គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អែសរ៉ា 3:1-7 Khmer Standard Version (KHSV)

1. លុះ​ដល់​ខែ​ទី​ប្រាំ‌ពីរ ជន‌ជាតិ​អ៊ីស្រា‌អែល ដែល​រស់​នៅ​តាម​ក្រុង​របស់​ខ្លួន បាន​មក​ជួប‌ជុំ​គ្នា​នៅ​ក្រុង​យេរូ‌សាឡឹម ដោយ​មាន​ចិត្ត​គំនិត​តែ​មួយ។

2. លោក​យេសួរ ជា​កូន​របស់​យ៉ូសា‌ដាក និង​បូជា‌ចារ្យ​ឯ​ទៀតៗ ដែល​ជា​បង‌ប្អូន​លោក​មក​ជា​មួយ​ផង ព្រម​ទាំង​លោក​សូរ៉ូ‌បាបិល ជា​កូន​របស់​លោក​សាល‌ធាល និង​បង‌ប្អូន​របស់​លោក នាំ​គ្នា​សង់​អាសនៈ​របស់​ព្រះ​នៃ​អ៊ីស្រា‌អែល ដើម្បី​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល ដូច​មាន​ចែង​ទុក​ក្នុង​ក្រឹត្យ‌វិន័យ​របស់​លោក​ម៉ូសេ ជា​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់។

3. ពួក​គេ​នាំ​គ្នា​សង់​អាសនៈ​នេះ​នៅ​លើ​គ្រឹះ​ចាស់ ព្រោះ​ពួក​គេ​ភ័យ​ខ្លាច​ចំពោះ​ប្រជា‌ជន​ដែល​រស់​នៅ​ក្នុង​ស្រុក ហើយ​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល​ចំពោះ​ព្រះ‌អម្ចាស់ នៅ​លើ​អាសនៈ​នោះ ទាំង​ព្រឹក ទាំង​ល្ងាច។

4. បន្ទាប់​មក ជន‌ជាតិ​អ៊ីស្រា‌អែល​ប្រារព្ធ​ពិធី​បុណ្យ​បារាំ ដូច​មាន​ចែង​ទុក​ក្នុង​គម្ពីរ ហើយ​ពួក​គេ​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល​ជា​រៀង​រាល់​ថ្ងៃ តាម​ចំនួន​ដូច​មាន​ចែង​ទុក​ក្នុង​គម្ពីរ‌វិន័យ។

5. ចាប់​ពី​ពេល​នោះ​មក ពួក​គេ​នាំ​គ្នា​ថ្វាយ​តង្វាយ​ដុត​ជា​អចិន្ត្រៃយ៍ តង្វាយ​ដុត​សម្រាប់​បុណ្យ​ចូល​ខែ​ថ្មី និង​បុណ្យ​ដ៏​សំខាន់ៗ​ទាំង​ប៉ុន្មាន ដែល​គេ​ប្រារព្ធ​ថ្វាយ​ព្រះ‌អម្ចាស់ ព្រម​ទាំង​តង្វាយ​ស្ម័គ្រ​ចិត្ត​ដែល​ប្រជា‌ជន​យក​មក​ថ្វាយ​ព្រះ‌អម្ចាស់។

6. ចាប់​តាំង​ពី​ថ្ងៃ​ទី​មួយ​នៃ​ខែ​ទី​ប្រាំ‌ពីរ ពួក​គេ​ចាប់​ផ្ដើម​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល​ចំពោះ​ព្រះ‌អម្ចាស់ ទោះ​បី​គ្រឹះ​នៃ​ព្រះ‌វិហារ​របស់​ព្រះ‌អម្ចាស់ ពុំ​ទាន់​បាន​ចាក់​នៅ​ឡើយ​ក៏​ដោយ។

7. ពួក​គេ​ជួល​ជាង​ដាប់​ថ្ម និង​ជាង​ឈើ ព្រម​ទាំង​ផ្ដល់​ស្បៀង​អាហារ ភេសជ្ជៈ និង​ប្រេង​អូលីវ ដល់​អ្នក​ក្រុង​ស៊ីដូន និង​ក្រុង​ទីរ៉ុស ដើម្បី​ឲ្យ​ពួក​នោះ​នាំ​ឈើ​តាត្រៅ​តាម​សមុទ្រ ពី​ស្រុក​លីបង់ រហូត​មក​ដល់​កំពង់‌ផែ​យ៉ុប‌ប៉េ យោង​តាម​ការ​អនុញ្ញាត​របស់​ព្រះ‌បាទ​ស៊ីរូស ជា​ស្ដេច​ស្រុក​ពែរ្ស។

សូមអានជំពូកពេញលេញ អែសរ៉ា 3