គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ ពង្សា‌វតារ‌ក្សត្រ 10:1-11 Khmer Standard Version (KHSV)

1. ព្រះ‌មហា‌ក្សត្រិ‌យានី​ស្រុក​សេបា​បាន​ឮ​អំពី​កិត្តិនាម​ដ៏​ល្បី‌ល្បាញ ដែល​ព្រះ‌បាទ​សាឡូម៉ូន​ទទួល​ពី​ព្រះ‌អម្ចាស់។ ដូច្នេះ ព្រះ​នាង​ក៏​យាង​មក​គាល់​ព្រះ‌បាទ​សាឡូម៉ូន ដើម្បី​ល្បង​ប្រាជ្ញា ដោយ​ចោទ​សួរ​ប្រស្នា​ផ្សេងៗ។

2. ព្រះ‌នាង​យាង​មក​ដល់​ក្រុង​យេរូ‌សាឡឹម ដោយ​មាន​រាជ​បម្រើ​យ៉ាង​ច្រើន​ហែ‌ហម ព្រម​ទាំង​មាន​សត្វ​អូដ្ធ​ជា​ច្រើន​ដឹក​គ្រឿង​ក្រអូប មាស និង​ត្បូង​យ៉ាង​សន្ធឹក‌សន្ធាប់​ផង។ ព្រះ‌នាង​ចូល​ទៅ​គាល់​ព្រះ‌បាទ​សាឡូម៉ូន ហើយ​ចោទ​សួរ​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌នាង​បាន​រិះគិត​ទុក​ជា​មុន។

3. ព្រះ‌បាទ​សាឡូម៉ូន​ឆ្លើយ​នឹង​សំណួរ​របស់​ព្រះ‌នាង​ត្រូវ​ទាំង​អស់ ឥត​មាន​សំណួរ​ណា​មួយ​ដែល​ព្រះ‌រាជា​ឆ្លើយ​ពុំ​រួច​នោះ​ឡើយ។

4. ព្រះ‌មហា‌ក្សត្រិ‌យានី​ស្រុក​សេបា​សង្កេត​ឃើញ​ប្រាជ្ញា​ដ៏​ឈ្លាស‌វៃ​របស់​ព្រះ‌បាទ​សាឡូម៉ូន និង​ឃើញ​វាំង​ដែល​ស្ដេច​បាន​សង់

5. ព្រម​ទាំង​ឃើញ​ព្រះ‌ស្ងោយ​នៅ​លើ​តុ​ស្ដេច លំ‌នៅ‌ដ្ឋាន​របស់​នាម៉ឺន​មន្ត្រី របៀប​របប និង​ឯក‌សណ្ឋាន​របស់​ពួក​រាជ​បម្រើ ពួក​មហា‌តលិក និង​ឃើញ​តង្វាយ​ដុត​ទាំង​មូល ដែល​ស្ដេច​ថ្វាយ​នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ព្រះ‌នាង​ក៏​កោត​ស្ញប់‌ស្ញែង​យ៉ាង​ខ្លាំង។

6. ព្រះ‌នាង​មាន​សវនីយ៍​ទៅ​កាន់​ព្រះ‌បាទ​សាឡូម៉ូន​ថា៖ «ពាក្យ​ទាំង​ប៉ុន្មាន ដែល​ខ្ញុំ​ម្ចាស់​បាន​ឮ​គេ​និយាយ​នៅ​ក្នុង​ស្រុក​របស់​ខ្ញុំ​ម្ចាស់ ស្ដី​អំពី​ព្រះ‌ករុណា និង​អំពី​ប្រាជ្ញា​របស់​ព្រះ‌ករុណា​នោះ ពិត​ជា​ត្រឹម​ត្រូវ​មែន!

7. មុន​ពេល​ខ្ញុំ​ម្ចាស់​មក​ដល់ និង​មុន​ពេល​ខ្ញុំ​ម្ចាស់​ឃើញ​ផ្ទាល់​នឹង​ភ្នែក ខ្ញុំ​ម្ចាស់​មិន​បាន​ជឿ​ពាក្យ​គេ​ទេ។ ឥឡូវ​នេះ ខ្ញុំ​ម្ចាស់​យល់​ឃើញ​ថា អ្វីៗ​ដែល​គេ​រៀប‌រាប់​នោះ​បាន​ត្រឹម​តែ​ពាក់​កណ្ដាល​ប៉ុណ្ណោះ។ ព្រះ‌ករុណា​មាន​ប្រាជ្ញា ហើយ​ចម្រុង‌ចម្រើន​លើស​ពី​សេចក្ដី ដែល​ខ្ញុំ​ម្ចាស់​បាន​ឮ​ទៅ​ទៀត។

8. ពួក​រាជ​បម្រើ និង​ពួក​នាម៉ឺន​មន្ត្រី​ដែល​នៅ​ជុំ‌វិញ​ព្រះ‌ករុណា​ពិត​ជា​មាន​សុភមង្គល​ហើយ ព្រោះ​ពួក​គេ​បាន​ស្ដាប់​រាជ‌ឱង្ការ​ពោរ‌ពេញ​ដោយ​ប្រាជ្ញា​របស់​ព្រះ‌ករុណា។

9. សូម​លើក​តម្កើង​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ព្រះ‌ករុណា ដែល​បាន​ប្រោស‌ប្រណី​ព្រះ‌ករុណា ហើយ​ជ្រើស‌រើស​ព្រះ‌ករុណា ឲ្យ​ឡើង​គ្រង​រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល។ ព្រះ‌អម្ចាស់​ស្រឡាញ់​ជន‌ជាតិ​អ៊ីស្រា‌អែល​ជា‌និច្ច ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អង្គ​ជ្រើស​រើស​ព្រះ‌ករុណា​ឲ្យ​ធ្វើ​ជា​ស្ដេច ដើម្បី​គ្រប់‌គ្រង​ដោយ​សុចរិត និង​យុត្តិធម៌»។

10. ព្រះ‌មហា‌ក្សត្រិ‌យានី​ស្រុក​សេបា​យក​មាស​ទម្ងន់​បួន​ពាន់​គីឡូ‌ក្រាម មក​ថ្វាយ​ព្រះ‌រាជា រួម​ជា​មួយ​គ្រឿង​ក្រអូប និង​ត្បូង​យ៉ាង​ច្រើន​ផង។ តាំង​ពី​ពេល​នោះ​មក ពុំ​មាន​អ្នក​ណា​យក​គ្រឿង​ក្រអូប​យ៉ាង​ច្រើន​មក​ថ្វាយ​ព្រះ‌បាទ​សាឡូម៉ូន ដូច​ព្រះ‌មហា‌ក្សត្រិ‌យានី​ស្រុក​សេបា​ឡើយ។

11. កាល​សំពៅ​របស់​ព្រះ‌បាទ​ហ៊ីរ៉ាម​ដឹក​មាស​ពី​ស្រុក​អូភារ​មក​នោះ គេ​ក៏​ដឹក​ឈើ​ខ្លឹមចន្ទន៍ និង​ត្បូង​យ៉ាង​ច្រើន​មក​ជា​មួយ​ដែរ។

សូមអានជំពូកពេញលេញ ១ ពង្សា‌វតារ‌ក្សត្រ 10