ​ក្រុង​យេរូ‌សាឡឹម ជា​ក្រុង​ដែល​ព្រះ‌អម្ចាស់​បាន​ជ្រើស​រើស​ពី​ក្នុង​ចំណោម​ទឹក​ដី​នៃ​កុល‌សម្ព័ន្ធ​អ៊ីស្រា‌អែល​ទាំង​អស់ សម្រាប់​ព្រះ‌នាម​របស់​ព្រះ‌អង្គ។ មាតា​របស់​ស្ដេច​មាន​នាម​ថា​ណា‌អា‌ម៉ា ជា​ជន‌ជាតិ​អាំម៉ូន។

22. ប្រជា‌ជន​យូដា​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ ទាស់​នឹង​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់។ ពួក​គេ​បាន​ធ្វើ​ឲ្យ​ព្រះ‌អង្គ​ទ្រង់​ព្រះ‌ពិរោធ ដោយ‌សារ​តែ​អំពើ​បាប​ដែល​ពួក​គេ​ប្រព្រឹត្ត លើស​ពី​ដូនតា​របស់​ពួក​គេ​ទៅ​ទៀត។

23. ពួក​គេ​នាំ​គ្នា​សង់​កន្លែង​សក្ការៈ នៅ​តាម​ទួល​ខ្ពស់ៗ ព្រម​ទាំង​សង់​ស្តូប និង​បង្គោល​ព្រះ​អា‌សេ‌រ៉ា នៅ​តាម​កំពូល​ភ្នំ និង​នៅ​ក្រោម​ដើម​ឈើ​ដែល​មាន​ស្លឹក​ខៀវ​ខ្ចី។

24. នៅ​ក្នុង​ស្រុក មាន​ប្រុសៗ​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារ*​សក្ការៈ គឺ​ពួក​គេ​ធ្វើ​តាម​អំពើ​គួរ​ស្អប់​ខ្ពើម​របស់​ប្រជា‌ជាតិ​នានា ដែល​ព្រះ‌អម្ចាស់​បាន​បណ្ដេញ​ចេញ​ពី​មុខ​កូន​ចៅ​អ៊ីស្រា‌អែល។

25. នៅ​ឆ្នាំ​ទី​ប្រាំ​នៃ​រជ្ជកាល​ព្រះ‌បាទ​រេហូ‌បោម ព្រះ‌ចៅ​ស៊ី‌សាក់ ជា​ស្ដេច​ស្រុក​អេស៊ីប បាន​ឡើង​មក​វាយ​ក្រុង​យេរូ‌សាឡឹម។

26. ស្ដេច​ស្រុក​អេស៊ីប​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ និង​រាជ‌ទ្រព្យ​នៅ​ក្នុង​វាំង។ ស្ដេច​បាន​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​ទាំង​មូល និង​ខែល​មាស​ទាំង​អស់​ដែល​ព្រះ‌បាទ​សាឡូម៉ូន​បាន​ធ្វើ។

27. ព្រះ‌បាទ​រេហូ‌បោម​បាន​ឲ្យ​គេ​ធ្វើ​ខែល​ពី​លង្ហិន​ជំនួស​វិញ ហើយ​ប្រគល់​ឲ្យ​មេ​ក្រុម​របស់​កង​ទាហាន​ដែល​យាម​ខ្លោង​ទ្វារ​វាំង​មើល​ថែ‌រក្សា។

28. គ្រប់​ពេល​ដែល​ស្ដេច​យាង​ចូល​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ពួក​ទាហាន​នាំ​គ្នា​កាន់​ខែល​ទាំង​នោះ រួច​ពួក​គេ​ប្រមូល​យក​ទៅ​ទុក ក្នុង​បន្ទប់​របស់​មេ​ក្រុម​វិញ។

29. រាជ​កិច្ច​ផ្សេងៗ​ទៀត​របស់​ព្រះ‌បាទ​រេហូ‌បោម និង​អ្វីៗ​ទាំង​អស់​ដែល​ទ្រង់​បាន​ធ្វើ សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ‌សាស្ត្រ​របស់​ស្ដេច​ស្រុក​យូដា។

30. ព្រះ‌បាទ​រេហូ‌បោម និង​ព្រះ‌បាទ​យេរ៉ូ‌បោម តែងតែ​ធ្វើ​សង្គ្រាម​ជា​មួយ​គ្នា​ទៅ​វិញ​ទៅ​មក​ជា‌និច្ច។

31. កាល​ព្រះ‌បាទ​រេហូ‌បោម​សោយ​ទិវង្គត គេ​បាន​យក​សព​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ​របស់​រាជ‌វង្ស នៅ​បុរី​ព្រះ‌បាទ​ដាវីឌ។ មាតា​របស់​ស្ដេច​មាន​នាម​ថា ណា‌អា‌ម៉ា ជា​ជន‌ជាតិ​អាំម៉ូន។ ព្រះ‌បាទ​អប៊ី‌យ៉ា ជា​បុត្រ បាន​ឡើង​ស្នង​រាជ្យ។

សូមអានជំពូកពេញលេញ ១ ពង្សា‌វតារ‌ក្សត្រ 14