គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ ពង្សា‌វតារ‌ក្សត្រ 11:21-29 Khmer Standard Version (KHSV)

21. នៅ​ស្រុក​អេស៊ីប លោក​ហាដាឌ​ទទួល​ដំណឹង​ថា ព្រះ‌បាទ​ដាវីឌ​សោយ‌ទិវង្គត ហើយ​លោក​មេ‌ទ័ព​យ៉ូអាប់​ក៏​ទទួល​មរណ‌ភាព​ដែរ។ លោក​ហាដាឌ​ទូល​ព្រះចៅ​ផារ៉ោន​ថា៖ «សូម​ព្រះ‌ករុណា​រាជា‌នុញ្ញាត​ឲ្យ​ទូលបង្គំ​ត្រឡប់​ទៅ​ស្រុក​របស់​ទូលបង្គំ​វិញ​ផង»។

22. ព្រះចៅ​ផារ៉ោន​មាន​រាជ‌ឱង្ការ​ថា៖ «នៅ​ជា​មួយ​យើង​នេះ តើ​អ្នក​ខ្វះ​អ្វី​ទៀត បាន​ជា​ចង់​ត្រឡប់​ទៅ​ស្រុក​វិញ?»។ លោក​ទូល​ថា៖ «ទូលបង្គំ​គ្មាន​ខ្វះ​អ្វី​ទេ ប៉ុន្តែ សូម​ព្រះ‌ករុណា​មេត្តា​រាជា‌នុញ្ញាត​ឲ្យ​ទូលបង្គំ​ចាក​ចេញ​ទៅ​ផង!»។

23. ព្រះ‌ជាម្ចាស់​បាន​បណ្ដាល​ឲ្យ​លោក​រេសោន ជា​កូន​របស់​លោក​អេលីយ៉ាដា ក្លាយ​ទៅ​ជា​គូ‌វិវាទ​ម្នាក់​ទៀត​របស់​ព្រះ‌បាទ​សាឡូម៉ូន។ គាត់​រត់​គេច​ពី​ម្ចាស់​របស់​ខ្លួន គឺ​ព្រះ‌បាទ​ហាដា-‌រេស៊ើរ ជា​ស្ដេច​ស្រុក​សូបា។

24. គាត់​បាន​ប្រមែ‌ប្រមូល​មនុស្ស​ឲ្យ​មក​តាម​គាត់ ហើយ​តាំង​ខ្លួន​ធ្វើ​ជា​មេ​គេ។ នៅ​គ្រា​ដែល​ព្រះ‌បាទ​ដាវីឌ​សម្លាប់​អ្នក​ស្រុក​សូបា ពួក​គាត់​ចូល​ទៅ​នៅ​ក្រុង​ដាម៉ាស រួច​គ្រប់‌គ្រង​ក្រុង​នោះ។

25. លោក​រេសោន​ក្លាយ​ទៅ​ជា​គូ‌វិវាទ​របស់​អ៊ីស្រា‌អែល អស់​មួយ​រជ្ជកាល​របស់​ព្រះ‌បាទ​សាឡូម៉ូន ដូច​លោក​ហាដាឌ ដែល​បាន​ធ្វើ​ទុក្ខ​បុក‌ម្នេញ​អ៊ីស្រា‌អែល​ដែរ។ ព្រះ‌បាទ​រេសោន​បាន​ឡើង​សោយ‌រាជ្យ​លើ​ស្រុក​ស៊ីរី ហើយ​តែងតែ​ស្អប់​ជន‌ជាតិ​អ៊ីស្រា‌អែល។

26. លោក​យេរ៉ូ‌បោម​ជា​កូន​របស់​លោក​នេបាត ក្នុង​កុល‌សម្ព័ន្ធ​អេប្រាអ៊ីម នៅ​ស្រុក​សេរេ‌ដា ម្ដាយ​របស់​លោក​ឈ្មោះ​សេរូ‌អា ជា​ស្ត្រី​មេម៉ាយ។ លោក​យេរ៉ូ‌បោម​ជា​រាជ​បម្រើ​របស់​ព្រះ‌បាទ​សាឡូម៉ូន តែ​លោក​បាន​បះ‌បោរ​ប្រឆាំង​នឹង​ស្ដេច។

27. មូល‌ហេតុ​ដែល​បណ្ដាល​ឲ្យ​លោក​យេរ៉ូ‌បោម​បះ‌បោរ​ប្រឆាំង​នឹង​ស្ដេច​មាន​ដូច​ត​ទៅ: នៅ​ពេល​ព្រះ‌បាទ​សាឡូម៉ូន​សង់​ព្រលាន​នៅ​មីឡូ និង​ជួស‌ជុល​កំពែង​បាក់​បែក​នៅ​បុរី​ព្រះ‌បាទ​ដាវីឌ ជា​បិតា

28. ទ្រង់​សង្កេត​ឃើញ​លោក​យេរ៉ូ‌បោម​ជា​មនុស្ស​ក្លាហាន​អង់‌អាច។ ដូច្នេះ ស្ដេច​ក៏​ចាត់​លោក​ឲ្យ​មើល​ខុស​ត្រូវ​លើ​កំណែន​របស់​កូន​ចៅ​លោក​យ៉ូសែប។

29. ថ្ងៃ​មួយ លោក​យេរ៉ូ‌បោម​បាន​ចាក‌ចេញ​ពី​ក្រុង​យេរូ‌សាឡឹម។ នៅ​តាម​ផ្លូវ ព្យាការី​អហ៊ី‌យ៉ា ជា​អ្នក​ភូមិ​ស៊ីឡូ បាន​មក​ជួប​លោក ទាំង​ពាក់​អាវ​ធំ​មួយ​ថ្មី​ផង។ លោក​ទាំង​ពីរ​ស្ថិត​នៅ​ទី​វាល ដាច់​ឆ្ងាយ​ពី​គេ។

សូមអានជំពូកពេញលេញ ១ ពង្សា‌វតារ‌ក្សត្រ 11