គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ ពង្សា‌វតារ‌ក្សត្រ 10:5-22 Khmer Standard Version (KHSV)

5. ព្រម​ទាំង​ឃើញ​ព្រះ‌ស្ងោយ​នៅ​លើ​តុ​ស្ដេច លំ‌នៅ‌ដ្ឋាន​របស់​នាម៉ឺន​មន្ត្រី របៀប​របប និង​ឯក‌សណ្ឋាន​របស់​ពួក​រាជ​បម្រើ ពួក​មហា‌តលិក និង​ឃើញ​តង្វាយ​ដុត​ទាំង​មូល ដែល​ស្ដេច​ថ្វាយ​នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ព្រះ‌នាង​ក៏​កោត​ស្ញប់‌ស្ញែង​យ៉ាង​ខ្លាំង។

6. ព្រះ‌នាង​មាន​សវនីយ៍​ទៅ​កាន់​ព្រះ‌បាទ​សាឡូម៉ូន​ថា៖ «ពាក្យ​ទាំង​ប៉ុន្មាន ដែល​ខ្ញុំ​ម្ចាស់​បាន​ឮ​គេ​និយាយ​នៅ​ក្នុង​ស្រុក​របស់​ខ្ញុំ​ម្ចាស់ ស្ដី​អំពី​ព្រះ‌ករុណា និង​អំពី​ប្រាជ្ញា​របស់​ព្រះ‌ករុណា​នោះ ពិត​ជា​ត្រឹម​ត្រូវ​មែន!

7. មុន​ពេល​ខ្ញុំ​ម្ចាស់​មក​ដល់ និង​មុន​ពេល​ខ្ញុំ​ម្ចាស់​ឃើញ​ផ្ទាល់​នឹង​ភ្នែក ខ្ញុំ​ម្ចាស់​មិន​បាន​ជឿ​ពាក្យ​គេ​ទេ។ ឥឡូវ​នេះ ខ្ញុំ​ម្ចាស់​យល់​ឃើញ​ថា អ្វីៗ​ដែល​គេ​រៀប‌រាប់​នោះ​បាន​ត្រឹម​តែ​ពាក់​កណ្ដាល​ប៉ុណ្ណោះ។ ព្រះ‌ករុណា​មាន​ប្រាជ្ញា ហើយ​ចម្រុង‌ចម្រើន​លើស​ពី​សេចក្ដី ដែល​ខ្ញុំ​ម្ចាស់​បាន​ឮ​ទៅ​ទៀត។

8. ពួក​រាជ​បម្រើ និង​ពួក​នាម៉ឺន​មន្ត្រី​ដែល​នៅ​ជុំ‌វិញ​ព្រះ‌ករុណា​ពិត​ជា​មាន​សុភមង្គល​ហើយ ព្រោះ​ពួក​គេ​បាន​ស្ដាប់​រាជ‌ឱង្ការ​ពោរ‌ពេញ​ដោយ​ប្រាជ្ញា​របស់​ព្រះ‌ករុណា។

9. សូម​លើក​តម្កើង​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ព្រះ‌ករុណា ដែល​បាន​ប្រោស‌ប្រណី​ព្រះ‌ករុណា ហើយ​ជ្រើស‌រើស​ព្រះ‌ករុណា ឲ្យ​ឡើង​គ្រង​រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល។ ព្រះ‌អម្ចាស់​ស្រឡាញ់​ជន‌ជាតិ​អ៊ីស្រា‌អែល​ជា‌និច្ច ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អង្គ​ជ្រើស​រើស​ព្រះ‌ករុណា​ឲ្យ​ធ្វើ​ជា​ស្ដេច ដើម្បី​គ្រប់‌គ្រង​ដោយ​សុចរិត និង​យុត្តិធម៌»។

10. ព្រះ‌មហា‌ក្សត្រិ‌យានី​ស្រុក​សេបា​យក​មាស​ទម្ងន់​បួន​ពាន់​គីឡូ‌ក្រាម មក​ថ្វាយ​ព្រះ‌រាជា រួម​ជា​មួយ​គ្រឿង​ក្រអូប និង​ត្បូង​យ៉ាង​ច្រើន​ផង។ តាំង​ពី​ពេល​នោះ​មក ពុំ​មាន​អ្នក​ណា​យក​គ្រឿង​ក្រអូប​យ៉ាង​ច្រើន​មក​ថ្វាយ​ព្រះ‌បាទ​សាឡូម៉ូន ដូច​ព្រះ‌មហា‌ក្សត្រិ‌យានី​ស្រុក​សេបា​ឡើយ។

11. កាល​សំពៅ​របស់​ព្រះ‌បាទ​ហ៊ីរ៉ាម​ដឹក​មាស​ពី​ស្រុក​អូភារ​មក​នោះ គេ​ក៏​ដឹក​ឈើ​ខ្លឹមចន្ទន៍ និង​ត្បូង​យ៉ាង​ច្រើន​មក​ជា​មួយ​ដែរ។

12. ព្រះ‌បាទ​សាឡូម៉ូន​បាន​យក​ឈើ​ខ្លឹមចន្ទន៍​នេះ មក​ធ្វើ​បង្កាន់​ដៃ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ និង​ដំណាក់​របស់​ស្ដេច ព្រម​ទាំង​ធ្វើ​ឧបករណ៍​ភ្លេង គឺ​មាន​ពិណ និង​ឃឹម សម្រាប់​ក្រុម​អ្នក​ចម្រៀង។ រហូត​ដល់​សព្វ​ថ្ងៃ គេ​ពុំ​ដែល​ឃើញ​មាន​នរណា​ម្នាក់​នាំ​ឈើ​ខ្លឹមចន្ទន៍​យ៉ាង​ច្រើន​បែប​នេះ ចូល​មក​ស្រុក​អ៊ីស្រា‌អែល​ឡើយ។

13. រីឯ​ព្រះ‌បាទ​សាឡូម៉ូន​វិញ អ្វីៗ​ដែល​ព្រះ‌មហា‌ក្សត្រិ‌យានី​ស្រុក​សេបា​ចង់​បាន និង​ទូល​សូម ស្ដេច​ប្រគល់​ឲ្យ​ទាំង​អស់។ លើស​ពី​នេះ ព្រះ‌រាជា​ក៏​បាន​ថ្វាយ​រាជ្យ​ទ្រព្យ​ទៅ​ព្រះ‌នាង សម​នឹង​ឋានៈ​ទ្រង់​ជា​ស្ដេច​ដ៏​ឧត្ដុង្គ​ឧត្ដម។បន្ទាប់​មក ព្រះ‌មហា‌ក្សត្រិ‌យានី និង​រាជ​បម្រើ វិល​ត្រឡប់​ទៅ​កាន់​ស្រុក​សេបា​វិញ។

14. ក្នុង​មួយ​ឆ្នាំៗ ព្រះ‌បាទ​សាឡូម៉ូន​ទទួល​បាន​មាស​ទម្ងន់​ម្ភៃ​បី​តោន។

15. លើស​ពី​នោះ មាន​ចំណូល​ដែល​បាន​មក​ពី​ពន្ធដារ​នៃ​ទំនិញ​នាំ​ចូល ការ​ធ្វើ​ជំនួញ ព្រម​ទាំង​សួយសារ‌អាករ​របស់​ស្ដេច​ទាំង‌ឡាយ​នៃ​ស្រុក​អារ៉ាប់ និង​ពួក​ចៅហ្វាយ​ខេត្ត​ថែម​ទៀត​ផង។

16. ព្រះ‌បាទ​សាឡូម៉ូន​ឲ្យ​គេ​ធ្វើ​ខែល​ធំៗ​ពី​មាស​ចំនួន​ពីរ​រយ ខែល​នីមួយៗ​មាន​ទម្ងន់​ប្រាំ​មួយ​គីឡូ​ក្រាម

17. និង​ខែល​តូចៗ​ពី​មាស​ចំនួន​បី​រយ ខែល​នីមួយៗ​មាន​ទម្ងន់​មួយ​គីឡូ‌ក្រាម​កន្លះ។ ស្ដេច​យក​ខែល​ទាំង​នោះ​ទៅ​ទុក​ក្នុង «ដំណាក់​ព្រៃ​ស្រុក​លីបង់»។

18. ព្រះ‌បាទ​សាឡូម៉ូន​ធ្វើ​បល្ល័ង្ក​មួយ​ដ៏​ធំ​ពី​ភ្លុក ព្រម​ទាំង​ស្រោប​មាស​សុទ្ធ​ផង។

19. បល្ល័ង្ក​នេះ​ស្ថិត​នៅ​លើ​កំណល់​មួយ​ដែល​មាន​ជណ្ដើរ​ប្រាំ​មួយ​ថ្នាក់ បង្អែក​របស់​បល្ល័ង្ក​មាន​រាង​មូល ព្រម​ទាំង​មាន​ដៃ​សង​ខាង ហើយ​មាន​រូប​ចម្លាក់​សិង្ហ​ពីរ​ឈរ​នៅ​ជាប់​នឹង​ដៃ​ទាំង​សង​ខាង​នោះ។

20. មាន​រូប​ចម្លាក់​សិង្ហ​ដប់‌ពីរ ឈរ​អម​សង​ខាង​ជណ្ដើរ​ទាំង​ប្រាំ​មួយ​ថ្នាក់​នោះ។ គេ​ពុំ​ដែល​ឃើញ​នគរ​ណា​មាន​បល្ល័ង្ក​បែប​នេះ​ឡើយ។

21. រីឯ​ពែង​ទាំង​ប៉ុន្មាន​របស់​ស្ដេច​សុទ្ធ​តែ​ធ្វើ​ពី​មាស ហើយ​ចាន​ដែល​ប្រើ‌ប្រាស់​ក្នុង​ដំណាក់​ព្រៃ​ស្រុក​លីបង់​ក៏​ធ្វើ​ពី​មាស​សុទ្ធ​ទាំង​អស់។ គេ​ពុំ​បាន​ធ្វើ​គ្រឿង​ប្រដាប់​អ្វី​ពី​ប្រាក់​ទេ ដ្បិត​ក្នុង​រជ្ជកាល​ព្រះ‌បាទ​សាឡូម៉ូន ប្រាក់​គ្មាន​តម្លៃ​ឡើយ។

22. ព្រះ‌បាទ​សាឡូម៉ូន​មាន​សំពៅ​ដើរ​សមុទ្រ​សម្រាប់​ធ្វើ​ជំនួញ​ទៅ​ស្រុក​ឆ្ងាយ ជា​មួយ​សំពៅ​របស់​ព្រះ‌បាទ​ហ៊ីរ៉ាម។ បី​ឆ្នាំ​ម្ដង សំពៅ​ទាំង​នោះ​វិល​ត្រឡប់​មក​វិញ ដោយ​នាំ​យក​មាស ប្រាក់ ភ្លុក ស្វា និង​ក្ងោក​មក​ផង។

សូមអានជំពូកពេញលេញ ១ ពង្សា‌វតារ‌ក្សត្រ 10