គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អែសរ៉ា 7:9-19 Khmer Standard Version (KHSV)

9. លោក​កំណត់​ពេល​ចេញ​ដំណើរ​ពី​ក្រុង​បាប៊ី‌ឡូន នៅ​ថ្ងៃ​ទី​មួយ ក្នុង​ខែ​ទី​មួយ ហើយ​មក​ដល់​ក្រុង​យេរូ‌សាឡឹម នៅ​ថ្ងៃ​ទី​មួយ ក្នុង​ខែ​ទី​ប្រាំ ដ្បិត​ព្រះ​ដ៏​សប្បុរស​របស់​លោក​បាន​ដាក់​ព្រះ‌ហស្ដ​លើ​លោក។

10. លោក​អែសរ៉ា​ខិត‌ខំ​រៀន​សូត្រ និង​កាន់​តាម​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អម្ចាស់​យ៉ាង​អស់​ពី​ចិត្ត ព្រម​ទាំង​បង្រៀន​ច្បាប់ និង​វិន័យ​ដល់​ជន‌ជាតិ​អ៊ីស្រា‌អែល​ទៀត​ផង។

11. ព្រះចៅ​អើថា‌ស៊ើកសេស​ប្រគល់​រាជ‌សារ​មួយ​ជូន​លោក​បូជា‌ចារ្យ​អែសរ៉ា ជា​បណ្ឌិត​ខាង​វិន័យ លោក​មាន​នាទី​ចម្លង​ព្រះ‌បន្ទូល​នៃ​បទ‌បញ្ជា និង​ច្បាប់​ដែល​ព្រះ‌អម្ចាស់ប្រទាន​មក​អ៊ីស្រា‌អែល។ រាជ‌សារ​នោះ​មាន​សេចក្ដី​ដូច​ត​ទៅ៖

12. «យើង អើថា‌ស៊ើកសេស ជា​ព្រះ‌មហា‌ក្សត្រ​លើ​មហា‌ក្សត្រ​ទាំង​អស់ ផ្ញើ​ជូន​លោក​បូជា‌ចារ្យ​អែសរ៉ា ជា​បណ្ឌិត​ខាង​វិន័យ​របស់​ព្រះ​នៃ​ស្ថាន​បរម‌សុខ

13. យើង​ចេញ​បញ្ជា​ថា ក្នុង​ចំណោម​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​អស់ ដែល​រស់​នៅ​ក្នុង​រាជា‌ណាចក្រ​របស់​យើង គឺ​ប្រជា‌ជន ក្រុម​បូជា‌ចារ្យ ក្រុម​លេវី អស់​អ្នក​ដែល​មាន​បំណង​ត្រឡប់​ទៅ​ក្រុង​យេរូ‌សាឡឹម នោះ​យើង​អនុញ្ញាត​ឲ្យ​គេ​ចាក​ចេញ​ទៅ​ជា​មួយ​លោក។

14. យើង និង​ទី​ប្រឹក្សា​ទាំង​ប្រាំ‌ពីរ​នាក់ ចាត់​លោក​ឲ្យ​ទៅ​ពិនិត្យ​មើល នៅ​ក្រុង​យេរូ‌សាឡឹម និង​ស្រុក​យូដា អំពី​របៀប​ដែល​គេ​គោរព​ក្រឹត្យ‌វិន័យ​នៃ​ព្រះ​របស់​លោក គឺ​គម្ពីរ​ដែល​លោក​កាន់​នេះ។

15. យើង​ក៏​ចាត់​លោក​ឲ្យ​នាំ​យក​មាស​ប្រាក់ ដែល​យើង និង​ទី​ប្រឹក្សា​ទាំង​ប្រាំ‌ពីរ​រូប សម្រេច​ថ្វាយ​ចំពោះ​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល ដែល​គង់​នៅ​ក្រុង​យេរូ‌សាឡឹម។

16. លោក​ក៏​ត្រូវ​នាំ​យក​ប្រាក់ និង​មាស​ទាំង​ប៉ុន្មាន ដែល​លោក​រៃ​បាន​ក្នុង​អាណា‌ខេត្ត​បាប៊ី‌ឡូន​ទាំង​មូល ព្រម​ទាំង​តង្វាយ​ដែល​ប្រជា‌ជន និង​បូជា‌ចារ្យ​ស្ម័គ្រ​ចិត្ត​ថ្វាយ សម្រាប់​ព្រះ‌ដំណាក់​នៃ​ព្រះ​របស់​ពួក​គេ នៅ​ក្រុង​យេរូ‌សាឡឹម​ដែរ។

17. លោក​ត្រូវ​លៃ‌លក​យក​ប្រាក់​ទាំង​នោះ ទិញ​គោ​បា ចៀម​ឈ្មោល និង​កូន​ចៀម ព្រម​ទាំង​តង្វាយ​ម្សៅ និង​ស្រា​ទំពាំង‌បាយជូរ​ដែល​ត្រូវ​ច្រួច​ជា​មួយ។ លោក​ត្រូវ​ថ្វាយ​តង្វាយ​ទាំង​នោះ នៅ​លើ​អាសនៈ​របស់​ព្រះ‌ដំណាក់​នៃ​ព្រះ​របស់​ពួក​លោក នៅ​ក្រុង​យេរូ‌សាឡឹម។

18. ប្រសិន​បើ​មាន​មាស​ប្រាក់​នៅ​សល់ លោក និង​បង‌ប្អូន​របស់​លោក អាច​យក​ទៅ​ប្រើ​ការ​តាម​តែ​លោក​យល់​ឃើញ​ថា​ល្អ​ត្រឹម​ត្រូវ ស្រប​តាម​ព្រះ‌ហឫទ័យ​នៃ​ព្រះ​របស់​អស់​លោក។

19. ចំពោះ​គ្រឿង​បរិក្ខារ​សម្រាប់​ប្រើ‌ប្រាស់​ក្នុង​ព្រះ‌ដំណាក់​នៃ​ព្រះ​របស់​លោក ដែល​គេ​បាន​ប្រគល់​ដល់​លោក​នោះ ចូរ​យក​ទៅ​ដាក់​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌ជាម្ចាស់ នៅ​ក្រុង​យេរូ‌សាឡឹម។

សូមអានជំពូកពេញលេញ អែសរ៉ា 7