គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អែសរ៉ា 4:13-24 Khmer Standard Version (KHSV)

13. សូម​ព្រះ‌ករុណា​ជ្រាប​ថា ប្រសិន​បើ​ពួក​គេ​សង់​ក្រុង​នេះ​ឡើង​វិញ ហើយ​ជួស‌ជុល​កំពែង​ក្រុង ពួក​គេ​មុខ​ជា​ឈប់​បង់​ពន្ធដារ សួយសារ‌អាករ និង​ពន្ធ​ផ្លូវ ធ្វើ​ឲ្យ​ព្រះ‌ករុណា​ខាត​បង់​រាជ‌ទ្រព្យ​មិន​ខាន។

14. ដោយ​យើង​ខ្ញុំ​ជ្រក​ក្រោម​ម្លប់​បារមី​របស់​ព្រះ‌ករុណា យើង​ខ្ញុំ​មិន​អាច​ព្រងើយ​កន្តើយ ទុក​ឲ្យ​គេ​បង្អាប់​កិត្តិយស​របស់​ព្រះ‌ករុណា​ឡើយ ដូច្នេះ ទើប​យើង​ខ្ញុំ​ផ្ញើ​ដំណឹង​ទាំង​នេះ​មក​ថ្វាយ​ព្រះ‌ករុណា។

15. សូម​ព្រះ‌ករុណា​ឲ្យ​គេ​ស្រាវ‌ជ្រាវ​ក្នុង​ឯក‌សារ ដែល​អយ្យកោ​របស់​ព្រះ‌ករុណា​ចង​ក្រង​ទុក នោះ​ព្រះ‌រាជា​នឹង​ឃើញ​ច្បាស់​ថា ក្រុង​នេះ​តែងតែ​បះ‌បោរ​ជា‌និច្ច ព្រម​ទាំង​បង្ក​ឲ្យ​មាន​វិបត្តិ​ដល់​ព្រះ‌មហា‌ក្សត្រ និង​ទេសា‌ភិបាល​នានា។ តាំង​ពី​ដើម​រៀង​មក ប្រជា‌ជន​នៅ​ក្រុង​នេះ​តែងតែ​បង្ក​ឲ្យ​មាន​ចលនា​បះ‌បោរ​ជា‌និច្ច។ ហេតុ​នេះ​ហើយ​បាន​ជា​ក្រុង​នេះ​ត្រូវ​គេ​បំផ្លាញ​ខ្ទេច‌ខ្ទី​អស់។

16. ទូលបង្គំ​យើង​ខ្ញុំ​សូម​ទូល​ព្រះ‌ករុណា​ឲ្យ​បាន​ជ្រាប ថា ប្រសិន​បើ​ពួក​គេ​សង់​ក្រុង​នេះ​ឡើង​វិញ ហើយ​ជួស‌ជុល​កំពែង​ក្រុង នោះ​ព្រះ‌ករុណា​នឹង​បាត់​បង់​ទឹក​ដី នៅ​ប៉ែក​ខាង​លិច​ទន្លេ​អឺប្រាត​ជា​មិន​ខាន»។

17. ព្រះ‌រាជា​ផ្ញើ​សារ​តប​វិញ​ដូច​ត​ទៅ៖ «ជូន​ចំពោះ​លោក​ទេសា‌ភិបាល​រេហ៊ូម និង​លោក​ស៊ីម‌សៃ ជា​លេខា ព្រម​ទាំង​សហការី​គ្រប់​រូប​នៅ​ស្រុក​សាម៉ារី និង​តំបន់​ដែល​នៅ​ប៉ែក​ខាង​លិច​ទន្លេ​អឺប្រាត សូម​ជ្រាប។

18. សារ​ដែល​អស់​លោក​ផ្ញើ​មក​យើង​នោះ គេ​បាន​បក​ប្រែ និង​អាន​ឲ្យ​យើង​ស្ដាប់​សព្វ​គ្រប់​ហើយ។

19. យើង​បញ្ជា​ឲ្យ​គេ​ស្រាវ‌ជ្រាវ ហើយ​ឃើញ​ថា តាំង​ពី​ដើម​រៀង​មក អ្នក​ក្រុង​យេរូ‌សាឡឹម​តែងតែ​បង្ក​ចលនា​បះ‌បោរ និង​ឃុប‌ឃិត​គ្នា​ប្រឆាំង​នឹង​ស្ដេច​ជា‌និច្ច។

20. កាល​ពី​ដើម នៅ​ក្រុង​យេរូ‌សាឡឹម​នេះ មាន​ស្ដេច​ខ្លាំង​ពូកែ គ្រប់‌គ្រង​តំបន់​ខាង​លិច​ទន្លេ​អឺប្រាត​ទាំង​មូល ព្រម​ទាំង​ហូត​ពន្ធដារ​សួយសារ‌អាករ និង​ពន្ធ​ផ្លូវ​ទៀត​ផង។

21. ឥឡូវ​នេះ ចូរ​អស់​លោក​បញ្ជា​ឲ្យ​ពួក​គេ​បញ្ឈប់​កិច្ចការ​របស់​ខ្លួន​ទៅ។ ដរាប​ណា​គ្មាន​បញ្ជា​ពី​យើង​ទេ គេ​មិន​ត្រូវ​សង់​ក្រុង​នោះ​ឡើង​វិញ​ជា​ដាច់​ខាត។

22. សូម​យក​ចិត្ត​ទុក​ដាក់​នឹង​កិច្ចការ​នេះ​ឲ្យ​បាន​ដិត​ដល់ ក្រែង​លោ​ផល​អាក្រក់​កាន់​តែ​រីក​ធំ​ឡើង នាំ​ឲ្យ​ខាត​បង់​រាជ‌ទ្រព្យ»។

23. កាល​គេ​អាន​រាជ‌សារ​របស់​ព្រះចៅ​អើថា‌ស៊ើកសេស​ឲ្យ​លោក​រេហ៊ូម និង​លោក​ស៊ីម‌សៃ ជា​លេខា ព្រម​ទាំង​សហការី​គ្រប់​រូប ស្ដាប់​ហើយ អ្នក​ទាំង​នោះ​ក៏​ប្រញាប់‌ប្រញាល់​នាំ​គ្នា​ទៅ​ក្រុង​យេរូ‌សាឡឹម ហើយ​ប្រើ​កម្លាំង​បង្ខំ​ឲ្យ​ជន‌ជាតិ​យូដា​បញ្ឈប់​ការ​សាង​សង់​ជា​បន្ទាន់។

24. ជន‌ជាតិ​យូដា​ផ្អាក​ការ​សាង​សង់​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់ នៅ​ក្រុង​យេរូ‌សាឡឹម រហូត​ដល់​ឆ្នាំ​ទី​ពីរ​នៃ​រជ្ជ‌កាល​ព្រះចៅ​ដារី‌យូស ជា​ស្ដេច​ស្រុក​ពែរ្ស។

សូមអានជំពូកពេញលេញ អែសរ៉ា 4