គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ ពង្សា‌វតារ‌ក្សត្រ 1:8-24 Khmer Standard Version (KHSV)

8. ផ្ទុយ​ទៅ​វិញ លោក​បូជា‌ចារ្យ​សាដុក លោក​បេណា‌យ៉ា ជា​កូន​របស់​លោក​យេហូ‌យ៉ាដា​ព្យាការី​ណាថាន ព្រម​ទាំង​លោក​ស៊ី‌ម៉ៃ លោក​រេអ៊ី និង​នាយ​ទាហាន​ដ៏​អង់‌អាច​របស់​ព្រះ‌បាទ​ដាវីឌ មិន​បាន​ចូល​រួម​ជា​មួយ​សម្ដេច​អដូ‌នី‌យ៉ា​ទេ។

9. ថ្ងៃ​មួយ សម្ដេច​អដូ‌នី‌យ៉ា​បាន​រៀប‌ចំ​ពិធី​បុណ្យ​មួយ នៅ “ថ្ម​សូហេ‌លែត” ជិត​អេន‌រូកែល ដោយ​សម្លាប់​ចៀម និង​គោ ព្រម​ទាំង​កូន​គោ​បំប៉ន ធ្វើ​យញ្ញ‌បូជា​នៅ​ទី​នោះ។ សម្ដេច​យាង​បុត្រា​ទាំង​ប៉ុន្មាន​របស់​ព្រះ‌បាទ​ដាវីឌ និង​អញ្ជើញ​មេ‌ទ័ព​ទាំង​អស់​នៅ​ស្រុក​យូដា ដែល​ជា​អ្នក​បម្រើ​របស់​ព្រះ‌រាជា មក​ចូល​រួម​ក្នុង​ពិធី​បុណ្យ​នោះ។

10. ប៉ុន្តែ សម្ដេច​មិន​អញ្ជើញ​ព្យាការី​ណាថាន លោក​បេ‌ណា‌យ៉ា ពួក​នាយ​ទាហាន​ដ៏​អង់‌អាច និង​យាង​សម្ដេច​សាឡូម៉ូន ជា​អនុជ​មក​ចូល​រួម​ទេ។

11. ពេល​នោះ លោក​ណាថាន​ពោល​ទៅ​កាន់​នាង​បាត‌សេ‌បា ជា​មាតា​របស់​សម្ដេច​សាឡូម៉ូន​ថា៖ «តើ​នាង​មិន​ជ្រាប​ទេ​ថា សម្ដេច​អដូ‌នី‌យ៉ា ជា​បុត្រ​របស់​នាង​ហាគីត បាន​តាំង​ខ្លួន​ធ្វើ​ជា​ស្ដេច ប៉ុន្តែ ព្រះ‌បាទ​ដាវីឌ​ជា​អម្ចាស់​របស់​យើង​មិន​បាន​ជ្រាប​ទេ។

12. ឥឡូវ​នេះ ខ្ញុំ​សូម​ជូន​យោបល់​ដល់​នាង ដើម្បី​សង្គ្រោះ​ជីវិត​នាង និង​ជីវិត​សម្ដេច​សាឡូម៉ូន ជា​បុត្រ​របស់​នាង។

13. សូម​អញ្ជើញ​ចូល​ទៅ​គាល់​ព្រះ‌បាទ​ដាវីឌ ហើយ​ទូល​ដូច​ត​ទៅ: “បពិត្រ​ព្រះ‌ករុណា​ជា​អម្ចាស់ ព្រះ‌ករុណា​បាន​ស្បថ​នឹង​ខ្ញុំ​ម្ចាស់​ថា សាឡូម៉ូន ជា​បុត្រ​របស់​ខ្ញុំ​ម្ចាស់ នឹង​ឡើង​គ្រង​រាជ្យ​បន្ត​ពី​ព្រះ‌ករុណា គឺ​បុត្រ​នេះ​ហើយ​ដែល​នឹង​គង់​លើ​បល្ល័ង្ក​របស់​ពី​ព្រះ​ករុណា។ ហេតុ​អ្វី​បាន​ជា​អដូ‌នី‌យ៉ា​ឡើង​គ្រង​រាជ្យ​ទៅ​វិញ?”»។

14. លោក​ណាថាន​ពោល​ទៀត​ថា៖ «ពេល​នាង​ទូល​ស្ដេច​ចប់​ហើយ ខ្ញុំ​ក៏​នឹង​ចូល​ទៅ​គាល់​ស្ដេច​តាម​ក្រោយ​ដែរ ខ្ញុំ​នឹង​បញ្ជាក់​ពាក្យ​សម្ដី​ទាំង​ប៉ុន្មាន​ដែល​នាង​បាន​ទូល​នោះ»។

15. នាង​បាត‌សេ‌បា​ក៏​ចូល​ទៅ​គាល់​ស្ដេច នៅ​ក្នុង​ក្រឡា‌បន្ទំ។ ពេល​នោះ ព្រះ‌រាជា​មាន​ព្រះ‌ជន្មាយុ​ជរា​ណាស់​ហើយ ហើយ​នាង​អប៊ី‌សាក ជា​អ្នក​ភូមិ​ស៊ូ‌ណែម កំពុង​តែ​នៅ​បម្រើ​ព្រះ‌រាជា។

16. នាង​បាត‌សេ‌បា​លុត​ជង្គង់​ថ្វាយ‌បង្គំ​ព្រះ‌រាជា ហើយ​ព្រះ‌រាជា​សួរ​នាង​ថា៖ «តើ​នាង​មាន​ការ​អ្វី?»។

17. នាង​ទូល​ថា៖ «ព្រះ​ករុណា​ជា​អម្ចាស់ ទ្រង់​បាន​ស្បថ​នឹង​ខ្ញុំ​ម្ចាស់ ក្នុង​នាម​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ព្រះ‌ករុណា​ថា សាឡូម៉ូន​ជា​បុត្រ​របស់​ខ្ញុំ​ម្ចាស់ នឹង​ឡើង​គ្រង​រាជ្យ​បន្ត​ពី​ព្រះ‌ករុណា គឺ​បុត្រ​នេះ​ហើយ​ដែល​នឹង​គង់​លើ​បល្ល័ង្ក​របស់​ព្រះ‌ករុណា។

18. ប៉ុន្តែ ឥឡូវ​នេះ ម្ដេច​ក៏​អដូ‌នី‌យ៉ា​ឡើង​គ្រង​រាជ្យ​ទៅ​វិញ តើ​ព្រះ‌ករុណា​ជា​អម្ចាស់​ពុំ​ជ្រាប​ទេ​ឬ?

19. អដូ‌នី‌យ៉ា​បាន​សម្លាប់​គោ​ឈ្មោល កូន​គោ​បំប៉ន និង​ចៀម​យ៉ាង​ច្រើន ធ្វើ​យញ្ញ‌បូជា។ អដូ‌នី‌យ៉ា​បាន​យាង​បុត្រា​ទាំង​ប៉ុន្មាន​របស់​ព្រះ‌ករុណា ព្រម​ទាំង​អញ្ជើញ​លោក​បូជា‌ចារ្យ​អបៀ‌ថើរ និង​លោក​មេ‌ទ័ព​យ៉ូអាប់ តែ​ពុំ​បាន​យាង​សាឡូម៉ូន ជា​បុត្រ​របស់​ព្រះ‌ករុណា​ឲ្យ​ទៅ​ចូល​រួម​ទេ។

20. បពិត្រ​ព្រះ​ករុណា​ជា​អម្ចាស់! ឥឡូវ​នេះ ប្រជា‌ជន​អ៊ីស្រា‌អែល​រង់‌ចាំ​តែ​ព្រះ‌ករុណា​ប្រកាស​ថា តើ​នរណា​នឹង​ឡើង​ស្នង​រាជ្យ​បន្ត​ពី​ព្រះ‌ករុណា។

21. បើ​មិន​ដូច្នោះ​ទេ កាល​ណា​ព្រះ‌ករុណា​លា​ចាក​លោក​នេះ​ទៅ នោះ​គេ​មុខ​ជា​ចាត់​ទុក​ខ្ញុំ​ម្ចាស់ និង​សាឡូម៉ូន​ជា​បុត្រ​របស់​ខ្ញុំ​ម្ចាស់ ថា​ជា​អ្នក​ទោស​មិន​ខាន»។

22. កាល​នាង​បាត‌សេ‌បា​កំពុង​តែ​ទូល​ស្ដេច នោះ​ព្យាការី​ណាថាន​ចូល​មក​ដល់។

23. គេ​ទៅ​ទូល​ស្ដេច​ថា ព្យាការី​ណាថាន​អញ្ជើញ​មក​ដល់​ហើយ។ លោក​ណាថាន​ចូល​គាល់​ស្ដេច ដោយ​ក្រាប​ថ្វាយ‌បង្គំ អោន​មុខ​ដល់​ដី។

24. បន្ទាប់​មក លោក​ទូល​ថា៖ «បពិត្រ​ព្រះ‌ករុណា​ជា​អម្ចាស់! តើ​ព្រះ‌ករុណា​ឬ ដែល​បាន​សម្រេច​ឲ្យ​សម្ដេច​អដូ‌នី‌យ៉ា​ឡើង​គ្រង​រាជ្យ​បន្ត​ពី​ព្រះ‌ករុណា ហើយ​គង់​លើ​បល្ល័ង្ក​របស់​ព្រះ‌ករុណា?

សូមអានជំពូកពេញលេញ ១ ពង្សា‌វតារ‌ក្សត្រ 1