គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ ពង្សា‌វតារ‌ក្សត្រ 1:30-40 Khmer Standard Version (KHSV)

30. ថ្ងៃ​នេះ យើង​សម្រេច​តែង‌តាំង​សាឡូម៉ូន ជា​បុត្រ​របស់​នាង ឲ្យ​ឡើង​គ្រង​រាជ្យ​បន្ត​ពី​យើង គឺ​បុត្រ​នេះ​ហើយ​ដែល​នឹង​គង់​លើ​បល្ល័ង្ក​របស់​យើង ដូច​យើង​បាន​សន្យា​ជា​មួយ​នាង ក្នុង​នាម​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល»។

31. នាង​បាត‌សេ‌បា​ក្រាប​ថ្វាយ‌បង្គំ​ស្ដេច អោន​មុខ​ដល់​ដី ទាំង​ទូល​ថា៖ «សូម​ព្រះ‌បាទ​ដាវីឌ ជា​អម្ចាស់ ប្រកប​ដោយ​ព្រះ‌ជន្មាយុ​យឺន‌យូរ!»។

32. បន្ទាប់​មក ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ថា៖ «សូម​អញ្ជើញ​បូជា‌ចារ្យ*​សាដុក ព្យាការី*​ណាថាន និង​លោក​បេណា‌យ៉ា ជា​កូន​របស់​លោក​យេហូ‌យ៉ាដា​ចូល​មក»។ អស់​លោក​ទាំង​នោះ​ក៏​ចូល​មក​គាល់​ព្រះ‌រាជា។

33. ព្រះ‌រាជា​មាន​រាជ‌ឱង្ការ​ថា៖ «សូម​ប្រមូល​រាជ​បម្រើ​របស់​យើង​មក ហើយ​លើក​សាឡូម៉ូន ជា​បុត្រ​យើង ឲ្យ​ឡើង​ជិះ​លា​របស់​យើង រួច​ដង្ហែ​ទៅ​ប្រភព​ទឹក​គីហុន។

34. នៅ​ទី​នោះ លោក​បូជា‌ចារ្យ​សាដុក និង​ព្យាការី​ណាថាន ត្រូវ​ចាក់​ប្រេង​អភិសេក​សាឡូម៉ូន ជា​ស្ដេច​ស្រុក​អ៊ីស្រា‌អែល ហើយ​ឲ្យ​គេ​ផ្លុំ​ត្រែ​ឡើង ទាំង​ស្រែក​ថា “ជយោ​ព្រះ‌បាទ​សាឡូម៉ូន!”

35. ចូរ​ដង្ហែ​សាឡូម៉ូន​ចូល​មក​ក្នុង​ក្រុង​វិញ ឲ្យ​គង់​លើ​បល្ល័ង្ក​របស់​យើង។ សាឡូម៉ូន​នឹង​គ្រង​រាជ្យ​បន្ត​ពី​យើង គឺ​យើង​តែង‌តាំង​បុត្រ​នេះ​ឲ្យ​ធ្វើ​ជា​មគ្គទេសក៍​លើ​ស្រុក​អ៊ីស្រា‌អែល និង​ស្រុក​យូដា»។

36. លោក​បេណា‌យ៉ា ជា​កូន​របស់​លោក​យេហូ‌យ៉ាដា ទូល​ស្ដេច​ថា៖ «អាម៉ែន! ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ព្រះ‌ករុណា​ជា​អម្ចាស់ ទ្រង់​មាន​ព្រះ‌បន្ទូល​ទុក​ដូច្នេះ​មែន។

37. សូម​ព្រះ‌អម្ចាស់​គង់​ជា​មួយ​ព្រះ‌បាទ​សាឡូម៉ូន ដូច​ព្រះ‌អង្គ​បាន​គង់​ជា​មួយ​ព្រះ‌ករុណា​ដែរ! សូម​ព្រះ‌អង្គ​ប្រទាន​ឲ្យ​រាជ្យ​របស់​ព្រះ‌បាទ​សាឡូម៉ូន​បាន​រុងរឿង លើស​រាជ្យ​របស់​ព្រះ‌ករុណា​ជា​អម្ចាស់​ទៅ​ទៀត!»។

38. លោក​បូជា‌ចារ្យ​សាដុក ព្យាការី​ណាថាន និង​លោក​បេណា‌យ៉ា ជា​កូន​របស់​លោក​យេហូ‌យ៉ាដា ព្រម​ទាំង​ពួក​កេរេ‌ធីម និង​ពួក​ពេលេ‌ធីម នាំ​គ្នា​លើក​សម្ដេច​សាឡូម៉ូន ឲ្យ​ឡើង​គង់​លើ​ខ្នង​លា​របស់​ព្រះ‌បាទ​ដាវីឌ ហើយ​ដង្ហែ​ទៅ​កាន់​ប្រភព​ទឹក​គីហុន។

39. លោក​បូជា‌ចារ្យ​សាដុក​យក​ស្នែង​ដាក់​ប្រេង​ពី​ក្នុង​ព្រះ‌ពន្លា​មក រួច​ចាក់​ប្រេង​អភិសេក​សម្ដេច​សាឡូម៉ូន​ជា​ស្ដេច។ ពេល​នោះ គេ​ក៏​ផ្លុំ​ត្រែ ហើយ​ប្រជា‌ជន​ទាំង​មូល​ស្រែក​ឡើង​ថា៖ «ជយោ! ព្រះ‌បាទ​សាឡូម៉ូន!»។

40. ប្រជា‌ជន​ទាំង​មូល​ដង្ហែ​ស្ដេច​ចូល​មក​ក្នុង​ក្រុង​វិញ ទាំង​ផ្លុំ​ខ្លុយ ហើយ​នាំ​គ្នា​អបអរ​សាទរ​សប្បាយ​រីក‌រាយ​ក្រៃ‌លែង។ សូរ‌ស័ព្ទ​របស់​ពួក​គេ​បាន​លាន់​ឮ​រំពង​កក្រើក​ផែនដី។

សូមអានជំពូកពេញលេញ ១ ពង្សា‌វតារ‌ក្សត្រ 1