គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អែសរ៉ា 7:13-21 Khmer Standard Version (KHSV)

13. យើង​ចេញ​បញ្ជា​ថា ក្នុង​ចំណោម​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​អស់ ដែល​រស់​នៅ​ក្នុង​រាជា‌ណាចក្រ​របស់​យើង គឺ​ប្រជា‌ជន ក្រុម​បូជា‌ចារ្យ ក្រុម​លេវី អស់​អ្នក​ដែល​មាន​បំណង​ត្រឡប់​ទៅ​ក្រុង​យេរូ‌សាឡឹម នោះ​យើង​អនុញ្ញាត​ឲ្យ​គេ​ចាក​ចេញ​ទៅ​ជា​មួយ​លោក។

14. យើង និង​ទី​ប្រឹក្សា​ទាំង​ប្រាំ‌ពីរ​នាក់ ចាត់​លោក​ឲ្យ​ទៅ​ពិនិត្យ​មើល នៅ​ក្រុង​យេរូ‌សាឡឹម និង​ស្រុក​យូដា អំពី​របៀប​ដែល​គេ​គោរព​ក្រឹត្យ‌វិន័យ​នៃ​ព្រះ​របស់​លោក គឺ​គម្ពីរ​ដែល​លោក​កាន់​នេះ។

15. យើង​ក៏​ចាត់​លោក​ឲ្យ​នាំ​យក​មាស​ប្រាក់ ដែល​យើង និង​ទី​ប្រឹក្សា​ទាំង​ប្រាំ‌ពីរ​រូប សម្រេច​ថ្វាយ​ចំពោះ​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល ដែល​គង់​នៅ​ក្រុង​យេរូ‌សាឡឹម។

16. លោក​ក៏​ត្រូវ​នាំ​យក​ប្រាក់ និង​មាស​ទាំង​ប៉ុន្មាន ដែល​លោក​រៃ​បាន​ក្នុង​អាណា‌ខេត្ត​បាប៊ី‌ឡូន​ទាំង​មូល ព្រម​ទាំង​តង្វាយ​ដែល​ប្រជា‌ជន និង​បូជា‌ចារ្យ​ស្ម័គ្រ​ចិត្ត​ថ្វាយ សម្រាប់​ព្រះ‌ដំណាក់​នៃ​ព្រះ​របស់​ពួក​គេ នៅ​ក្រុង​យេរូ‌សាឡឹម​ដែរ។

17. លោក​ត្រូវ​លៃ‌លក​យក​ប្រាក់​ទាំង​នោះ ទិញ​គោ​បា ចៀម​ឈ្មោល និង​កូន​ចៀម ព្រម​ទាំង​តង្វាយ​ម្សៅ និង​ស្រា​ទំពាំង‌បាយជូរ​ដែល​ត្រូវ​ច្រួច​ជា​មួយ។ លោក​ត្រូវ​ថ្វាយ​តង្វាយ​ទាំង​នោះ នៅ​លើ​អាសនៈ​របស់​ព្រះ‌ដំណាក់​នៃ​ព្រះ​របស់​ពួក​លោក នៅ​ក្រុង​យេរូ‌សាឡឹម។

18. ប្រសិន​បើ​មាន​មាស​ប្រាក់​នៅ​សល់ លោក និង​បង‌ប្អូន​របស់​លោក អាច​យក​ទៅ​ប្រើ​ការ​តាម​តែ​លោក​យល់​ឃើញ​ថា​ល្អ​ត្រឹម​ត្រូវ ស្រប​តាម​ព្រះ‌ហឫទ័យ​នៃ​ព្រះ​របស់​អស់​លោក។

19. ចំពោះ​គ្រឿង​បរិក្ខារ​សម្រាប់​ប្រើ‌ប្រាស់​ក្នុង​ព្រះ‌ដំណាក់​នៃ​ព្រះ​របស់​លោក ដែល​គេ​បាន​ប្រគល់​ដល់​លោក​នោះ ចូរ​យក​ទៅ​ដាក់​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌ជាម្ចាស់ នៅ​ក្រុង​យេរូ‌សាឡឹម។

20. ប្រសិន​បើ​លោក​ត្រូវ​ការ​ចំណាយ​អ្វី​ផ្សេង​ទៀត សម្រាប់​ព្រះ‌វិហារ​នៃ​ព្រះ​របស់​លោក ចូរ​បើក​ពី​ឃ្លាំង​រាជ‌ទ្រព្យ​ទៅ​ចំណាយ​ចុះ។

21. យើង ព្រះចៅ​អើថា‌ស៊ើកសេស ចេញ​បញ្ជា​ដល់​អ្នក​កាន់​ឃ្លាំង​រាជ‌ទ្រព្យ​ទាំង​អស់ នៅ​តំបន់​ប៉ែក​ខាង​លិច​ទន្លេ​អឺប្រាត​ថា បើ​លោក​បូជា‌ចារ្យ​អែសរ៉ា ជា​បណ្ឌិត​ខាង​ក្រឹត្យ‌វិន័យ​របស់​ព្រះ​នៃ​ស្ថាន​បរម‌សុខ សុំ​អ្វី ត្រូវ​ប្រគល់​ជូន​លោក​កុំ​បី​អាក់‌ខាន​ឡើយ។

សូមអានជំពូកពេញលេញ អែសរ៉ា 7