គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ ពង្សា‌វតារ‌ក្សត្រ 1:16-24 Khmer Standard Version (KHSV)

16. នាង​បាត‌សេ‌បា​លុត​ជង្គង់​ថ្វាយ‌បង្គំ​ព្រះ‌រាជា ហើយ​ព្រះ‌រាជា​សួរ​នាង​ថា៖ «តើ​នាង​មាន​ការ​អ្វី?»។

17. នាង​ទូល​ថា៖ «ព្រះ​ករុណា​ជា​អម្ចាស់ ទ្រង់​បាន​ស្បថ​នឹង​ខ្ញុំ​ម្ចាស់ ក្នុង​នាម​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ព្រះ‌ករុណា​ថា សាឡូម៉ូន​ជា​បុត្រ​របស់​ខ្ញុំ​ម្ចាស់ នឹង​ឡើង​គ្រង​រាជ្យ​បន្ត​ពី​ព្រះ‌ករុណា គឺ​បុត្រ​នេះ​ហើយ​ដែល​នឹង​គង់​លើ​បល្ល័ង្ក​របស់​ព្រះ‌ករុណា។

18. ប៉ុន្តែ ឥឡូវ​នេះ ម្ដេច​ក៏​អដូ‌នី‌យ៉ា​ឡើង​គ្រង​រាជ្យ​ទៅ​វិញ តើ​ព្រះ‌ករុណា​ជា​អម្ចាស់​ពុំ​ជ្រាប​ទេ​ឬ?

19. អដូ‌នី‌យ៉ា​បាន​សម្លាប់​គោ​ឈ្មោល កូន​គោ​បំប៉ន និង​ចៀម​យ៉ាង​ច្រើន ធ្វើ​យញ្ញ‌បូជា។ អដូ‌នី‌យ៉ា​បាន​យាង​បុត្រា​ទាំង​ប៉ុន្មាន​របស់​ព្រះ‌ករុណា ព្រម​ទាំង​អញ្ជើញ​លោក​បូជា‌ចារ្យ​អបៀ‌ថើរ និង​លោក​មេ‌ទ័ព​យ៉ូអាប់ តែ​ពុំ​បាន​យាង​សាឡូម៉ូន ជា​បុត្រ​របស់​ព្រះ‌ករុណា​ឲ្យ​ទៅ​ចូល​រួម​ទេ។

20. បពិត្រ​ព្រះ​ករុណា​ជា​អម្ចាស់! ឥឡូវ​នេះ ប្រជា‌ជន​អ៊ីស្រា‌អែល​រង់‌ចាំ​តែ​ព្រះ‌ករុណា​ប្រកាស​ថា តើ​នរណា​នឹង​ឡើង​ស្នង​រាជ្យ​បន្ត​ពី​ព្រះ‌ករុណា។

21. បើ​មិន​ដូច្នោះ​ទេ កាល​ណា​ព្រះ‌ករុណា​លា​ចាក​លោក​នេះ​ទៅ នោះ​គេ​មុខ​ជា​ចាត់​ទុក​ខ្ញុំ​ម្ចាស់ និង​សាឡូម៉ូន​ជា​បុត្រ​របស់​ខ្ញុំ​ម្ចាស់ ថា​ជា​អ្នក​ទោស​មិន​ខាន»។

22. កាល​នាង​បាត‌សេ‌បា​កំពុង​តែ​ទូល​ស្ដេច នោះ​ព្យាការី​ណាថាន​ចូល​មក​ដល់។

23. គេ​ទៅ​ទូល​ស្ដេច​ថា ព្យាការី​ណាថាន​អញ្ជើញ​មក​ដល់​ហើយ។ លោក​ណាថាន​ចូល​គាល់​ស្ដេច ដោយ​ក្រាប​ថ្វាយ‌បង្គំ អោន​មុខ​ដល់​ដី។

24. បន្ទាប់​មក លោក​ទូល​ថា៖ «បពិត្រ​ព្រះ‌ករុណា​ជា​អម្ចាស់! តើ​ព្រះ‌ករុណា​ឬ ដែល​បាន​សម្រេច​ឲ្យ​សម្ដេច​អដូ‌នី‌យ៉ា​ឡើង​គ្រង​រាជ្យ​បន្ត​ពី​ព្រះ‌ករុណា ហើយ​គង់​លើ​បល្ល័ង្ក​របស់​ព្រះ‌ករុណា?

សូមអានជំពូកពេញលេញ ១ ពង្សា‌វតារ‌ក្សត្រ 1