គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អែសរ៉ា 7:21-26 Khmer Standard Version (KHSV)

21. យើង ព្រះចៅ​អើថា‌ស៊ើកសេស ចេញ​បញ្ជា​ដល់​អ្នក​កាន់​ឃ្លាំង​រាជ‌ទ្រព្យ​ទាំង​អស់ នៅ​តំបន់​ប៉ែក​ខាង​លិច​ទន្លេ​អឺប្រាត​ថា បើ​លោក​បូជា‌ចារ្យ​អែសរ៉ា ជា​បណ្ឌិត​ខាង​ក្រឹត្យ‌វិន័យ​របស់​ព្រះ​នៃ​ស្ថាន​បរម‌សុខ សុំ​អ្វី ត្រូវ​ប្រគល់​ជូន​លោក​កុំ​បី​អាក់‌ខាន​ឡើយ។

22. ពួក​គេ​នឹង​ប្រគល់​ជូន​លោក​រហូត​ដល់​ប្រាក់​បី​តោន ស្រូវ​សាម‌សិប​តោន ស្រា​ទំពាំង‌បាយជូរ​បួន​ពាន់​លីត្រ ប្រេង​អូលីវ​បួន​ពាន់​លីត្រ ព្រម​ទាំង​អំបិល​តាម​សេចក្ដី​ត្រូវ​ការ។

23. អ្វីៗ​ដែល​ព្រះ‌ជាម្ចាស់​នៃ​ស្ថាន​បរម‌សុខ​បង្គាប់ ស្ដី​អំពី​ព្រះ‌ដំណាក់​របស់​ព្រះ‌អង្គ ត្រូវ​តែ​ធ្វើ​តាម​យ៉ាង​រួស‌រាន់ ដើម្បី​កុំ​ឲ្យ​ព្រះ‌ជាម្ចាស់​ទ្រង់​ព្រះ‌ពិរោធ​ទាស់​នឹង​នគរ ឬ​រាជ‌វង្ស​របស់​យើង។

24. មួយ​វិញ​ទៀត យើង​សុំ​ប្រាប់​អស់​លោក​ឲ្យ​ដឹង​ថា អស់​លោក​គ្មាន​សិទ្ធិ​ទារ​ពន្ធដារ សួយសារ‌អាករ និង​ពន្ធ​ផ្លូវ ពី​ក្រុម​បូជា‌ចារ្យ ក្រុម​លេវី ក្រុម​អ្នក​ចម្រៀង ក្រុម​ឆ្មាំ​ទ្វារ ក្រុម​អ្នក​បម្រើ​ព្រះ‌វិហារ ឬ​អ្នក​បំពេញ​ការ‌ងារ​ផ្សេង​ទៀត ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់​ឡើយ។

25. ចំពោះ​លោក​អែសរ៉ា​វិញ យោង​តាម​គម្ពីរ​ដែល​បង្ហាញ​អំពី​ព្រះ‌ប្រាជ្ញា‌ញាណ​នៃ​ព្រះ​របស់​លោក គឺ​គម្ពីរ​ដែល​លោក​កាន់​នោះ ចូរ​តែង‌តាំង​ចៅ‌ក្រម និង​អ្នក​គ្រប់‌គ្រង ដើម្បី​កាត់​ក្ដី​ឲ្យ​ប្រជា‌ជន ដែល​រស់​នៅ​តំបន់​ប៉ែក​ខាង​លិច​ទន្លេ​អឺប្រាត គឺ​អស់​អ្នក​ដែល​ស្គាល់​ក្រឹត្យ‌វិន័យ​នៃ​ព្រះ​របស់​លោក​ហើយ។ លោក​ក៏​ត្រូវ​តែ​បង្ហាត់​បង្រៀន​អស់​អ្នក​ដែល​មិន​ស្គាល់​ក្រឹត្យ‌វិន័យ​ដែរ។

26. អ្នក​ណា​មិន​គោរព​តាម​ក្រឹត្យ‌វិន័យ​នៃ​ព្រះ​របស់​លោក ហើយ​មិន​គោរព​តាម​ច្បាប់​របស់​ស្ដេច​ឲ្យ​បាន​ម៉ត់‌ចត់​ទេ អ្នក​នោះ​នឹង​ត្រូវ​ទទួល​ទោស សម​តាម​ការ​ដែល​ខ្លួន​ប្រព្រឹត្ត គឺ​ទទួល​ទោស​ដល់​ស្លាប់ ឬ​ត្រូវ​និរទេស ឬ​ត្រូវ​រឹប​អូស​យក​ទ្រព្យ‌សម្បត្តិ ឬ​ត្រូវ​ជាប់​ពន្ធ‌នាគារ»។

សូមអានជំពូកពេញលេញ អែសរ៉ា 7