គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ ពង្សា‌វតារ‌ក្សត្រ 13:23-34 Khmer Standard Version (KHSV)

23. ក្រោយ​ពី​បាន​បរិភោគ​អាហារ និង​ទឹក​រួច ព្យាការី​ចាស់​ចង​កែប​លា​ជូន​ព្យាការី​ដែល​គាត់​បាន​នាំ​ត្រឡប់​មក​វិញ។

24. លោក​ក៏​ចាក​ចេញ​ទៅ ហើយ​នៅ​តាម​ផ្លូវ លោក​បាន​ជួប​នឹង​សិង្ហ​មួយ វា​សម្លាប់​លោក ទុក​សាក‌សព​ចោល​នៅ​លើ​ផ្លូវ។ សត្វ​លា និង​សត្វ​សិង្ហ ឈរ​នៅ​ជិត​សាក‌សព។

25. មនុស្ស‌ម្នា​ដែល​ធ្វើ​ដំណើរ​កាត់​តាម​នោះ ឃើញ​សាក‌សព​របស់​លោក​នៅ​លើ​ផ្លូវ ហើយ​ឃើញ​សិង្ហ​ឈរ​នៅ​ក្បែរ​សព​នោះ។ ពួក​គេ​ក៏​យក​រឿង​នេះ​ទៅ​និយាយ​នៅ​ក្នុង​ក្រុង ដែល​ព្យាការី​ចាស់​នោះ​រស់​នៅ។

26. កាល​ព្យាការី​ដែល​បាន​អញ្ជើញ​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​មក​ផ្ទះ​គាត់ ឮ​ដំណឹង​នេះ ក៏​ពោល​ថា៖ «គាត់​ជា​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​ដែល​មិន​ធ្វើ​តាម​បង្គាប់​ព្រះ‌អង្គ។ ព្រះ‌អម្ចាស់​បាន​ប្រគល់​គាត់​ទៅ​ក្នុង​ក្រញាំ​សិង្ហ វា​ហែក​សម្លាប់​គាត់ ស្រប​តាម​សេចក្ដី​ដែល​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​គាត់»។

27. បន្ទាប់​មក ព្យាការី​ចាស់​នោះ​ពោល​ទៅ​កាន់​កូនៗ​របស់​គាត់​ថា៖ «ចូរ​ចង​កែប​លា​ឲ្យ​ពុក!»។ កូនៗ​ក៏​ចង​កែប​លា​ជូន​គាត់។

28. ពេល​នោះ គាត់​ចេញ​ដំណើរ​ទៅ ឃើញ​សាក‌សព​នៅ​កណ្ដាល​ផ្លូវ។ សត្វ​លា និង​សត្វ​សិង្ហ​ឈរ​នៅ​ក្បែរ​សព​នោះ ប៉ុន្តែ សិង្ហ​ពុំ​បាន​ហែក​សាក‌សព​ស៊ី​ទេ ហើយ​ក៏​ពុំ​បាន​ខាំ​សត្វ​លា​ដែរ។

29. គាត់​លើក​សាក‌សព​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​ដាក់​លើ​ខ្នង​លា នាំ​ទៅ​បេត‌អែល ដើម្បី​ធ្វើ​ពិធី​កាន់​ទុក្ខ និង​បញ្ចុះ‌សព។

30. គាត់​យក​សាក‌សព​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ​របស់​ខ្លួន​ផ្ទាល់ រួច​យំ​ស្រណោះ​ថា “ប្អូន​អើយ ម្ដេច​ក៏​វេទនា​ម៉្លេះ!”។

31. ក្រោយ​ពី​បាន​បញ្ចុះ​សព​រួច​ហើយ គាត់​ផ្ដាំ​កូនៗ​ថា៖ «កាល​ណា​ពុក​ស្លាប់ ចូរ​កូន​បញ្ចុះ​សព​នៅ​ក្នុង​ផ្នូរ ដែល​យើង​បញ្ចុះ​សព​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់។ ត្រូវ​តម្កល់​ធាតុ​ពុក​នៅ​ទន្ទឹម​នឹង​ធាតុ​របស់​លោក​ផង

32. ដ្បិត​ព្រះ‌បន្ទូល​ដែល​លោក​ប្រកាស ក្នុង​នាម​ព្រះ‌អម្ចាស់​ប្រឆាំង​នឹង​អាសនៈ​នៅ​បេត‌អែល ព្រម​ទាំង​កន្លែង​សក្ការៈ​នៅ​តាម​ទួល​ខ្ពស់ៗ ក្នុង​ក្រុង​នានា​នៃ​ស្រុក​សាម៉ារី មុខ​ជា​សម្រេច​ពុំ‌ខាន»។

33. ទោះ​បី​មាន​ហេតុ‌ការណ៍​កើត​ឡើង​យ៉ាង​នេះ​ក្ដី ក៏​ព្រះ‌បាទ​យេរ៉ូ‌បោម​នៅ​តែ​ពុំ​ព្រម​ងាក​ចេញ​ពី​ផ្លូវ​អាក្រក់។ ស្ដេច​នៅ​តែ​បន្ត​តែង‌តាំង​មនុស្ស​ក្នុង​ចំណោម​ប្រជា‌ជន​ជា​បូជា‌ចារ្យ សម្រាប់​បម្រើ​ការ​នៅ​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ។ បើ​មាន​នរណា​ចង់​បម្រើ​កិច្ចការ​នេះ ស្ដេច​ក៏​តែង‌តាំង​គេ​ឲ្យ​បម្រើ​ការ​ក្នុង​កន្លែង​សក្ការៈ តាម​ទួល​ខ្ពស់ៗ។

34. អំពើ​ទាំង​នេះ​នាំ​ឲ្យ​រាជ‌វង្ស​របស់​ព្រះ‌បាទ​យេរ៉ូ‌បោម​ប្រព្រឹត្ត​អំពើ​បាប ហេតុ​នេះ​ហើយ​បាន​ជា​រាជ‌វង្ស​នេះ​ត្រូវ​រលាយ​សូន្យ​បាត់​ពី​ផែនដី។

សូមអានជំពូកពេញលេញ ១ ពង្សា‌វតារ‌ក្សត្រ 13