គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ ពង្សា‌វតារ‌ក្សត្រ 1:17-34 Khmer Standard Version (KHSV)

17. នាង​ទូល​ថា៖ «ព្រះ​ករុណា​ជា​អម្ចាស់ ទ្រង់​បាន​ស្បថ​នឹង​ខ្ញុំ​ម្ចាស់ ក្នុង​នាម​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ព្រះ‌ករុណា​ថា សាឡូម៉ូន​ជា​បុត្រ​របស់​ខ្ញុំ​ម្ចាស់ នឹង​ឡើង​គ្រង​រាជ្យ​បន្ត​ពី​ព្រះ‌ករុណា គឺ​បុត្រ​នេះ​ហើយ​ដែល​នឹង​គង់​លើ​បល្ល័ង្ក​របស់​ព្រះ‌ករុណា។

18. ប៉ុន្តែ ឥឡូវ​នេះ ម្ដេច​ក៏​អដូ‌នី‌យ៉ា​ឡើង​គ្រង​រាជ្យ​ទៅ​វិញ តើ​ព្រះ‌ករុណា​ជា​អម្ចាស់​ពុំ​ជ្រាប​ទេ​ឬ?

19. អដូ‌នី‌យ៉ា​បាន​សម្លាប់​គោ​ឈ្មោល កូន​គោ​បំប៉ន និង​ចៀម​យ៉ាង​ច្រើន ធ្វើ​យញ្ញ‌បូជា។ អដូ‌នី‌យ៉ា​បាន​យាង​បុត្រា​ទាំង​ប៉ុន្មាន​របស់​ព្រះ‌ករុណា ព្រម​ទាំង​អញ្ជើញ​លោក​បូជា‌ចារ្យ​អបៀ‌ថើរ និង​លោក​មេ‌ទ័ព​យ៉ូអាប់ តែ​ពុំ​បាន​យាង​សាឡូម៉ូន ជា​បុត្រ​របស់​ព្រះ‌ករុណា​ឲ្យ​ទៅ​ចូល​រួម​ទេ។

20. បពិត្រ​ព្រះ​ករុណា​ជា​អម្ចាស់! ឥឡូវ​នេះ ប្រជា‌ជន​អ៊ីស្រា‌អែល​រង់‌ចាំ​តែ​ព្រះ‌ករុណា​ប្រកាស​ថា តើ​នរណា​នឹង​ឡើង​ស្នង​រាជ្យ​បន្ត​ពី​ព្រះ‌ករុណា។

21. បើ​មិន​ដូច្នោះ​ទេ កាល​ណា​ព្រះ‌ករុណា​លា​ចាក​លោក​នេះ​ទៅ នោះ​គេ​មុខ​ជា​ចាត់​ទុក​ខ្ញុំ​ម្ចាស់ និង​សាឡូម៉ូន​ជា​បុត្រ​របស់​ខ្ញុំ​ម្ចាស់ ថា​ជា​អ្នក​ទោស​មិន​ខាន»។

22. កាល​នាង​បាត‌សេ‌បា​កំពុង​តែ​ទូល​ស្ដេច នោះ​ព្យាការី​ណាថាន​ចូល​មក​ដល់។

23. គេ​ទៅ​ទូល​ស្ដេច​ថា ព្យាការី​ណាថាន​អញ្ជើញ​មក​ដល់​ហើយ។ លោក​ណាថាន​ចូល​គាល់​ស្ដេច ដោយ​ក្រាប​ថ្វាយ‌បង្គំ អោន​មុខ​ដល់​ដី។

24. បន្ទាប់​មក លោក​ទូល​ថា៖ «បពិត្រ​ព្រះ‌ករុណា​ជា​អម្ចាស់! តើ​ព្រះ‌ករុណា​ឬ ដែល​បាន​សម្រេច​ឲ្យ​សម្ដេច​អដូ‌នី‌យ៉ា​ឡើង​គ្រង​រាជ្យ​បន្ត​ពី​ព្រះ‌ករុណា ហើយ​គង់​លើ​បល្ល័ង្ក​របស់​ព្រះ‌ករុណា?

25. ដ្បិត​ថ្ងៃ​នេះ សម្ដេច​អដូ‌នី‌យ៉ា​យាង​ទៅ “ថ្ម​សូហេ‌លែត” ហើយ​សម្លាប់​គោ​ឈ្មោល កូន​គោ​បំប៉ន និង​ចៀម​យ៉ាង​ច្រើន ធ្វើ​យញ្ញ‌បូជា។ សម្ដេច​បាន​យាង​បុត្រា​ទាំង​ប៉ុន្មាន​របស់​ព្រះ‌ករុណា ព្រម​ទាំង​អញ្ជើញ​ពួក​មេ‌ទ័ព និង​លោក​បូជា‌ចារ្យ​អបៀ‌ថើរ ទៅ​ចូល​រួម​ផង។ ឥឡូវ​នេះ ពួក​គេ​កំពុង​តែ​ជប់‌លៀង​ជា​មួយ​សម្ដេច​អដូ‌នី‌យ៉ា​ទាំង​ស្រែក​ថា“ជយោ​ព្រះ‌បាទ​អដូ‌នី‌យ៉ា!”។

26. ប៉ុន្តែ សម្ដេច​មិន​បាន​អញ្ជើញ​ទូលបង្គំ ជា​អ្នក​បម្រើ​ព្រះ‌ករុណា ឬ​លោក​បូជា‌ចារ្យ​សាដុក លោក​បេណា‌យ៉ា ជា​កូន​របស់​លោក​យេហូ‌យ៉ាដា ហើយ​ក៏​មិន​បាន​យាង​សម្ដេច​សាឡូម៉ូន ជា​រាជ‌បុត្រ​របស់​ព្រះ‌ករុណា ទៅ​ចូល​រួម​ដែរ។

27. តើ​ព្រះ‌ករុណា​ជា​អម្ចាស់​ឬ ដែល​បាន​សម្រេច​អភិសេក​រាជ‌បុត្រ​ឲ្យ​ឡើង​គ្រង​រាជ្យ​បន្ត​ពី​ព្រះ‌ករុណា ដោយ​មិន​ឲ្យ​ទូលបង្គំ​ទាំង​អស់​គ្នា​ដែល​ជា​អ្នក​បម្រើ​ដឹង?»។

28. ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ថា៖ «សូម​អញ្ជើញ​នាង​បាត‌សេ‌បា​មក!»។ នាង​បាត‌សេ‌បា​ចូល​មក​គាល់​ព្រះ‌រាជា។

29. ពេល​នោះ ព្រះ‌រាជា​មាន​រាជ‌ឱង្ការ​ថា៖ «យើង​សូម​ស្បថ ក្នុង​នាម​ព្រះ‌អម្ចាស់​ដ៏​មាន​ព្រះ‌ជន្ម​គង់​នៅ ហើយ​បាន​រំដោះ​យើង​ឲ្យ​រួច​ផុត​ពី​គ្រោះ​អាសន្ន​គ្រប់​យ៉ាង!

30. ថ្ងៃ​នេះ យើង​សម្រេច​តែង‌តាំង​សាឡូម៉ូន ជា​បុត្រ​របស់​នាង ឲ្យ​ឡើង​គ្រង​រាជ្យ​បន្ត​ពី​យើង គឺ​បុត្រ​នេះ​ហើយ​ដែល​នឹង​គង់​លើ​បល្ល័ង្ក​របស់​យើង ដូច​យើង​បាន​សន្យា​ជា​មួយ​នាង ក្នុង​នាម​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល»។

31. នាង​បាត‌សេ‌បា​ក្រាប​ថ្វាយ‌បង្គំ​ស្ដេច អោន​មុខ​ដល់​ដី ទាំង​ទូល​ថា៖ «សូម​ព្រះ‌បាទ​ដាវីឌ ជា​អម្ចាស់ ប្រកប​ដោយ​ព្រះ‌ជន្មាយុ​យឺន‌យូរ!»។

32. បន្ទាប់​មក ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ថា៖ «សូម​អញ្ជើញ​បូជា‌ចារ្យ*​សាដុក ព្យាការី*​ណាថាន និង​លោក​បេណា‌យ៉ា ជា​កូន​របស់​លោក​យេហូ‌យ៉ាដា​ចូល​មក»។ អស់​លោក​ទាំង​នោះ​ក៏​ចូល​មក​គាល់​ព្រះ‌រាជា។

33. ព្រះ‌រាជា​មាន​រាជ‌ឱង្ការ​ថា៖ «សូម​ប្រមូល​រាជ​បម្រើ​របស់​យើង​មក ហើយ​លើក​សាឡូម៉ូន ជា​បុត្រ​យើង ឲ្យ​ឡើង​ជិះ​លា​របស់​យើង រួច​ដង្ហែ​ទៅ​ប្រភព​ទឹក​គីហុន។

34. នៅ​ទី​នោះ លោក​បូជា‌ចារ្យ​សាដុក និង​ព្យាការី​ណាថាន ត្រូវ​ចាក់​ប្រេង​អភិសេក​សាឡូម៉ូន ជា​ស្ដេច​ស្រុក​អ៊ីស្រា‌អែល ហើយ​ឲ្យ​គេ​ផ្លុំ​ត្រែ​ឡើង ទាំង​ស្រែក​ថា “ជយោ​ព្រះ‌បាទ​សាឡូម៉ូន!”

សូមអានជំពូកពេញលេញ ១ ពង្សា‌វតារ‌ក្សត្រ 1