គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អែសរ៉ា 4:7-17 Khmer Standard Version (KHSV)

7. នៅ​រជ្ជ‌កាល​ព្រះចៅ​អើថា‌ស៊ើកសេស ជា​ស្ដេច​ស្រុក​ពែរ្ស លោក​ប៊ីស‌ឡាំ លោក​មីត្រា‌ដាត លោក​តាបេល និង​បក្ស​ពួក​របស់​គេ ក៏​បាន​សរសេរ​សារ​ថ្វាយ​ព្រះចៅ​អើថា‌ស៊ើកសេស​ជា​ស្ដេច​ស្រុក​ពែរ្ស​ដែរ។ សារ​នោះ​សរសេរ​ជា​អក្សរ​អារ៉ាម និង​ភាសា​អារ៉ាម។

8. លោក​ទេសា‌ភិបាល​រេហ៊ូម និង​លោក​ស៊ីម‌សៃ ជា​លេខា ក៏​បាន​សរសេរ​សារ​ថ្វាយ​ព្រះចៅ​អើថា‌ស៊ើកសេស​ស្ដី​អំពី​ក្រុង​យេរូ‌សាឡឹម។ សារ​នោះ​មាន​សេចក្ដី​ដូច​ត​ទៅ៖

9. «ទូលបង្គំ​យើង​ខ្ញុំ រេហ៊ូម ជា​ទេសា‌ភិបាល និង​ស៊ីម‌សៃ ជា​លេខា ព្រម​ទាំង​សហការី​គ្រប់​រូប​នៃ​តំបន់​ឌីណា អផារ‌សាថាក់ ថើ‌ផែល អផា‌រ៉ាស អើកា‌វេ បាប៊ី‌ឡូន ស៊ូសាន ដេហាវេ អេឡាំ

10. និង​ប្រជា‌ជន​ឯ​ទៀតៗ​ដែល​ព្រះ‌បាទ​អស្នា‌ផារ ជា​ស្ដេច​ដ៏​ប្រសើរ​ឧត្ដម បាន​កៀរ​ឲ្យ​មក​រស់​នៅ​ក្នុង​ក្រុង​សាម៉ារី និង​តំបន់​ដែល​នៅ​ប៉ែក​ខាង​លិច​ទន្លេ​អឺប្រាត។ ល។»

11. សេចក្ដី​នៅ​ក្នុង​សារ ដែល​ពួក​គេ​ផ្ញើ​ថ្វាយ​ព្រះចៅ​អើថា‌ស៊ើកសេស មាន​ដូច​ត​ទៅ៖ «ទូលបង្គំ​យើង​ខ្ញុំ​ជា​ប្រជា‌ជន​រស់​នៅ​ប៉ែក​ខាង​លិច​ទន្លេ​អឺប្រាត។ ល។

12. សូម​ព្រះ‌ករុណា​ជ្រាប​ថា ជន‌ជាតិ​យូដា​ដែល​ត្រឡប់​ពី​នគរ​របស់​ព្រះ‌ករុណា មក​ដល់​ក្រុង​យេរូ‌សាឡឹម ក្នុង​ចំណោម​យើង​ខ្ញុំ កំពុង​តែ​នាំ​គ្នា​សង់​ក្រុង​អាក្រក់ និង​បះ‌បោរ​នេះ​ឡើង​វិញ។ ពួក​គេ​ជួស‌ជុល​កំពែង​ក្រុង ព្រម​ទាំង​កំពុង​ចាក់​គ្រឹះ​ទៀត​ផង។

13. សូម​ព្រះ‌ករុណា​ជ្រាប​ថា ប្រសិន​បើ​ពួក​គេ​សង់​ក្រុង​នេះ​ឡើង​វិញ ហើយ​ជួស‌ជុល​កំពែង​ក្រុង ពួក​គេ​មុខ​ជា​ឈប់​បង់​ពន្ធដារ សួយសារ‌អាករ និង​ពន្ធ​ផ្លូវ ធ្វើ​ឲ្យ​ព្រះ‌ករុណា​ខាត​បង់​រាជ‌ទ្រព្យ​មិន​ខាន។

14. ដោយ​យើង​ខ្ញុំ​ជ្រក​ក្រោម​ម្លប់​បារមី​របស់​ព្រះ‌ករុណា យើង​ខ្ញុំ​មិន​អាច​ព្រងើយ​កន្តើយ ទុក​ឲ្យ​គេ​បង្អាប់​កិត្តិយស​របស់​ព្រះ‌ករុណា​ឡើយ ដូច្នេះ ទើប​យើង​ខ្ញុំ​ផ្ញើ​ដំណឹង​ទាំង​នេះ​មក​ថ្វាយ​ព្រះ‌ករុណា។

15. សូម​ព្រះ‌ករុណា​ឲ្យ​គេ​ស្រាវ‌ជ្រាវ​ក្នុង​ឯក‌សារ ដែល​អយ្យកោ​របស់​ព្រះ‌ករុណា​ចង​ក្រង​ទុក នោះ​ព្រះ‌រាជា​នឹង​ឃើញ​ច្បាស់​ថា ក្រុង​នេះ​តែងតែ​បះ‌បោរ​ជា‌និច្ច ព្រម​ទាំង​បង្ក​ឲ្យ​មាន​វិបត្តិ​ដល់​ព្រះ‌មហា‌ក្សត្រ និង​ទេសា‌ភិបាល​នានា។ តាំង​ពី​ដើម​រៀង​មក ប្រជា‌ជន​នៅ​ក្រុង​នេះ​តែងតែ​បង្ក​ឲ្យ​មាន​ចលនា​បះ‌បោរ​ជា‌និច្ច។ ហេតុ​នេះ​ហើយ​បាន​ជា​ក្រុង​នេះ​ត្រូវ​គេ​បំផ្លាញ​ខ្ទេច‌ខ្ទី​អស់។

16. ទូលបង្គំ​យើង​ខ្ញុំ​សូម​ទូល​ព្រះ‌ករុណា​ឲ្យ​បាន​ជ្រាប ថា ប្រសិន​បើ​ពួក​គេ​សង់​ក្រុង​នេះ​ឡើង​វិញ ហើយ​ជួស‌ជុល​កំពែង​ក្រុង នោះ​ព្រះ‌ករុណា​នឹង​បាត់​បង់​ទឹក​ដី នៅ​ប៉ែក​ខាង​លិច​ទន្លេ​អឺប្រាត​ជា​មិន​ខាន»។

17. ព្រះ‌រាជា​ផ្ញើ​សារ​តប​វិញ​ដូច​ត​ទៅ៖ «ជូន​ចំពោះ​លោក​ទេសា‌ភិបាល​រេហ៊ូម និង​លោក​ស៊ីម‌សៃ ជា​លេខា ព្រម​ទាំង​សហការី​គ្រប់​រូប​នៅ​ស្រុក​សាម៉ារី និង​តំបន់​ដែល​នៅ​ប៉ែក​ខាង​លិច​ទន្លេ​អឺប្រាត សូម​ជ្រាប។

សូមអានជំពូកពេញលេញ អែសរ៉ា 4