គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អែសរ៉ា 4:1-12 Khmer Standard Version (KHSV)

1. ពេល​បច្ចា‌មិត្ត​របស់​កុល‌សម្ព័ន្ធ​យូដា និង​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន ឮ​ថា ពួក​ឈ្លើយ​ដែល​ត្រឡប់​មក​វិញ នាំ​គ្នា​សង់​ព្រះ‌វិហារ​ថ្វាយ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល

2. នោះ​ពួក​គេ​នាំ​គ្នា​មក​ជួប​លោក​សូរ៉ូ‌បាបិល និង​អស់​លោក​ជា​មេ​ក្រុម​គ្រួសារ ហើយ​ជម្រាប​ថា៖ «ពួក​យើង​ចង់​សាង​សង់​ជា​មួយ​អស់​លោក ដ្បិត​ពួក​យើង​ក៏​គោរព​បម្រើ​ព្រះ‌ជាម្ចាស់ ជា​ព្រះ​របស់​អស់​លោក ដូច​ជា​អស់​លោក​ដែរ ព្រម​ទាំង​ថ្វាយ​យញ្ញ‌បូជា​ចំពោះ​ព្រះ‌អង្គ តាំង​ពី​ជំនាន់​ដែល​ព្រះចៅ​អេសារ-‌ហាដោន ជា​ស្ដេច​ស្រុក​អាស្ស៊ីរី នាំ​ពួក​យើង​មក​ទី​នេះ»។

3. ប៉ុន្តែ លោក​សូរ៉ូ‌បាបិល លោក​យេសួរ និង​អស់​លោក​ឯ​ទៀតៗ ជា​មេ​ក្រុម​គ្រួសារ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល ឆ្លើយ​ទៅ​ពួក​គេ​ថា៖ «អស់​លោក​មិន​ត្រូវ​ចូល​រួម​ជា​មួយ​ពួក​យើង ក្នុង​ការ​សាង​សង់​ព្រះ‌ដំណាក់​ថ្វាយ​ព្រះ​របស់​ពួក​យើង​ទេ មាន​តែ​ពួក​យើង​ប៉ុណ្ណោះ​ដែល​ត្រូវ​សង់​ថ្វាយ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល ដូច​ព្រះចៅ​ស៊ីរូស ជា​ស្ដេច​ស្រុក​អាស្ស៊ីរី បាន​បញ្ជា​ដល់​ពួក​យើង»។

4. ពេល​នោះ អ្នក​ស្រុក​នាំ​គ្នា​ធ្វើ​ឲ្យ​ប្រជា‌ជន​យូដា​បាក់​ទឹក​ចិត្ត ព្រម​ទាំង​បំភ័យ​ពួក​គេ​មិន​ឲ្យ​សាង​សង់​ទៀត។

5. អ្នក​ស្រុក​ទាំង​នោះ​បាន​សូក‌ប៉ាន់​ពួក​ទី​ប្រឹក្សា​របស់​ស្ដេច ឲ្យ​រារាំង​គម្រោង‌ការ​របស់​ជន‌ជាតិ​យូដា តាំង​ពី​រជ្ជ‌កាល​ព្រះចៅ​ស៊ីរូស រហូត​ដល់​រជ្ជ‌កាល​ព្រះចៅ​ដារី‌យុស ជា​ស្ដេច​ស្រុក​ពែរ្ស។

6. នៅ​ដើម​រជ្ជ‌កាល​ព្រះចៅ​អហា‌ស៊ូរុស អ្នក​ស្រុក​នោះ​បាន​ផ្ញើ​សារ​មួយ​ថ្វាយ​ស្ដេច ដើម្បី​ចោទ​ប្រកាន់​អ្នក​ស្រុក​យូដា និង​អ្នក​ក្រុង​យេរូ‌សាឡឹម។

7. នៅ​រជ្ជ‌កាល​ព្រះចៅ​អើថា‌ស៊ើកសេស ជា​ស្ដេច​ស្រុក​ពែរ្ស លោក​ប៊ីស‌ឡាំ លោក​មីត្រា‌ដាត លោក​តាបេល និង​បក្ស​ពួក​របស់​គេ ក៏​បាន​សរសេរ​សារ​ថ្វាយ​ព្រះចៅ​អើថា‌ស៊ើកសេស​ជា​ស្ដេច​ស្រុក​ពែរ្ស​ដែរ។ សារ​នោះ​សរសេរ​ជា​អក្សរ​អារ៉ាម និង​ភាសា​អារ៉ាម។

8. លោក​ទេសា‌ភិបាល​រេហ៊ូម និង​លោក​ស៊ីម‌សៃ ជា​លេខា ក៏​បាន​សរសេរ​សារ​ថ្វាយ​ព្រះចៅ​អើថា‌ស៊ើកសេស​ស្ដី​អំពី​ក្រុង​យេរូ‌សាឡឹម។ សារ​នោះ​មាន​សេចក្ដី​ដូច​ត​ទៅ៖

9. «ទូលបង្គំ​យើង​ខ្ញុំ រេហ៊ូម ជា​ទេសា‌ភិបាល និង​ស៊ីម‌សៃ ជា​លេខា ព្រម​ទាំង​សហការី​គ្រប់​រូប​នៃ​តំបន់​ឌីណា អផារ‌សាថាក់ ថើ‌ផែល អផា‌រ៉ាស អើកា‌វេ បាប៊ី‌ឡូន ស៊ូសាន ដេហាវេ អេឡាំ

10. និង​ប្រជា‌ជន​ឯ​ទៀតៗ​ដែល​ព្រះ‌បាទ​អស្នា‌ផារ ជា​ស្ដេច​ដ៏​ប្រសើរ​ឧត្ដម បាន​កៀរ​ឲ្យ​មក​រស់​នៅ​ក្នុង​ក្រុង​សាម៉ារី និង​តំបន់​ដែល​នៅ​ប៉ែក​ខាង​លិច​ទន្លេ​អឺប្រាត។ ល។»

11. សេចក្ដី​នៅ​ក្នុង​សារ ដែល​ពួក​គេ​ផ្ញើ​ថ្វាយ​ព្រះចៅ​អើថា‌ស៊ើកសេស មាន​ដូច​ត​ទៅ៖ «ទូលបង្គំ​យើង​ខ្ញុំ​ជា​ប្រជា‌ជន​រស់​នៅ​ប៉ែក​ខាង​លិច​ទន្លេ​អឺប្រាត។ ល។

12. សូម​ព្រះ‌ករុណា​ជ្រាប​ថា ជន‌ជាតិ​យូដា​ដែល​ត្រឡប់​ពី​នគរ​របស់​ព្រះ‌ករុណា មក​ដល់​ក្រុង​យេរូ‌សាឡឹម ក្នុង​ចំណោម​យើង​ខ្ញុំ កំពុង​តែ​នាំ​គ្នា​សង់​ក្រុង​អាក្រក់ និង​បះ‌បោរ​នេះ​ឡើង​វិញ។ ពួក​គេ​ជួស‌ជុល​កំពែង​ក្រុង ព្រម​ទាំង​កំពុង​ចាក់​គ្រឹះ​ទៀត​ផង។

សូមអានជំពូកពេញលេញ អែសរ៉ា 4