គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេ‌គាល 8:1-7 Khmer Standard Version (KHSV)

1. នៅ​ឆ្នាំ​ទី​ប្រាំ​មួយ ថ្ងៃ​ទី​ប្រាំ ខែ​ទី​ប្រាំ​មួយ ពេល​ខ្ញុំ​កំពុង​អង្គុយ​នៅ​ក្នុង​ផ្ទះ ហើយ​មាន​ព្រឹទ្ធា‌ចារ្យ*​នៃ​ជន‌ជាតិ​យូដា​អង្គុយ​នៅ​មុខ​ខ្ញុំ ព្រះ‌ជា‌អម្ចាស់​ដាក់​ព្រះ‌ហស្ដ​លើ​ខ្ញុំ។

2. ខ្ញុំ​ក្រឡេក​មើល​ទៅ ឃើញ​មាន​ដូច​ជា​ទ្រង់‌ទ្រាយ​របស់​មនុស្ស​ម្នាក់។ ពី​ត្រង់​កន្លែង​ដែល​មាន​រាង​ដូច​ចង្កេះ​ចុះ​ទៅ​ក្រោម មាន​សណ្ឋាន​ដូច​ភ្លើង ហើយ​ត្រឹម​ចង្កេះ​ឡើង​ទៅ​លើ មាន​សណ្ឋាន​ដូច​ជា​ពន្លឺ​ដ៏​ត្រចះ‌ត្រចង់។

3. ពេល​នោះ មាន​ដូច​ជា​ទ្រង់‌ទ្រាយ​ដៃ លូក​មក​ចាប់​ទាញ​សក់​ខ្ញុំ។ ព្រះ‌វិញ្ញាណ​លើក​ខ្ញុំ​ពី​ដី​ឡើង​ទៅ​លើ​មេឃ ឲ្យ​ខ្ញុំ​ឃើញ​និមិត្ត‌ហេតុ​អស្ចារ្យ​មក​ពី​ព្រះ‌ជាម្ចាស់ គឺ​នាំ​ខ្ញុំ​ទៅ​ក្រុង​យេរូ‌សាឡឹម ត្រង់​មាត់​ទ្វារ​ខាង​ក្នុង នា​ទិស​ខាង​ជើង​កន្លែង​មាន​រូប​ព្រះ​ក្លែង‌ក្លាយ ដែល​បណ្ដាល​ឲ្យ​ព្រះ‌ជាម្ចាស់​ប្រច័ណ្ឌ។

4. សិរី‌រុងរឿង​របស់​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល​សណ្ឋិត​នៅ​ទី​នោះ មាន​ទ្រង់‌ទ្រាយ​ដូច​ខ្ញុំ​បាន​ឃើញ​នៅ​តាម​ជ្រលង​ភ្នំ​ដែរ។

5. ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «កូន​មនុស្ស​អើយ ចូរ​ក្រឡេក​មើល​ទៅ​ទិស​ខាង​ជើង​ទៅ!»។ ខ្ញុំ​ក៏​ក្រឡេក​មើល​ទៅ​ទិស​ខាង​ជើង ឃើញ​រូប​ដែល​បណ្ដាល​ឲ្យ​ព្រះ‌ជាម្ចាស់​ប្រច័ណ្ឌ​នោះ ស្ថិត​នៅ​ខាង​ជើង​មាត់​ទ្វារ​ចូល​ទី​អាសនៈ។

6. ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ទៀត​ថា៖ «កូន​មនុស្ស​អើយ តើ​អ្នក​ឃើញ​អំពើ​ដែល​ពួក​គេ​កំពុង​ប្រព្រឹត្ត​ឬ​ទេ? ពូជ‌ពង្ស​អ៊ីស្រា‌អែល​នាំ​គ្នា​ប្រព្រឹត្ត​អំពើ​គួរ​ស្អប់​ខ្ពើម ធ្វើ​ឲ្យ​យើង​ចាក​ចេញ​ឆ្ងាយ​ពី​ទី‌សក្ការៈ*​របស់​យើង។ ប៉ុន្តែ អ្នក​នឹង​ឃើញ​អំពើ​គួរ​ស្អប់​ខ្ពើម​បំផុត​ជា​ច្រើន​ទៀត»។

7. ពេល​នោះ ព្រះ‌អង្គ​នាំ​ខ្ញុំ​ឆ្ពោះ​ទៅ​មាត់​ទ្វារ​ចូល​លាន​ព្រះ‌វិហារ។ ខ្ញុំ​ក្រឡេក​មើល​ទៅ​ឃើញ​មាន​រន្ធ​មួយ​នៅ​ក្នុង​ជញ្ជាំង។

សូមអានជំពូកពេញលេញ អេសេ‌គាល 8