គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ ពង្សា‌វតារ‌ក្សត្រ 10:16-28 Khmer Standard Version (KHSV)

16. ព្រះ‌បាទ​សាឡូម៉ូន​ឲ្យ​គេ​ធ្វើ​ខែល​ធំៗ​ពី​មាស​ចំនួន​ពីរ​រយ ខែល​នីមួយៗ​មាន​ទម្ងន់​ប្រាំ​មួយ​គីឡូ​ក្រាម

17. និង​ខែល​តូចៗ​ពី​មាស​ចំនួន​បី​រយ ខែល​នីមួយៗ​មាន​ទម្ងន់​មួយ​គីឡូ‌ក្រាម​កន្លះ។ ស្ដេច​យក​ខែល​ទាំង​នោះ​ទៅ​ទុក​ក្នុង «ដំណាក់​ព្រៃ​ស្រុក​លីបង់»។

18. ព្រះ‌បាទ​សាឡូម៉ូន​ធ្វើ​បល្ល័ង្ក​មួយ​ដ៏​ធំ​ពី​ភ្លុក ព្រម​ទាំង​ស្រោប​មាស​សុទ្ធ​ផង។

19. បល្ល័ង្ក​នេះ​ស្ថិត​នៅ​លើ​កំណល់​មួយ​ដែល​មាន​ជណ្ដើរ​ប្រាំ​មួយ​ថ្នាក់ បង្អែក​របស់​បល្ល័ង្ក​មាន​រាង​មូល ព្រម​ទាំង​មាន​ដៃ​សង​ខាង ហើយ​មាន​រូប​ចម្លាក់​សិង្ហ​ពីរ​ឈរ​នៅ​ជាប់​នឹង​ដៃ​ទាំង​សង​ខាង​នោះ។

20. មាន​រូប​ចម្លាក់​សិង្ហ​ដប់‌ពីរ ឈរ​អម​សង​ខាង​ជណ្ដើរ​ទាំង​ប្រាំ​មួយ​ថ្នាក់​នោះ។ គេ​ពុំ​ដែល​ឃើញ​នគរ​ណា​មាន​បល្ល័ង្ក​បែប​នេះ​ឡើយ។

21. រីឯ​ពែង​ទាំង​ប៉ុន្មាន​របស់​ស្ដេច​សុទ្ធ​តែ​ធ្វើ​ពី​មាស ហើយ​ចាន​ដែល​ប្រើ‌ប្រាស់​ក្នុង​ដំណាក់​ព្រៃ​ស្រុក​លីបង់​ក៏​ធ្វើ​ពី​មាស​សុទ្ធ​ទាំង​អស់។ គេ​ពុំ​បាន​ធ្វើ​គ្រឿង​ប្រដាប់​អ្វី​ពី​ប្រាក់​ទេ ដ្បិត​ក្នុង​រជ្ជកាល​ព្រះ‌បាទ​សាឡូម៉ូន ប្រាក់​គ្មាន​តម្លៃ​ឡើយ។

22. ព្រះ‌បាទ​សាឡូម៉ូន​មាន​សំពៅ​ដើរ​សមុទ្រ​សម្រាប់​ធ្វើ​ជំនួញ​ទៅ​ស្រុក​ឆ្ងាយ ជា​មួយ​សំពៅ​របស់​ព្រះ‌បាទ​ហ៊ីរ៉ាម។ បី​ឆ្នាំ​ម្ដង សំពៅ​ទាំង​នោះ​វិល​ត្រឡប់​មក​វិញ ដោយ​នាំ​យក​មាស ប្រាក់ ភ្លុក ស្វា និង​ក្ងោក​មក​ផង។

23. ព្រះ‌បាទ​សាឡូម៉ូន​មាន​ទ្រព្យ‌សម្បត្តិ និង​ប្រាជ្ញា លើស​ស្ដេច​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី។

24. មនុស្ស​ទាំង​អស់​តែងតែ​ចង់​ចូល​គាល់​ព្រះ‌បាទ​សាឡូម៉ូន ដើម្បី​ស្ដាប់​រាជ‌ឱង្ការ​ប្រកប​ដោយ​ប្រាជ្ញា​ដែល​ព្រះ‌ជាម្ចាស់​ប្រទាន​មក​ស្ដេច។

25. រៀង​រាល់​ឆ្នាំ គេ​តែងតែ​នាំ​យក​តង្វាយ​មក​ថ្វាយ​ព្រះ‌បាទ​សាឡូម៉ូន គឺ​មាន​វត្ថុ​ធ្វើ​ពី​មាស ធ្វើ​ពី​ប្រាក់ សម្លៀក‌បំពាក់ គ្រឿង​សស្ត្រា‌វុធ គ្រឿង​ក្រអូប សេះ និង​លា។

26. ព្រះ‌បាទ​សាឡូម៉ូន​ប្រមូល​រទេះ​ចំបាំង និង​ពល​ទ័ព​សេះ​ទាំង​អស់​មក ឃើញ​មាន​រទេះ​ចំបាំង​ចំនួន​មួយ​ពាន់​បួន​រយ និង​ពល​ទ័ព​សេះ​ចំនួន​មួយ​ម៉ឺន​ពីរ​ពាន់​នាក់។ ស្ដេច​ទុក​មួយ​ចំនួន​ឲ្យ​នៅ​ជា​មួយ​ស្ដេច​ក្នុង​ក្រុង​យេរូ‌សាឡឹម និង​មួយ​ចំនួន​ទៀត​ឲ្យ​ទៅ​នៅ​តាម​ក្រុង​នានា ដែល​ស្ដេច​បម្រុង​សម្រាប់​ទ័ព​ទាំង​នោះ។

27. ព្រះ‌រាជា​បាន​ធ្វើ​ឲ្យ​ក្រុង​យេរូ‌សាឡឹម​មាន​ប្រាក់​សម្បូណ៌​ដូច​ដុំ​ថ្ម និង​មាន​ឈើ​តាត្រៅ​សម្បូណ៌​ដូច​ដើម​រាំង ដែល​ដុះ​នៅ​តាម​វាល​ទំនាប។

28. ពួក​ឈ្មួញ​នាំ​គ្នា​ទៅ​ទិញ​សេះ​ពី​ស្រុក​អេស៊ីប និង​គីលី‌គា មក​ថ្វាយ​ព្រះ‌បាទ​សាឡូម៉ូន។

សូមអានជំពូកពេញលេញ ១ ពង្សា‌វតារ‌ក្សត្រ 10