គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ ពង្សា‌វតារ‌ក្សត្រ 14:12-21 Khmer Standard Version (KHSV)

12. រីឯ​ព្រះ‌នាង​វិញ សូម​ក្រោក​ឡើង វិល​ត្រឡប់​ទៅ​ដំណាក់​ចុះ! ពេល​ព្រះ‌នាង​យាង​ចូល​ដល់​ទីក្រុង បុត្រ​នោះ​នឹង​សោយ​ទិវង្គត។

13. ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល​នាំ​គ្នា​កាន់​ទុក្ខ ហើយ​បញ្ចុះ​សព​បុត្រ​នោះ។ ក្នុង​រាជ‌វង្ស​របស់​ព្រះ‌បាទ​យេរ៉ូ‌បោម មាន​តែ​បុត្រ​នេះ​មួយ​អង្គ​ប៉ុណ្ណោះ ដែល​គេ​បញ្ចុះ​សព​ក្នុង​ផ្នូរ ដ្បិត​ក្នុង​រាជ‌វង្ស​ព្រះ‌បាទ​យេរ៉ូ‌បោម​មាន​តែ​បុត្រ​អង្គ​នេះ​ទេ ដែល​បាន​ប្រព្រឹត្ត​អំពើ​ល្អ​ខ្លះៗ ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ប្រជា‌ជន​អ៊ីស្រា‌អែល។

14. នៅ​ថ្ងៃ​នោះ ព្រះ‌អម្ចាស់​នឹង​ជ្រើស​តាំង​ស្ដេច​មួយ​អង្គ​ទៀត ឲ្យ​សោយ​រាជ្យ​លើ​ប្រជា‌ជន​អ៊ីស្រា‌អែល ស្ដេច​ថ្មី​នោះ​នឹង​ប្រហារ​ពូជ‌ពង្ស​របស់​ព្រះ‌បាទ​យេរ៉ូ‌បោម​ឲ្យ​វិនាស​សូន្យ។ ហេតុ‌ការណ៍​នេះ​កំពុង​តែ​កើត​មាន!

15. ព្រះ‌អម្ចាស់​នឹង​វាយ​ជន‌ជាតិ​អ៊ីស្រា‌អែល ពេល​នោះ ពួក​គេ​ប្រៀប​ដូច​ជា​ដើម​ត្រែង​ដែល​ញ័រ​នៅ​ក្នុង​ទឹក។ ព្រះ‌អម្ចាស់​នឹង​ដក​ជន‌ជាតិ​អ៊ីស្រា‌អែល​ចេញ​ពី​ទឹក​ដី​ដ៏​ល្អ ដែល​ព្រះ‌អង្គ​ប្រទាន​ដល់​បុព្វបុរស​របស់​ពួក​គេ ព្រះ‌អង្គ​នឹង​កំចាត់‌កំចាយ​ពួក​គេ​ឲ្យ​ទៅ​នៅ​ខាង​នាយ​ទន្លេ​អឺប្រាត ព្រោះ​ពួក​គេ​ធ្វើ​បង្គោល​ព្រះ​អា‌សេ‌រ៉ា ដែល​បណ្ដាល​ឲ្យ​ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌ពិរោធ។

16. ព្រះ‌អង្គ​បោះ​បង់​ចោល​អ៊ីស្រា‌អែល ព្រោះ​តែ​ព្រះ‌បាទ​យេរ៉ូ‌បោម​ប្រព្រឹត្ត​អំពើ​បាប និង​នាំ​ប្រជា‌ជន​អ៊ីស្រា‌អែល​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប​ដែរ»។

17. មហេសី​របស់​ព្រះ‌បាទ​យេរ៉ូ‌បោម​ក្រោក​ឡើង ហើយ​យាង​ចេញ​ទៅ។ ពេល​ព្រះ‌នាង​យាង​ដល់​ក្រុង​ធើសា ហើយ​ឈាន​ជើង​ជាន់​មាត់​ទ្វារ​ព្រះ‌ដំណាក់ បុត្រ​នោះ​ក៏​សោយ​ទិវង្គត។

18. គេ​បាន​បញ្ចុះ​សព​បុត្រ​នោះ ហើយ​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល​នាំ​គ្នា​កាន់​ទុក្ខ ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​បាន​ថ្លែង​តាម​រយៈ​ព្យាការី​អហ៊ី‌យ៉ា ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ។

19. រីឯ​រាជ​កិច្ច​ផ្សេងៗ​ទៀត​របស់​ព្រះ‌បាទ​យេរ៉ូ‌បោម ដូច​ជា​ការ​ធ្វើ​សង្គ្រាម ការ​គ្រង​រាជ្យ សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ‌សាស្ត្រ​របស់​ស្ដេច​ស្រុក​អ៊ីស្រា‌អែល។

20. ព្រះ‌បាទ​យេរ៉ូ‌បោម​គ្រង​រាជ្យ​នៅ​ស្រុក​អ៊ីស្រា‌អែល អស់​រយៈ​ពេល​ម្ភៃ​ពីរ​ឆ្នាំ។ កាល​ស្ដេច​សោយ​ទិវង្គត​ផុត​ទៅ ព្រះ‌បាទ​ណា‌ដាប់​ជា​បុត្រ បាន​ឡើង​ស្នង​រាជ្យ។

21. ព្រះ‌បាទ​រេហូ‌បោម ជា​បុត្រ​របស់​ព្រះ‌បាទ​សាឡូម៉ូន​ឡើង​សោយ​រាជ្យ​លើ​ស្រុក​យូដា ក្នុង​ជន្មាយុ​សែ‌សិប​មួយ​វស្សា។ ស្ដេច​សោយ​រាជ្យ​បាន​ដប់​ប្រាំ‌ពីរ​វស្សា នៅ​ក្រុង​យេរូ‌សាឡឹម ជា​ក្រុង​ដែល​ព្រះ‌អម្ចាស់​បាន​ជ្រើស​រើស​ពី​ក្នុង​ចំណោម​ទឹក​ដី​នៃ​កុល‌សម្ព័ន្ធ​អ៊ីស្រា‌អែល​ទាំង​អស់ សម្រាប់​ព្រះ‌នាម​របស់​ព្រះ‌អង្គ។ មាតា​របស់​ស្ដេច​មាន​នាម​ថា​ណា‌អា‌ម៉ា ជា​ជន‌ជាតិ​អាំម៉ូន។

សូមអានជំពូកពេញលេញ ១ ពង្សា‌វតារ‌ក្សត្រ 14