គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អែសរ៉ា 5:1-10 Khmer Standard Version (KHSV)

1. ព្យាការី​ហាកាយ និង​ព្យាការី​សាកា‌រី ជា​កូន​របស់​លោក​អ៊ីដោ បាន​នាំ​ព្រះ‌បន្ទូល​របស់​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល ទៅ​ថ្លែង​ប្រាប់​ជន‌ជាតិ​យូដា​នៅ​ក្រុង​យេរូ‌សាឡឹម និង​នៅ​ស្រុក​យូដា។

2. គ្រា​នោះ លោក​សូរ៉ូ‌បាបិល ជា​កូន​របស់​លោក​សាល‌ធាល និង​លោក​យេសួរ ជា​កូន​របស់​លោក​យ៉ូសា‌ដាក ក៏​នាំ​គ្នា​ងើប​ឡើង សង់​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់​ឡើង​វិញ ដោយ​មាន​ព្យាការី​របស់​ព្រះ‌ជាម្ចាស់​ជួយ​គាំទ្រ​ផង។

3. គ្រា​ដដែល​នោះ លោក​ថាថ្នាយ ជា​ទេសា‌ភិបាល​នៅ​តំបន់​ប៉ែក​ខាង​លិច​ទន្លេ​អឺប្រាត និង​លោក​សេថារ-‌បូសណាយ ព្រម​ទាំង​សហការី នាំ​គ្នា​មក​ជួប​ជន‌ជាតិ​យូដា ហើយ​សួរ​ថា៖ «តើ​នរណា​អនុញ្ញាត​ឲ្យ​អ្នក​រាល់​គ្នា​សង់​ដំណាក់​នេះ ព្រម​ទាំង​ជួស‌ជុល​ជញ្ជាំង​ឡើង​វិញ។

4. ចូរ​ស្រង់​ឈ្មោះ​អស់​អ្នក​ដែល​ចូល​រួម​ក្នុង​ការ​សង់​នេះ​ឲ្យ​យើង​មក!»។

5. ប៉ុន្តែ ព្រះ‌ជាម្ចាស់​តាម​ការពារ​អស់​លោក​ព្រឹទ្ធា‌ចារ្យ​នៃ​ជន‌ជាតិ​យូដា។ ក្នុង​ពេល​ដែល​គេ​បញ្ជូន​សំណុំ​រឿង​ថ្វាយ​ព្រះចៅ​ដារី‌យូស ហើយ​រង់‌ចាំ​ចម្លើយ​វិញ​នោះ គេ​មិន​បាន​បញ្ឈប់​ការ​សាង​សង់​ទេ។

6. សារ​ដែល​លោក​ថាថ្នាយ ជា​ទេសា‌ភិបាល និង​លោក​សេថារ-‌បូស‌ណាយ ព្រម​ទាំង​ពួក​រាជការ ជា​សហការី​របស់​ពួក​គេ នៅ​តំបន់​ប៉ែក​ខាង​លិច​ទន្លេ​អឺ‌ប្រាត ផ្ញើ​ថ្វាយ​ព្រះចៅ​ដារី‌យូស

7. មាន​សេចក្ដី​ដូច​ត​ទៅ៖ «សូម​ថ្វាយ​ចំពោះ​ព្រះចៅ​ដារី‌យូស សូម​ព្រះ‌ករុណា​ប្រកប​ដោយ​សេចក្ដី​សុខ​ចម្រើន!

8. សូម​ព្រះ‌ករុណា​ជ្រាប​ថា យើង​ខ្ញុំ​បាន​ទៅ​ស្រុក​យូដា ហើយ​ទៅ​ដល់​ព្រះ‌ដំណាក់​របស់​ព្រះ​ដ៏​ប្រសើរ​ឧត្ដម។ ពួក​គេ​យក​ថ្ម​ធំៗ​មក​សង់​ព្រះ‌ដំណាក់ និង​យក​ឈើ​មក​ស៊ក​ក្នុង​ជញ្ជាំង ធ្វើ​ជា​ធ្នឹម។ គេ​ធ្វើ​កិច្ចការ​នេះ​យ៉ាង​ម៉ត់‌ចត់ ហើយ​រីក​ចម្រើន​យ៉ាង​ឆាប់​រហ័ស​ទៀត​ផង។

9. យើង​ខ្ញុំ​បាន​សួរ​ពួក​ព្រឹទ្ធា‌ចារ្យ​ថា “តើ​នរណា​អនុញ្ញាត​ឲ្យ​អ្នក​រាល់​គ្នា​សង់​ដំណាក់​នេះ ព្រម​ទាំង​ជួស‌ជុល​ជញ្ជាំង​ឡើង​វិញ?”។

10. យើង​ខ្ញុំ​ក៏​បាន​សួរ​ឈ្មោះ​ពួក​គេ​ដែរ ដើម្បី​ស្រង់​ឈ្មោះ​អស់​អ្នក​ដែល​ដឹក​នាំ​កិច្ចការ​នោះ យក​មក​ថ្វាយ​ព្រះ‌ករុណា។

សូមអានជំពូកពេញលេញ អែសរ៉ា 5