គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ ពង្សា‌វតារ‌ក្សត្រ 11:24-40 Khmer Standard Version (KHSV)

24. គាត់​បាន​ប្រមែ‌ប្រមូល​មនុស្ស​ឲ្យ​មក​តាម​គាត់ ហើយ​តាំង​ខ្លួន​ធ្វើ​ជា​មេ​គេ។ នៅ​គ្រា​ដែល​ព្រះ‌បាទ​ដាវីឌ​សម្លាប់​អ្នក​ស្រុក​សូបា ពួក​គាត់​ចូល​ទៅ​នៅ​ក្រុង​ដាម៉ាស រួច​គ្រប់‌គ្រង​ក្រុង​នោះ។

25. លោក​រេសោន​ក្លាយ​ទៅ​ជា​គូ‌វិវាទ​របស់​អ៊ីស្រា‌អែល អស់​មួយ​រជ្ជកាល​របស់​ព្រះ‌បាទ​សាឡូម៉ូន ដូច​លោក​ហាដាឌ ដែល​បាន​ធ្វើ​ទុក្ខ​បុក‌ម្នេញ​អ៊ីស្រា‌អែល​ដែរ។ ព្រះ‌បាទ​រេសោន​បាន​ឡើង​សោយ‌រាជ្យ​លើ​ស្រុក​ស៊ីរី ហើយ​តែងតែ​ស្អប់​ជន‌ជាតិ​អ៊ីស្រា‌អែល។

26. លោក​យេរ៉ូ‌បោម​ជា​កូន​របស់​លោក​នេបាត ក្នុង​កុល‌សម្ព័ន្ធ​អេប្រាអ៊ីម នៅ​ស្រុក​សេរេ‌ដា ម្ដាយ​របស់​លោក​ឈ្មោះ​សេរូ‌អា ជា​ស្ត្រី​មេម៉ាយ។ លោក​យេរ៉ូ‌បោម​ជា​រាជ​បម្រើ​របស់​ព្រះ‌បាទ​សាឡូម៉ូន តែ​លោក​បាន​បះ‌បោរ​ប្រឆាំង​នឹង​ស្ដេច។

27. មូល‌ហេតុ​ដែល​បណ្ដាល​ឲ្យ​លោក​យេរ៉ូ‌បោម​បះ‌បោរ​ប្រឆាំង​នឹង​ស្ដេច​មាន​ដូច​ត​ទៅ: នៅ​ពេល​ព្រះ‌បាទ​សាឡូម៉ូន​សង់​ព្រលាន​នៅ​មីឡូ និង​ជួស‌ជុល​កំពែង​បាក់​បែក​នៅ​បុរី​ព្រះ‌បាទ​ដាវីឌ ជា​បិតា

28. ទ្រង់​សង្កេត​ឃើញ​លោក​យេរ៉ូ‌បោម​ជា​មនុស្ស​ក្លាហាន​អង់‌អាច។ ដូច្នេះ ស្ដេច​ក៏​ចាត់​លោក​ឲ្យ​មើល​ខុស​ត្រូវ​លើ​កំណែន​របស់​កូន​ចៅ​លោក​យ៉ូសែប។

29. ថ្ងៃ​មួយ លោក​យេរ៉ូ‌បោម​បាន​ចាក‌ចេញ​ពី​ក្រុង​យេរូ‌សាឡឹម។ នៅ​តាម​ផ្លូវ ព្យាការី​អហ៊ី‌យ៉ា ជា​អ្នក​ភូមិ​ស៊ីឡូ បាន​មក​ជួប​លោក ទាំង​ពាក់​អាវ​ធំ​មួយ​ថ្មី​ផង។ លោក​ទាំង​ពីរ​ស្ថិត​នៅ​ទី​វាល ដាច់​ឆ្ងាយ​ពី​គេ។

30. លោក​អហ៊ី‌យ៉ា​ដោះ​អាវ​ធំ​ថ្មី​នោះ​មក​ហែក​ជា​ដប់‌ពីរ​ចំរៀក។

31. បន្ទាប់​មក លោក​មាន​ប្រសាសន៍​ទៅ​កាន់​លោក​យេរ៉ូ‌បោម​ថា៖ «សូម​យក​ដប់​ចំរៀក​នេះ​ទៅ ដ្បិត​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ថា “យើង​នឹង​ដក​ហូត​អាណា‌ចក្រ​ពី​សាឡូម៉ូន​ប្រគល់​ឲ្យ​អ្នក យើង​នឹង​ឲ្យ​អ្នក​គ្រប់‌គ្រង​លើ​កុល‌សម្ព័ន្ធ​ដប់។

32. យើង​ទុក​កុល‌សម្ព័ន្ធ​តែ​មួយ​ឲ្យ​សាឡូម៉ូន ដោយ​យល់​ដល់​ដាវីឌ ជា​អ្នក​បម្រើ​របស់​យើង និង​ដល់​ក្រុង​យេរូ‌សាឡឹម ដែល​យើង​បាន​ជ្រើស‌រើស​ពី​ក្នុង​ចំណោម​ទឹក​ដី​នៃ​កុល‌សម្ព័ន្ធ​ទាំង​ប៉ុន្មាន​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល។

33. យើង​ធ្វើ​ដូច្នេះ ព្រោះ​ជន‌ជាតិ​អ៊ីស្រា‌អែល​បោះ‌បង់​ចោល​យើង ទៅ​ថ្វាយ‌បង្គំ​អាសថា‌រ៉ូត​ជា​ព្រះ​នៃ​ជន‌ជាតិ​ស៊ីដូន កេម៉ូស​ជា​ព្រះ​នៃ​ជន‌ជាតិ​ម៉ូអាប់ និង​មីលកូម​ជា​ព្រះ​របស់​ជន‌ជាតិ​អាំម៉ូន។ ពួក​គេ​ពុំ​បាន​ដើរ​តាម​មាគ៌ា​របស់​យើង ហើយ​ក៏​មិន​ប្រព្រឹត្ត​អំពើ​សុចរិត​នៅ​ចំពោះ​មុខ​យើង មិន​កាន់​តាម​ច្បាប់ និង​វិន័យ​របស់​យើង ដូច​ដាវីឌ​ជា​បិតា​របស់​សាឡូម៉ូន​ឡើយ។

34. យើង​មិន​ដក​យក​អាណា‌ចក្រ​ទាំង​មូល​ចេញ​ពី​សាឡូម៉ូន​ទេ យើង​ឲ្យ​គេ​កាន់​អំណាច​អស់​មួយ​ជីវិត ដោយ​យល់​ដល់​ដាវីឌ ជា​អ្នក​បម្រើ ដែល​យើង​បាន​ជ្រើស​រើស ព្រោះ​ដាវីឌ​បាន​កាន់​តាម​បទ‌បញ្ជា និង​ច្បាប់​របស់​យើង។

35. យើង​នឹង​ដក​អាណា‌ចក្រ​ពី​កូន​របស់​សាឡូម៉ូន ហើយ​ប្រគល់​ឲ្យ​អ្នក​គ្រប់‌គ្រង​លើ​កុល‌សម្ព័ន្ធ​ដប់។

36. រីឯ​កូន​របស់​សាឡូម៉ូន​វិញ យើង​ទុក​កុល‌សម្ព័ន្ធ​មួយ​ឲ្យ​គេ​គ្រប់‌គ្រង ដើម្បី​ឲ្យ​ដាវីឌ ជា​អ្នក​បម្រើ​របស់​យើង មាន​ពូជ‌ពង្ស​សោយ​រាជ្យ​ជា​ដរាប នៅ​ចំពោះ​មុខ​យើង​ក្នុង​ក្រុង​យេរូ‌សាឡឹម ដែល​យើង​បាន​ជ្រើស​រើស​សម្រាប់​នាម​យើង។

37. រីឯ​អ្នក​វិញ យើង​នឹង​តែង‌តាំង​អ្នក​ឲ្យ​ធ្វើ​ជា​ស្ដេច​លើ​ស្រុក​អ៊ីស្រា‌អែល អ្នក​នឹង​គ្រប់‌គ្រង​លើ​ទឹក​ដី​នេះ​តាម​បំណង​ប្រាថ្នា​របស់​អ្នក។

38. ប្រសិន​បើ​អ្នក​ស្ដាប់​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​យើង​បង្គាប់​អ្នក ប្រសិន​បើ​អ្នក​ដើរ​តាម​មាគ៌ា​របស់​យើង ហើយ​ប្រព្រឹត្ត​អំពើ​សុចរិត​នៅ​ចំពោះ​មុខ​យើង ដោយ​កាន់​តាម​ច្បាប់ និង​បទ‌បញ្ជា​របស់​យើង ដូច​ដាវីឌ​ជា​អ្នក​បម្រើ​របស់​យើង​ប្រព្រឹត្ត​នោះ យើង​នឹង​នៅ​ជា​មួយ​អ្នក។ យើង​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​ពូជ‌ពង្ស​គ្រង​រាជ្យ​ជា​ដរាប ដូច​យើង​បាន​ធ្វើ​ចំពោះ​ដាវីឌ​ដែរ ហើយ​យើង​នឹង​ប្រគល់​ជន‌ជាតិ​អ៊ីស្រា‌អែល​ដល់​អ្នក។

39. យើង​នឹង​ធ្វើ​ឲ្យ​ពូជ‌ពង្ស​ដាវីឌ​ត្រូវ​អាម៉ាស់ តែ​មិន​មែន​រហូត​ទេ”»។

40. ព្រះ‌បាទ​សាឡូម៉ូន​រក​សម្លាប់​លោក​យេរ៉ូ‌បោម លោក​ក៏​រត់​ភៀស​ខ្លួន​ទៅ​ជ្រក​កោន​ជា​មួយ​ព្រះ‌ចៅ​ស៊ីសាក់ ជា​ស្ដេច​ស្រុក​អេស៊ីប រហូត​ដល់​ព្រះ‌បាទ​សាឡូម៉ូន​សោយ​ទិវង្គត។

សូមអានជំពូកពេញលេញ ១ ពង្សា‌វតារ‌ក្សត្រ 11