គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អែសរ៉ា 7:2-16 Khmer Standard Version (KHSV)

2. ជា​កូន​របស់​លោក​សា‌លូម ជា​កូន​របស់​លោក​សាដុក ជា​កូន​របស់​លោក​អហ៊ី‌ទូប

3. ជា​កូន​របស់​លោក​អម៉ា‌រា ជា​កូន​របស់​លោក​អសា‌រា ជា​កូន​របស់​លោក​មេរ៉ា‌យ៉ូត

4. ជា​កូន​របស់​លោក​សេរ៉ា‌ហ៊ា ជា​កូន​របស់​លោក​អ៊ូស៊ី ជា​កូន​របស់​លោក​ប៊ូកគី

5. ជា​កូន​របស់​លោក​អប៊ី‌សួរ ជា​កូន​របស់​លោក​ភីនេ‌ហាស ជា​កូន​របស់​អេ‌ឡា‌សារ ជា​កូន​របស់​មហា‌បូជា‌ចារ្យ​អើរ៉ុន។

6. លោក​អែសរ៉ា​មក​ពី​ស្រុក​បាប៊ី‌ឡូន លោក​ជា​បណ្ឌិត​ខាង​វិន័យ ហើយ​ស្គាល់​ក្រឹត្យ‌វិន័យ​របស់​លោក​ម៉ូសេ​យ៉ាង​ជ្រៅ​ជ្រះ គឺ​ក្រឹត្យ‌វិន័យ​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល ប្រទាន​ឲ្យ។ ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​លោក បាន​ដាក់​ព្រះ‌ហស្ដ​លើ​លោក​ហេតុ​នេះ​ហើយ ទើប​ព្រះ‌រាជា​ប្រទាន​អ្វីៗ​ទាំង​អស់ តាម​សំណូម​ពរ​របស់​លោក។

7. នៅ​ឆ្នាំ​ទី​ប្រាំ‌ពីរ​នៃ​រជ្ជ‌កាល​ព្រះចៅ​អើថា‌ស៊ើកសេស ប្រជា‌ជន​អ៊ីស្រា‌អែល​មួយ​ចំនួន​ព្រម​ទាំង​ក្រុម​បូជា‌ចារ្យ ក្រុម​លេវី ក្រុម​ចម្រៀង ក្រុម​ឆ្មាំ​ទ្វារ និង​ក្រុម​អ្នក​បម្រើ​ព្រះ‌វិហារ នាំ​គ្នា​វិល​មក​ក្រុង​យេរូ‌សាឡឹម​វិញ។

8. នៅ​គ្រា​នោះ លោក​អែសរ៉ា​បាន​មក​ដល់​ក្រុង​យេរូ‌សាឡឹម នៅ​ខែ​ទី​ប្រាំ ក្នុង​ឆ្នាំ​ទី​ប្រាំ‌ពីរ​នៃ​រជ្ជ‌កាល​ព្រះចៅ​អើថា‌ស៊ើកសេស។

9. លោក​កំណត់​ពេល​ចេញ​ដំណើរ​ពី​ក្រុង​បាប៊ី‌ឡូន នៅ​ថ្ងៃ​ទី​មួយ ក្នុង​ខែ​ទី​មួយ ហើយ​មក​ដល់​ក្រុង​យេរូ‌សាឡឹម នៅ​ថ្ងៃ​ទី​មួយ ក្នុង​ខែ​ទី​ប្រាំ ដ្បិត​ព្រះ​ដ៏​សប្បុរស​របស់​លោក​បាន​ដាក់​ព្រះ‌ហស្ដ​លើ​លោក។

10. លោក​អែសរ៉ា​ខិត‌ខំ​រៀន​សូត្រ និង​កាន់​តាម​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អម្ចាស់​យ៉ាង​អស់​ពី​ចិត្ត ព្រម​ទាំង​បង្រៀន​ច្បាប់ និង​វិន័យ​ដល់​ជន‌ជាតិ​អ៊ីស្រា‌អែល​ទៀត​ផង។

11. ព្រះចៅ​អើថា‌ស៊ើកសេស​ប្រគល់​រាជ‌សារ​មួយ​ជូន​លោក​បូជា‌ចារ្យ​អែសរ៉ា ជា​បណ្ឌិត​ខាង​វិន័យ លោក​មាន​នាទី​ចម្លង​ព្រះ‌បន្ទូល​នៃ​បទ‌បញ្ជា និង​ច្បាប់​ដែល​ព្រះ‌អម្ចាស់ប្រទាន​មក​អ៊ីស្រា‌អែល។ រាជ‌សារ​នោះ​មាន​សេចក្ដី​ដូច​ត​ទៅ៖

12. «យើង អើថា‌ស៊ើកសេស ជា​ព្រះ‌មហា‌ក្សត្រ​លើ​មហា‌ក្សត្រ​ទាំង​អស់ ផ្ញើ​ជូន​លោក​បូជា‌ចារ្យ​អែសរ៉ា ជា​បណ្ឌិត​ខាង​វិន័យ​របស់​ព្រះ​នៃ​ស្ថាន​បរម‌សុខ

13. យើង​ចេញ​បញ្ជា​ថា ក្នុង​ចំណោម​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​អស់ ដែល​រស់​នៅ​ក្នុង​រាជា‌ណាចក្រ​របស់​យើង គឺ​ប្រជា‌ជន ក្រុម​បូជា‌ចារ្យ ក្រុម​លេវី អស់​អ្នក​ដែល​មាន​បំណង​ត្រឡប់​ទៅ​ក្រុង​យេរូ‌សាឡឹម នោះ​យើង​អនុញ្ញាត​ឲ្យ​គេ​ចាក​ចេញ​ទៅ​ជា​មួយ​លោក។

14. យើង និង​ទី​ប្រឹក្សា​ទាំង​ប្រាំ‌ពីរ​នាក់ ចាត់​លោក​ឲ្យ​ទៅ​ពិនិត្យ​មើល នៅ​ក្រុង​យេរូ‌សាឡឹម និង​ស្រុក​យូដា អំពី​របៀប​ដែល​គេ​គោរព​ក្រឹត្យ‌វិន័យ​នៃ​ព្រះ​របស់​លោក គឺ​គម្ពីរ​ដែល​លោក​កាន់​នេះ។

15. យើង​ក៏​ចាត់​លោក​ឲ្យ​នាំ​យក​មាស​ប្រាក់ ដែល​យើង និង​ទី​ប្រឹក្សា​ទាំង​ប្រាំ‌ពីរ​រូប សម្រេច​ថ្វាយ​ចំពោះ​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល ដែល​គង់​នៅ​ក្រុង​យេរូ‌សាឡឹម។

16. លោក​ក៏​ត្រូវ​នាំ​យក​ប្រាក់ និង​មាស​ទាំង​ប៉ុន្មាន ដែល​លោក​រៃ​បាន​ក្នុង​អាណា‌ខេត្ត​បាប៊ី‌ឡូន​ទាំង​មូល ព្រម​ទាំង​តង្វាយ​ដែល​ប្រជា‌ជន និង​បូជា‌ចារ្យ​ស្ម័គ្រ​ចិត្ត​ថ្វាយ សម្រាប់​ព្រះ‌ដំណាក់​នៃ​ព្រះ​របស់​ពួក​គេ នៅ​ក្រុង​យេរូ‌សាឡឹម​ដែរ។

សូមអានជំពូកពេញលេញ អែសរ៉ា 7