គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ ពង្សា‌វតារ‌ក្សត្រ 1:30-49 Khmer Standard Version (KHSV)

30. ថ្ងៃ​នេះ យើង​សម្រេច​តែង‌តាំង​សាឡូម៉ូន ជា​បុត្រ​របស់​នាង ឲ្យ​ឡើង​គ្រង​រាជ្យ​បន្ត​ពី​យើង គឺ​បុត្រ​នេះ​ហើយ​ដែល​នឹង​គង់​លើ​បល្ល័ង្ក​របស់​យើង ដូច​យើង​បាន​សន្យា​ជា​មួយ​នាង ក្នុង​នាម​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល»។

31. នាង​បាត‌សេ‌បា​ក្រាប​ថ្វាយ‌បង្គំ​ស្ដេច អោន​មុខ​ដល់​ដី ទាំង​ទូល​ថា៖ «សូម​ព្រះ‌បាទ​ដាវីឌ ជា​អម្ចាស់ ប្រកប​ដោយ​ព្រះ‌ជន្មាយុ​យឺន‌យូរ!»។

32. បន្ទាប់​មក ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ថា៖ «សូម​អញ្ជើញ​បូជា‌ចារ្យ*​សាដុក ព្យាការី*​ណាថាន និង​លោក​បេណា‌យ៉ា ជា​កូន​របស់​លោក​យេហូ‌យ៉ាដា​ចូល​មក»។ អស់​លោក​ទាំង​នោះ​ក៏​ចូល​មក​គាល់​ព្រះ‌រាជា។

33. ព្រះ‌រាជា​មាន​រាជ‌ឱង្ការ​ថា៖ «សូម​ប្រមូល​រាជ​បម្រើ​របស់​យើង​មក ហើយ​លើក​សាឡូម៉ូន ជា​បុត្រ​យើង ឲ្យ​ឡើង​ជិះ​លា​របស់​យើង រួច​ដង្ហែ​ទៅ​ប្រភព​ទឹក​គីហុន។

34. នៅ​ទី​នោះ លោក​បូជា‌ចារ្យ​សាដុក និង​ព្យាការី​ណាថាន ត្រូវ​ចាក់​ប្រេង​អភិសេក​សាឡូម៉ូន ជា​ស្ដេច​ស្រុក​អ៊ីស្រា‌អែល ហើយ​ឲ្យ​គេ​ផ្លុំ​ត្រែ​ឡើង ទាំង​ស្រែក​ថា “ជយោ​ព្រះ‌បាទ​សាឡូម៉ូន!”

35. ចូរ​ដង្ហែ​សាឡូម៉ូន​ចូល​មក​ក្នុង​ក្រុង​វិញ ឲ្យ​គង់​លើ​បល្ល័ង្ក​របស់​យើង។ សាឡូម៉ូន​នឹង​គ្រង​រាជ្យ​បន្ត​ពី​យើង គឺ​យើង​តែង‌តាំង​បុត្រ​នេះ​ឲ្យ​ធ្វើ​ជា​មគ្គទេសក៍​លើ​ស្រុក​អ៊ីស្រា‌អែល និង​ស្រុក​យូដា»។

36. លោក​បេណា‌យ៉ា ជា​កូន​របស់​លោក​យេហូ‌យ៉ាដា ទូល​ស្ដេច​ថា៖ «អាម៉ែន! ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ព្រះ‌ករុណា​ជា​អម្ចាស់ ទ្រង់​មាន​ព្រះ‌បន្ទូល​ទុក​ដូច្នេះ​មែន។

37. សូម​ព្រះ‌អម្ចាស់​គង់​ជា​មួយ​ព្រះ‌បាទ​សាឡូម៉ូន ដូច​ព្រះ‌អង្គ​បាន​គង់​ជា​មួយ​ព្រះ‌ករុណា​ដែរ! សូម​ព្រះ‌អង្គ​ប្រទាន​ឲ្យ​រាជ្យ​របស់​ព្រះ‌បាទ​សាឡូម៉ូន​បាន​រុងរឿង លើស​រាជ្យ​របស់​ព្រះ‌ករុណា​ជា​អម្ចាស់​ទៅ​ទៀត!»។

38. លោក​បូជា‌ចារ្យ​សាដុក ព្យាការី​ណាថាន និង​លោក​បេណា‌យ៉ា ជា​កូន​របស់​លោក​យេហូ‌យ៉ាដា ព្រម​ទាំង​ពួក​កេរេ‌ធីម និង​ពួក​ពេលេ‌ធីម នាំ​គ្នា​លើក​សម្ដេច​សាឡូម៉ូន ឲ្យ​ឡើង​គង់​លើ​ខ្នង​លា​របស់​ព្រះ‌បាទ​ដាវីឌ ហើយ​ដង្ហែ​ទៅ​កាន់​ប្រភព​ទឹក​គីហុន។

39. លោក​បូជា‌ចារ្យ​សាដុក​យក​ស្នែង​ដាក់​ប្រេង​ពី​ក្នុង​ព្រះ‌ពន្លា​មក រួច​ចាក់​ប្រេង​អភិសេក​សម្ដេច​សាឡូម៉ូន​ជា​ស្ដេច។ ពេល​នោះ គេ​ក៏​ផ្លុំ​ត្រែ ហើយ​ប្រជា‌ជន​ទាំង​មូល​ស្រែក​ឡើង​ថា៖ «ជយោ! ព្រះ‌បាទ​សាឡូម៉ូន!»។

40. ប្រជា‌ជន​ទាំង​មូល​ដង្ហែ​ស្ដេច​ចូល​មក​ក្នុង​ក្រុង​វិញ ទាំង​ផ្លុំ​ខ្លុយ ហើយ​នាំ​គ្នា​អបអរ​សាទរ​សប្បាយ​រីក‌រាយ​ក្រៃ‌លែង។ សូរ‌ស័ព្ទ​របស់​ពួក​គេ​បាន​លាន់​ឮ​រំពង​កក្រើក​ផែនដី។

41. ពេល​សម្ដេច​អដូ‌នី‌យ៉ា ព្រម​ទាំង​ភ្ញៀវ​ទាំង​ប៉ុន្មាន​ដែល​នៅ​ជា​មួយ ជប់‌លៀង​រួច​ហើយ ក៏​បាន​ឮ​សូរ‌ស័ព្ទ។ លោក​យ៉ូអាប់​ឮ​ស្នូរ​សំឡេង​ត្រែ​ច្បាស់ ហើយ​សួរ​ថា៖ «ហេតុ​អ្វី​បាន​ជា​មាន​សំឡេង​ត្រែ​លាន់​រំពង​នៅ​ក្នុង​ទីក្រុង​ដូច្នេះ?»។

42. លោក​យ៉ូអាប់​កំពុង​តែ​មាន​ប្រសាសន៍​នៅ​ឡើយ ស្រាប់​តែ​លោក​យ៉ូណា‌ថាន ជា​កូន​របស់​លោក​អបៀ‌ថើរ មក​ដល់។ សម្ដេច​អដូ‌នី‌យ៉ា​ពោល​ថា៖ «សូម​អញ្ជើញ​ចូល​មក មនុស្ស​គួរ​គោរព​ដូច​លោក​នេះ​ពិត​ជា​នាំ​ដំណឹង‌ល្អ​មិន​ខាន»។

43. លោក​យ៉ូណា‌ថាន​ទូល​សម្ដេច​អដូ‌នី‌យ៉ា​វិញ​ថា៖ «មិន​មែន​ដូច្នេះ​ទេ ក្រាប​ទូល! ព្រះ‌បាទ​ដាវីឌ​ជា​អម្ចាស់​នៃ​យើង បាន​តែង‌តាំង​សម្ដេច​សាឡូម៉ូន​ជា​ព្រះ​មហា‌ក្សត្រ​ហើយ។

44. ព្រះ‌រាជា​ចាត់​លោក​បូជា‌ចារ្យ​សាដុក ព្យាការី​ណាថាន និង​លោក​បេណា‌យ៉ា​ជា​កូន​របស់​លោក​យេហូ‌យ៉ាដា ព្រម​ទាំង​ពួក​កេរេ‌ធីម និង​ពេលេ‌ធីម​ឲ្យ​លើក​សម្ដេច​សាឡូម៉ូន​ឡើង​គង់​លើ​ខ្នង​លា​របស់​ស្ដេច ហើយ​ដង្ហែ​ចេញ​ទៅ។

45. លោក​បូជា‌ចារ្យ​សាដុក និង​ព្យាការី​ណាថាន បាន​ចាក់​ប្រេង​អភិសេក​សម្ដេច​សាឡូម៉ូន​ជា​ស្ដេច នៅ​ត្រង់​ប្រភព​ទឹក​គីហុន។ ពួក​គេ​ឡើង​ពី​ទី​នោះ​មក​វិញ ដោយ​អំណរ​សប្បាយ ហើយ​ប្រជា‌ជន​នៅ​ក្នុង​ទីក្រុង​បន្លឺ​សំឡេង​លាន់​ឮ​រំពង ដូច​អស់​លោក​បាន​ឮ​ស្រាប់។

46. លើស​ពី​នេះ សម្ដេច​សាឡូម៉ូន​ឡើង​គង់​លើ​រាជ​បល្ល័ង្ក

47. ហើយ​ពួក​នាម៉ឺន​មន្ត្រី​នាំ​គ្នា​មក​ថ្វាយ​ពរ​ព្រះ‌បាទ​ដាវីឌ ជា​អម្ចាស់​នៃ​យើង ដោយ​ទូល​ថា“សូម​ព្រះ​របស់​ព្រះ‌ករុណា​ប្រទាន​ឲ្យ​ព្រះ‌បាទ​សាឡូម៉ូន​មាន​ព្រះ‌នាម​ល្បី‌ល្បាញ ជាង​ព្រះ‌នាម​របស់​ព្រះ‌ករុណា​ទៅ​ទៀត។ សូម​ឲ្យ​រាជ្យ​របស់​ព្រះ‌បាទ​សាឡូម៉ូន​បាន​រុង​រឿង​ជាង​រាជ្យ​របស់​ព្រះ‌ករុណា!”។ ពេល​នោះ ព្រះ‌រាជា​ក៏​ក្រាប​ថ្វាយ‌បង្គំ នៅ​ក្នុង​ក្រឡា‌បន្ទំ

48. ហើយ​មាន​រាជ‌ឱង្ការ​ថា: “សូម​អរ​ព្រះ‌គុណ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល ដែល​ប្រោស​ប្រទាន​ឲ្យ​មាន​អ្នក​ស្នង​រាជ្យ​បន្ត​ពី​ទូលបង្គំ ហើយ​ឲ្យ​ទូលបង្គំ​បាន​ឃើញ​ព្រឹត្តិ‌ការណ៍​នេះ​ផ្ទាល់​នឹង​ភ្នែក”»។

49. ឮ​ដូច្នេះ ភ្ញៀវ​ទាំង​ប៉ុន្មាន​របស់​សម្ដេច​អដូ‌នី‌យ៉ា​នាំ​គ្នា​ភ័យ​ញ័រ ហើយ​ប្រញាប់‌ប្រញាល់​បែក‌ខ្ញែក​គ្នា​អស់​ទៅ។

សូមអានជំពូកពេញលេញ ១ ពង្សា‌វតារ‌ក្សត្រ 1