1. ព្រះមហាក្សត្រិយានីស្រុកសេបាបានឮអំពីកិត្តិនាមដ៏ល្បីល្បាញ ដែលព្រះបាទសាឡូម៉ូនទទួលពីព្រះអម្ចាស់។ ដូច្នេះ ព្រះនាងក៏យាងមកគាល់ព្រះបាទសាឡូម៉ូន ដើម្បីល្បងប្រាជ្ញា ដោយចោទសួរប្រស្នាផ្សេងៗ។
2. ព្រះនាងយាងមកដល់ក្រុងយេរូសាឡឹម ដោយមានរាជបម្រើយ៉ាងច្រើនហែហម ព្រមទាំងមានសត្វអូដ្ធជាច្រើនដឹកគ្រឿងក្រអូប មាស និងត្បូងយ៉ាងសន្ធឹកសន្ធាប់ផង។ ព្រះនាងចូលទៅគាល់ព្រះបាទសាឡូម៉ូន ហើយចោទសួរអ្វីៗទាំងប៉ុន្មានដែលព្រះនាងបានរិះគិតទុកជាមុន។
3. ព្រះបាទសាឡូម៉ូនឆ្លើយនឹងសំណួររបស់ព្រះនាងត្រូវទាំងអស់ ឥតមានសំណួរណាមួយដែលព្រះរាជាឆ្លើយពុំរួចនោះឡើយ។
4. ព្រះមហាក្សត្រិយានីស្រុកសេបាសង្កេតឃើញប្រាជ្ញាដ៏ឈ្លាសវៃរបស់ព្រះបាទសាឡូម៉ូន និងឃើញវាំងដែលស្ដេចបានសង់
5. ព្រមទាំងឃើញព្រះស្ងោយនៅលើតុស្ដេច លំនៅដ្ឋានរបស់នាម៉ឺនមន្ត្រី របៀបរបប និងឯកសណ្ឋានរបស់ពួករាជបម្រើ ពួកមហាតលិក និងឃើញតង្វាយដុតទាំងមូល ដែលស្ដេចថ្វាយនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ ព្រះនាងក៏កោតស្ញប់ស្ញែងយ៉ាងខ្លាំង។