គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ ពង្សា‌វតារ‌ក្សត្រ 13:13-25 Khmer Standard Version (KHSV)

13. ពេល​នោះ ឪពុក​បង្គាប់​ឲ្យ​កូនៗ​ចង​កែប​លា។ កូនៗ​ក៏​ចង​កែប​លា ហើយ​ឪពុក​ក៏​ឡើង​ជិះ។

14. គាត់​ចេញ​ទៅ​តាម​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់ ហើយ​តាម​ទាន់​នៅ​ពេល​ដែល​លោក​កំពុង​អង្គុយ​ក្រោម​ដើម​ជ្រៃ។ គាត់​សួរ​លោក​ថា៖ «តើ​លោក​ជា​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​ដែល​មក​ពី​ស្រុក​យូដា​ឬ?»។ លោក​ឆ្លើយ​ថា៖ «គឺ​ខ្ញុំ​នេះ​ហើយ»។

15. គាត់​ពោល​ថា៖ «សូម​អញ្ជើញ​ទៅ​ពិសា​អាហារ​នៅ​ផ្ទះ​ខ្ញុំ​សិន»។

16. លោក​ឆ្លើយ​ថា៖ «ខ្ញុំ​មិន​អាច​ត្រឡប់​ទៅ​ជា​មួយ​លោក ខ្ញុំ​មិន​អាច​ចូល​ទៅ​ផ្ទះ​លោក ហើយ​ក៏​មិន​អាច​ទទួល​ទាន​អាហារ ឬ​ទឹក​ជា​មួយ​លោក​នៅ​ទី​នោះ​បាន​ដែរ

17. ដ្បិត​ព្រះ‌អម្ចាស់​បាន​ហាម​ខ្ញុំ​ថា: “អ្នក​មិន​ត្រូវ​បរិភោគ​អាហារ ឬ​ទឹក​នៅ​ទី​នោះ​ទេ! ហើយ​ក៏​មិន​ត្រូវ​វិល​ត្រឡប់​មក​វិញ តាម​ផ្លូវ​ដែល​អ្នក​ទៅ​ឡើយ”»។

18. ព្យាការី​ចាស់​ពោល​ទៅ​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​ថា៖ «ខ្ញុំ​ក៏​ជា​ព្យាការី​ដែរ មាន​ទេវតា​បាន​មក​ប្រាប់​ខ្ញុំ ក្នុង​នាម​របស់​ព្រះ‌អម្ចាស់​ដូច​ត​ទៅ: “ចូរ​ទៅ​នាំ​គាត់​មក​ផ្ទះ​អ្នក ដើម្បី​ឲ្យ​គាត់​បរិភោគ​អាហារ និង​ទឹក​ផង”»។ តាម​ពិត គាត់​និយាយ​កុហក​ទេ។

19. អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​ក៏​ត្រឡប់​ទៅ​ជា​មួយ​គាត់ ហើយ​បរិភោគ​អាហារ និង​ទឹក នៅ​ផ្ទះ​របស់​គាត់​ផង។

20. នៅ​ពេល​ដែល​លោក​ទាំង​ពីរ​អង្គុយ​រួម​តុ​ជា​មួយ​គ្នា ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​ព្យាការី​ដែល​បាន​នាំ​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​មក​វិញ។

21. គាត់​ពោល​ទៅ​កាន់​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​ដែល​មក​ពី​ស្រុក​យូដា​ថា៖ «ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: ដោយ​អ្នក​មិន​ធ្វើ​តាម​បង្គាប់​របស់​ព្រះ‌អម្ចាស់ ហើយ​មិន​កាន់​តាម​បទ‌បញ្ជា​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​ទេ

22. គឺ​អ្នក​វិល​មក​វិញ បរិភោគ​អាហារ និង​ទឹក នៅ​កន្លែង​ដែល​ព្រះ‌អង្គ​ហាម‌ប្រាម ដូច្នេះ សព​របស់​អ្នក​នឹង​មិន​ត្រូវ​គេ​យក​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ​របស់​ដូនតា​អ្នក​ឡើយ»។

23. ក្រោយ​ពី​បាន​បរិភោគ​អាហារ និង​ទឹក​រួច ព្យាការី​ចាស់​ចង​កែប​លា​ជូន​ព្យាការី​ដែល​គាត់​បាន​នាំ​ត្រឡប់​មក​វិញ។

24. លោក​ក៏​ចាក​ចេញ​ទៅ ហើយ​នៅ​តាម​ផ្លូវ លោក​បាន​ជួប​នឹង​សិង្ហ​មួយ វា​សម្លាប់​លោក ទុក​សាក‌សព​ចោល​នៅ​លើ​ផ្លូវ។ សត្វ​លា និង​សត្វ​សិង្ហ ឈរ​នៅ​ជិត​សាក‌សព។

25. មនុស្ស‌ម្នា​ដែល​ធ្វើ​ដំណើរ​កាត់​តាម​នោះ ឃើញ​សាក‌សព​របស់​លោក​នៅ​លើ​ផ្លូវ ហើយ​ឃើញ​សិង្ហ​ឈរ​នៅ​ក្បែរ​សព​នោះ។ ពួក​គេ​ក៏​យក​រឿង​នេះ​ទៅ​និយាយ​នៅ​ក្នុង​ក្រុង ដែល​ព្យាការី​ចាស់​នោះ​រស់​នៅ។

សូមអានជំពូកពេញលេញ ១ ពង្សា‌វតារ‌ក្សត្រ 13