គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ ពង្សា‌វតារ‌ក្សត្រ 11:3-21 Khmer Standard Version (KHSV)

3. ព្រះ‌បាទ​សាឡូម៉ូន​មាន​មហេសី​ដែល​ជា​បុត្រី​របស់​ស្ដេច​សាសន៍​ដទៃ ចំនួន​ប្រាំ‌ពីរ​រយ​អង្គ និង​ស្រី​ស្នំ​ចំនួន​បី​រយ​នាក់។ ពួក​មហេសី និង​ស្រី​ស្នំ​របស់​ស្ដេច បាន​អូស​ទាញ​ព្រះ‌ហឫទ័យ​ស្ដេច​ចេញ​ពី​ព្រះ‌ជាម្ចាស់។

4. ពេល​ព្រះ‌បាទ​សាឡូម៉ូន​មាន​ព្រះ‌ជន្ម​កាន់​តែ​ចាស់​ជរា​ណាស់​ហើយ មហេសី និង​ស្រី​ស្នំ​បាន​អូស​ទាញ​ព្រះ‌ហឫទ័យ​ស្ដេច​ឲ្យ​ទៅ​គោរព​ព្រះ​ដទៃ។ ព្រះ‌បាទ​សាឡូម៉ូន​លែង​ស្រឡាញ់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ខ្លួន ដូច​ព្រះ‌បាទ​ដាវីឌ​ជា​បិតា​ទៀត​ហើយ។

5. ព្រះ‌បាទ​សាឡូម៉ូន​ថ្វាយ‌បង្គំ​ព្រះ​អាសថា‌រ៉ូត ជា​ព្រះ​របស់​ជន‌ជាតិ​ស៊ីដូន និង​ព្រះ​មីលកូម ជា​ព្រះ​គួរ​ស្អប់​ខ្ពើម​របស់​ជន‌ជាតិ​អាំម៉ូន។

6. ព្រះ‌បាទ​សាឡូម៉ូន​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​ដែល​មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ ហើយ​មិន​ដើរ​តាម​មាគ៌ា​របស់​ព្រះ‌អម្ចាស់​ទាំង​ស្រុង ដូច​ព្រះ‌បាទ​ដាវីឌ ជា​បិតា​ឡើយ។

7. នៅ​គ្រា​នោះ ព្រះ‌បាទ​សាឡូម៉ូន​បាន​សង់​កន្លែង​សក្ការៈ​មួយ​នៅ​លើ​ភ្នំ ដែល​នៅ​ទល់​មុខ​ក្រុង​យេរូ‌សាឡឹម ថ្វាយ​ព្រះ​កេម៉ូស ជា​ព្រះ​គួរ​ស្អប់​ខ្ពើម​របស់​ជន‌ជាតិ​ម៉ូអាប់ និង​ព្រះ​ម៉ូឡុក ជា​ព្រះ​គួរ​ស្អប់​ខ្ពើម​របស់​ជន‌ជាតិ​អាំម៉ូន។

8. ព្រះ‌រាជា​បាន​សង់​ទី‌សក្ការៈ​ជា​ច្រើន​ទៀត សម្រាប់​មហេសី​ទាំង​អស់​ដែល​ជា​សាសន៍​ដទៃ ដើម្បី​ឲ្យ​ពួក​នាង​ថ្វាយ​គ្រឿង​ក្រអូប និង​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ​របស់​ខ្លួន។

9. ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌ពិរោធ​នឹង​ព្រះ‌បាទ​សាឡូម៉ូន ដ្បិត​ស្ដេច​បែក​ចិត្ត​ចេញ​ពី​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល ដែល​បាន​យាង​មក​ជួប​ស្ដេច​ដល់​ទៅ​ពីរ​ដង

10. ហើយ​ហាម​ផ្ដាច់​មិន​ឲ្យ​ស្ដេច​គោរព​ព្រះ​ដទៃ។ ប៉ុន្តែ ព្រះ‌បាទ​សាឡូម៉ូន​មិន​ប្រតិបត្តិ​តាម​បញ្ជា​របស់​ព្រះ‌អម្ចាស់​ឡើយ។

11. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​ព្រះ‌បាទ​សាឡូម៉ូន​ថា៖ «ដោយ​អ្នក​ប្រព្រឹត្ត​ដូច្នេះ គឺ​អ្នក​មិន​បាន​គោរព​សម្ពន្ធ‌មេត្រី​របស់​យើង ហើយ​ក៏​មិន​បាន​កាន់​តាម​ច្បាប់​ដែល​យើង​បង្គាប់​ដល់​អ្នក​ដែរ យើង​នឹង​ដក​យក​រាជ​សម្បត្តិ​ពី​អ្នក ប្រគល់​ទៅ​ឲ្យ​អ្នក​បម្រើ​របស់​អ្នក​វិញ។

12. ប៉ុន្តែ ដោយ​យល់​ដល់​ដាវីឌ ជា​បិតា​របស់​អ្នក យើង​នឹង​មិន​ដក​រាជ​សម្បត្តិ​ចេញ​ពី​អ្នក ក្នុង​ពេល​ដែល​អ្នក​នៅ​មាន​ជីវិត​ទេ។ យើង​នឹង​ដក​រាជ​សម្បត្តិ​ពី​កូន​របស់​អ្នក។

13. យើង​នឹង​មិន​ដក​ហូត​យក​រាជា​ណាចក្រ​ទាំង​មូល​ទេ គឺ​យើង​នឹង​ទុក​កុល‌សម្ព័ន្ធ​មួយ​ឲ្យ​កូន​របស់​អ្នក​គ្រប់‌គ្រង ដោយ​យល់​ដល់​ដាវីឌ ជា​បិតា​របស់​អ្នក និង​យល់​ដល់​យេរូ‌សាឡឹម ជា​ក្រុង​ដែល​យើង​បាន​ជ្រើស‌រើស»។

14. ព្រះ‌អម្ចាស់​បាន​បណ្ដាល​ឲ្យ​លោក​ហាដាឌ ជា​រាជ‌វង្ស​របស់​ស្ដេច​ស្រុក​អេដុម ក្លាយ​ទៅ​ជា​គូ‌វិវាទ​របស់​ព្រះ‌បាទ​សាឡូម៉ូន។

15. នៅ​គ្រា​ដែល​ព្រះ‌បាទ​ដាវីឌ​វាយ​លុក​ស្រុក​អេដុម លោក​យ៉ូអាប់ ជា​មេ‌ទ័ព បាន​ទៅ​ប្រមូល​សាក‌សព​ទាហាន​អ៊ីស្រា‌អែល​ដែល​ស្លាប់​ក្នុង​ចំបាំង យក​ទៅ​បញ្ចុះ ហើយ​លោក​សម្លាប់​ប្រុសៗ​ទាំង​អស់​នៅ​ស្រុក​អេដុម។

16. លោក​យ៉ូអាប់ និង​កង‌ទ័ព​អ៊ីស្រា‌អែល​ទាំង​មូល បាន​បោះ​ទ័ព​នៅ​ស្រុក​អេដុម អស់​រយៈ​ពេល​ប្រាំ​មួយ​ខែ រហូត​ទាល់​តែ​ពួក​លោក​សម្លាប់​ប្រុសៗ​ទាំង​អស់​នៅ​ស្រុក​អេដុម។

17. គ្រា​នោះ លោក​ហាដាឌ​នៅ​ជា​កុមារ​នៅ​ឡើយ លោក​បាន​រត់​គេច​ខ្លួន​ទៅ​ស្រុក​អេស៊ីប​ជា​មួយ​ជន‌ជាតិ​អេដុម​ខ្លះ ដែល​ជា​អ្នក​បម្រើ​របស់​ឪពុក​លោក។

18. ពួក​គេ​ចាក​ចេញ​ពី​ស្រុក​ម៉ាឌាន​ទៅ​ដល់​ស្រុក​ប៉ារ៉ាន។ ពួក​គេ​នាំ​អ្នក​ស្រុក​ប៉ារ៉ាន​ខ្លះ​ទៅ​ជា​មួយ ហើយ​សុំ​ជ្រក​កោន​នឹង​ព្រះ‌ចៅ​ផារ៉ោន ជា​ស្ដេច​ស្រុក​អេស៊ីប។ ព្រះ‌ចៅ​ផារ៉ោន​ប្រទាន​ផ្ទះ​សម្បែង និង​ផ្គត់‌ផ្គង់​ស្បៀង​អាហារ​ដល់​លោក ព្រម​ទាំង​ប្រទាន​ដី‌ធ្លី​ឲ្យ​លោក​ទៀត​ផង។

19. លោក​ហាដាឌ​បាន​ទទួល​ការ​ប្រោស‌ប្រណី​ពី​ព្រះ‌ចៅ​ផារ៉ោន។ ស្ដេច​បាន​លើក​ប្អូន​ថ្លៃ គឺ​ប្អូន​ស្រី​របស់​ព្រះ‌មហា‌ក្សត្រិ‌យានី​ថាផ្នេស ឲ្យ​ធ្វើ​ជា​ភរិយា​របស់​លោក​ផង។

20. ប្អូន​ស្រី​របស់​ព្រះ‌មហា‌ក្សត្រិ‌យានី​ថាផ្នេស​បង្កើត​កូន​ប្រុស​មួយ​រូប​ឈ្មោះ​កេនូ‌បាត ជូន​លោក​ហាដាឌ។ ព្រះ‌មហា‌ក្សត្រិ‌យានី​ថាផ្នេស​យក​កូន​នោះ​ទៅ​ចិញ្ចឹម​នៅ​ក្នុង​វាំង​របស់​ព្រះចៅ​ផារ៉ោន។ ដូច្នេះ កេនូ‌បាត​បាន​រស់​នៅ​ក្នុង​វាំង​ជា​មួយ​បុត្រ​របស់​ព្រះចៅ​ផារ៉ោន។

21. នៅ​ស្រុក​អេស៊ីប លោក​ហាដាឌ​ទទួល​ដំណឹង​ថា ព្រះ‌បាទ​ដាវីឌ​សោយ‌ទិវង្គត ហើយ​លោក​មេ‌ទ័ព​យ៉ូអាប់​ក៏​ទទួល​មរណ‌ភាព​ដែរ។ លោក​ហាដាឌ​ទូល​ព្រះចៅ​ផារ៉ោន​ថា៖ «សូម​ព្រះ‌ករុណា​រាជា‌នុញ្ញាត​ឲ្យ​ទូលបង្គំ​ត្រឡប់​ទៅ​ស្រុក​របស់​ទូលបង្គំ​វិញ​ផង»។

សូមអានជំពូកពេញលេញ ១ ពង្សា‌វតារ‌ក្សត្រ 11