13. ពេលនោះ ឪពុកបង្គាប់ឲ្យកូនៗចងកែបលា។ កូនៗក៏ចងកែបលា ហើយឪពុកក៏ឡើងជិះ។
14. គាត់ចេញទៅតាមអ្នកជំនិតរបស់ព្រះជាម្ចាស់ ហើយតាមទាន់នៅពេលដែលលោកកំពុងអង្គុយក្រោមដើមជ្រៃ។ គាត់សួរលោកថា៖ «តើលោកជាអ្នកជំនិតរបស់ព្រះជាម្ចាស់ដែលមកពីស្រុកយូដាឬ?»។ លោកឆ្លើយថា៖ «គឺខ្ញុំនេះហើយ»។
15. គាត់ពោលថា៖ «សូមអញ្ជើញទៅពិសាអាហារនៅផ្ទះខ្ញុំសិន»។
16. លោកឆ្លើយថា៖ «ខ្ញុំមិនអាចត្រឡប់ទៅជាមួយលោក ខ្ញុំមិនអាចចូលទៅផ្ទះលោក ហើយក៏មិនអាចទទួលទានអាហារ ឬទឹកជាមួយលោកនៅទីនោះបានដែរ
17. ដ្បិតព្រះអម្ចាស់បានហាមខ្ញុំថា: “អ្នកមិនត្រូវបរិភោគអាហារ ឬទឹកនៅទីនោះទេ! ហើយក៏មិនត្រូវវិលត្រឡប់មកវិញ តាមផ្លូវដែលអ្នកទៅឡើយ”»។
18. ព្យាការីចាស់ពោលទៅអ្នកជំនិតរបស់ព្រះជាម្ចាស់ថា៖ «ខ្ញុំក៏ជាព្យាការីដែរ មានទេវតាបានមកប្រាប់ខ្ញុំ ក្នុងនាមរបស់ព្រះអម្ចាស់ដូចតទៅ: “ចូរទៅនាំគាត់មកផ្ទះអ្នក ដើម្បីឲ្យគាត់បរិភោគអាហារ និងទឹកផង”»។ តាមពិត គាត់និយាយកុហកទេ។
19. អ្នកជំនិតរបស់ព្រះជាម្ចាស់ក៏ត្រឡប់ទៅជាមួយគាត់ ហើយបរិភោគអាហារ និងទឹក នៅផ្ទះរបស់គាត់ផង។
20. នៅពេលដែលលោកទាំងពីរអង្គុយរួមតុជាមួយគ្នា ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ព្យាការីដែលបាននាំអ្នកជំនិតរបស់ព្រះជាម្ចាស់មកវិញ។
21. គាត់ពោលទៅកាន់អ្នកជំនិតរបស់ព្រះជាម្ចាស់ដែលមកពីស្រុកយូដាថា៖ «ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ: ដោយអ្នកមិនធ្វើតាមបង្គាប់របស់ព្រះអម្ចាស់ ហើយមិនកាន់តាមបទបញ្ជារបស់ព្រះអម្ចាស់ ជាព្រះរបស់អ្នកទេ
22. គឺអ្នកវិលមកវិញ បរិភោគអាហារ និងទឹក នៅកន្លែងដែលព្រះអង្គហាមប្រាម ដូច្នេះ សពរបស់អ្នកនឹងមិនត្រូវគេយកទៅបញ្ចុះក្នុងផ្នូររបស់ដូនតាអ្នកឡើយ»។
23. ក្រោយពីបានបរិភោគអាហារ និងទឹករួច ព្យាការីចាស់ចងកែបលាជូនព្យាការីដែលគាត់បាននាំត្រឡប់មកវិញ។
24. លោកក៏ចាកចេញទៅ ហើយនៅតាមផ្លូវ លោកបានជួបនឹងសិង្ហមួយ វាសម្លាប់លោក ទុកសាកសពចោលនៅលើផ្លូវ។ សត្វលា និងសត្វសិង្ហ ឈរនៅជិតសាកសព។