គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អែសរ៉ា 6:1-12 Khmer Standard Version (KHSV)

1. ព្រះចៅ​ដារី‌យូស​បញ្ជា​ឲ្យ​គេ​ស្រាវ‌ជ្រាវ​ឯក‌សារ​រាជ្យ​ទ្រព្យ ដែល​គេ​រក្សា​ទុក​ក្នុង​មន្ទីរ​តម្កល់​ឯក‌សារ​នៅ​ក្រុង​បាប៊ី‌ឡូន។

2. គេ​រក​ឃើញ​ក្រាំង​មួយ​នៅ​អាក់‌មេថា ជា​ក្រុង​ដែល​មាន​កំពែង​រឹង‌មាំ​នៃ​អាណា‌ខេត្ត​មេឌី។ ក្នុង​ក្រាំង​នោះ​មាន​ចែង​ដូច​ត​ទៅ៖ «កំណត់​ហេតុ:

3. នៅ​ឆ្នាំ​ទី​មួយ​នៃ​រជ្ជ‌កាល​ព្រះចៅ​ស៊ីរូស ស្ដេច​បាន​ចេញ​រាជ​បញ្ជា​មួយ​ស្ដី​អំពី​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់ នៅ​ក្រុង​យេរូ‌សាឡឹម។ ត្រូវ​សង់​ព្រះ‌ដំណាក់​ឡើង​វិញ​នៅ​លើ​គ្រឹះ​ចាស់ ទុក​ជា​កន្លែង​ថ្វាយ​យញ្ញ‌បូជា។ ព្រះ‌ដំណាក់​នេះ​ត្រូវ​មាន​កំពស់​ហុក‌សិប​ហត្ថ និង​ទទឹង​ហុក‌សិប​ហត្ថ។

4. គេ​ត្រូវ​រៀប​ថ្ម​ធំៗ​បី​ជួរ​ឆ្លាស់​គ្នា​នឹង​ឈើ​មួយ​ជួរ។ រីឯ​ប្រាក់​ចំណាយ​លើ​ការ​សង់ ត្រូវ​បើក​ពី​ឃ្លាំង​រាជ‌ទ្រព្យ។

5. គ្រឿង​បរិក្ខារ​អំពី​មាស និង​ប្រាក់​នៃ​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់ ដែល​ស្ដេច​នេប៊ូ‌ក្នេសា​បាន​រឹប​អូស​យក​ពី​ព្រះ‌វិហារ នៅ​ក្រុង​យេរូ‌សាឡឹម​មក​ក្រុង​បាប៊ី‌ឡូន​នោះ ត្រូវ​តែ​នាំ​ទៅ​ព្រះ‌វិហារ​នៅ​ក្រុង​យេរូ‌សាឡឹម ហើយ​ដាក់​នៅ​កន្លែង​ដើម​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់»។

6. ព្រះចៅ​ដារី‌យូស​ផ្ញើ​រាជ‌សារ​ទៅ​លោក​ថាថ្នាយ ជា​ទេសា‌ភិបាល​នៅ​តំបន់​ប៉ែក​ខាង​លិច​ទន្លេ​អឺ‌ប្រាត និង​លោក​សេថា-‌បូសណាយ ព្រម​ទាំង​ពួក​រាជការ​ជា​សហការី​របស់​ពួក​គេ នៅ​តំបន់​ប៉ែក​ខាង​លិច​ទន្លេ​អឺ‌ប្រាត​មាន​សេចក្ដី​ដូច​ត​ទៅ៖ «សុំ​អស់​លោក​កុំ​រវី‌រវល់​នឹង​រឿង​នេះ​ឡើយ។

7. ទុក​ឲ្យ​ជន‌ជាតិ​យូដា​សង់​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់​ឡើង​វិញ​ចុះ។ ត្រូវ​ឲ្យ​ទេសា‌ភិបាល និង​ពួក​ព្រឹទ្ធា‌ចារ្យ​របស់​ជន‌ជាតិ​យូដា សង់​ព្រះ‌ដំណាក់​ត្រង់​កន្លែង​ដើម។

8. សុំ​អស់​លោក​ជួយ​ពួក​ព្រឹទ្ធា‌ចារ្យ​របស់​ជន‌ជាតិ​យូដា ក្នុង​ការ​សាង​សង់​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់​ឡើង​វិញ​ផង។ ចំពោះ​ចំណាយ​ក្នុង​ការ​សង់​ត្រូវ​យក​ពី​ឃ្លាំង​រាជ‌ទ្រព្យ គឺ​ប្រាក់​នៃ​ពន្ធ‌អាករ​ដែល​ទារ​ពី​តំបន់​ខាង​លិច​ទន្លេ​អឺ‌ប្រាត មក​បើក​ឲ្យ​ពួក​គេ​គ្រប់​ចំនួន កុំ​បី​អាក់‌ខាន​ឡើយ។

9. សុំ​អស់​លោក​ផ្គត់‌ផ្គង់​អ្វីៗ​ដែល​ក្រុម​បូជា‌ចារ្យ នៅ​ក្រុង​យេរូ‌សាឡឹម​ត្រូវ​ការ​ជា​រៀង​រាល់​ថ្ងៃ គឺ​គោ​បា ចៀម​ឈ្មោល និង​កូន​ចៀម សម្រាប់​ជា​តង្វាយ​ដុត​ទាំង​មូល ថ្វាយ​ចំពោះ​ព្រះ‌ជាម្ចាស់​នៃ​ស្ថាន​បរម‌សុខ ព្រម​ទាំង​ស្រូវ អំបិល ស្រា​ទំពាំង‌បាយជូរ និង​ប្រេង តាម​សំណូម​ពរ​របស់​ក្រុម​បូជា‌ចារ្យ កុំ​បី​អាក់‌ខាន​ឡើយ។

10. ធ្វើ​ដូច្នេះ ពួក​គេ​អាច​ថ្វាយ​តង្វាយ​ដែល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌ជាម្ចាស់ ហើយ​ពួក​គេ​ទូល‌អង្វរ សូម​ឲ្យ​ព្រះ‌រាជា និង​រាជ‌បុត្រ មាន​ជន្មាយុ​យឺន‌យូរ។

11. ប្រសិន​បើ​នរណា​ម្នាក់​មិន​គោរព​តាម​សេចក្ដី​ដែល​យើង​បង្គាប់​ទេ ត្រូវ​ដក​ឈើ​ពី​ផ្ទះ​របស់​អ្នក​នោះ បញ្ឈរ​ឡើង​សម្រាប់​ដោត​គេ ហើយ​យក​ផ្ទះ​របស់​គេ​ធ្វើ​ជា​កន្លែង​បន្ទោរ‌បង់​ផង។

12. សូម​ឲ្យ​ព្រះ‌ជាម្ចាស់​ដែល​តាំង​ព្រះ‌នាម​របស់​ព្រះ‌អង្គ​នៅ​ទី​នោះ ទម្លាក់​ស្ដេច ឬ​ប្រជា‌ជន​ណា​ដែល​បំពាន​លើ​សេចក្ដី​សម្រេច​របស់​យើង ដោយ​មាន​បំណង​បំផ្លាញ​ព្រះ‌ដំណាក់​របស់​ព្រះ‌អង្គ នៅ​ក្រុង​យេរូ‌សាឡឹម។យើង​ដារី‌យូស​ចេញ​បញ្ជា​នេះ ដូច្នេះ ត្រូវ​តែ​អនុវត្ត​តាម​ជា​កំហិត»។

សូមអានជំពូកពេញលេញ អែសរ៉ា 6