គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ ពង្សា‌វតារ‌ក្សត្រ 14:1-8 Khmer Standard Version (KHSV)

1. គ្រា​នោះ សម្ដេច​អប៊ី‌យា​ជា​បុត្រ​របស់​ព្រះ‌បាទ​យេរ៉ូ‌បោម​ប្រឈួន។

2. ព្រះ‌បាទ​យេរ៉ូ‌បោម​មាន​រាជ‌ឱង្ការ​ទៅ​កាន់​មហេសី​ថា៖ «ចូរ​ក្រោក​ឡើង​ក្លែង​ខ្លួន ដើម្បី​កុំ​ឲ្យ​គេ​ស្គាល់​ថា នាង​ជា​មហេសី​យើង រួច​ធ្វើ​ដំណើរ​ទៅ​កាន់​ស៊ីឡូ។ នៅ​ទី​នោះ មាន​ព្យាការី​ម្នាក់ ឈ្មោះ​អហ៊ី‌យ៉ា គឺ​លោក​ហើយ​ដែល​ប្រាប់​យើង​ថា យើង​នឹង​សោយ​រាជ្យ​លើ​ប្រជា‌ជន​នេះ។

3. ចូរ​យក​នំបុ័ង​ដប់​ដុំ និង​នំ​ខ្លះ ព្រម​ទាំង​ទឹក​ឃ្មុំ​មួយ​ដប​ទៅ​ជា​មួយ​ផង។ ត្រូវ​ទៅ​ជួប​លោក លោក​មុខ​ជា​ប្រាប់​ឲ្យ​នាង​ដឹង​ថា កូន​យើង​នឹង​ទៅ​ជា​យ៉ាង​ណា»។

4. មហេសី​របស់​ព្រះ‌បាទ​យេរ៉ូ‌បោម​ក៏​ធ្វើ​តាម។ ព្រះ‌នាង​ក្រោក​ឡើង ចេញ​ដំណើរ​ទៅ​ស៊ីឡូ ហើយ​ទៅ​ដល់​ផ្ទះ​របស់​លោក​អហ៊ី‌យ៉ា។ លោក​អហ៊ី‌យ៉ា​មើល​អ្វី​លែង​ឃើញ​ទៀត​ហើយ ព្រោះ​ភ្នែក​លោក​ងងឹត ដោយ​លោក​ចាស់​ជរា។

5. មុន​ពេល​ព្រះ‌នាង​មក​ដល់ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​អហ៊ី‌យ៉ា​ថា៖ «មហេសី​របស់​យេរ៉ូ‌បោម​នឹង​មក​សួរ​អ្នក​អំពី​កូន ដែល​កំពុង​ឈឺ។ កាល​នាង​ចូល​មក​ជួប​អ្នក នាង​នឹង​ក្លែង​ខ្លួន​ធ្វើ​ជា​ស្ត្រី​ម្នាក់​ផ្សេង​ទៀត។ ត្រូវ​និយាយ​ជា​មួយ​នាង​តាម​ពាក្យ​ដែល​យើង​នឹង​ប្រាប់​អ្នក»។

6. កាល​លោក​អហ៊ី‌យ៉ា​ឮ​ស្នូរ​សំរិប​ជើង​របស់​ព្រះ‌នាង​មក​ដល់​មាត់​ទ្វារ លោក​ពោល​ថា៖ «សូម​យាង​ចូល​មក! មហេសី​របស់​ព្រះ‌បាទ​យេរ៉ូ‌បោម ហេតុ​អ្វី​បាន​ជា​ព្រះ‌នាង​ក្លែង​ខ្លួន​ជា​ស្ត្រី​ផ្សេង​ដូច្នេះ? ព្រះ‌ជាម្ចាស់​ចាត់​ទូលបង្គំ​ឲ្យ​នាំ​ដំណឹង​ដ៏​អាក្រក់ មក​ទូល​ព្រះ‌នាង។

7. សូម​យាង​ទៅ​ទូល​ព្រះ‌បាទ​យេរ៉ូ‌បោម​ដូច​ត​ទៅ: ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ថា “យើង​បាន​លើក​តម្កើង​អ្នក​នៅ​ចំពោះ​មុខ​ប្រជា‌ជន និង​តែង‌តាំង​អ្នក​ឲ្យ​ធ្វើ​ជា​មេ​ដឹក​នាំ​លើ​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើង។

8. យើង​បាន​ដក​ហូត​រាជ‌សម្បត្តិ​ពី​ពូជ‌ពង្ស​ដាវីឌ ហើយ​ប្រគល់​ឲ្យ​អ្នក។ ក៏​ប៉ុន្តែ អ្នក​មិន​បាន​កាន់​តាម​បទ‌បញ្ជា​របស់​យើង និង​គោរព​បម្រើ​យើង ដោយ​ចិត្ត​ស្មោះ​ឡើយ ហើយ​អ្នក​ក៏​មិន​បាន​ប្រព្រឹត្ត​អំពើ​សុចរិត ដែល​គាប់​ចិត្ត​យើង ដូច​ដាវីឌ​ជា​អ្នក​បម្រើ​របស់​យើង​ដែរ។

សូមអានជំពូកពេញលេញ ១ ពង្សា‌វតារ‌ក្សត្រ 14