13. យើងនឹងបណ្ដោយតាមកំហឹងរបស់យើង រហូតចប់ចុងចប់ដើម។ យើងនឹងជះកំហឹងរបស់យើងលើពួកគេ រហូតទាល់តែអស់ចិត្ត។ ពេលនោះ ពួកគេនឹងដឹងថា យើងជាព្រះអម្ចាស់ដែលបាននិយាយជាមួយពួកគេ យើងដាក់ទោសគេតាមកំហឹងរបស់យើង ព្រោះយើងមានចិត្តប្រច័ណ្ឌ។
14. យើងនឹងធ្វើឲ្យអ្នកក្លាយទៅជាគំនរបាក់បែក បាត់បង់កិត្តិយសក្នុងចំណោមប្រជាជាតិដែលនៅជុំវិញ និងអស់អ្នកដែលដើរកាត់តាមនេះ។
15. ពេលឃើញយើងវាយប្រដៅ និងដាក់ទោសអ្នក តាមកំហឹងដ៏ខ្លាំងក្លារបស់យើងដូច្នេះ ប្រជាជាតិនានានៅជុំវិញនឹងមើលងាយ ជេរប្រមាថអ្នក។ ពួកគេតក់ស្លុត ហើយយករឿងរបស់អ្នកទៅព្រមានគ្នា។ យើងជាព្រះអម្ចាស់ យើងប្រកាសឲ្យអ្នកដឹងសេចក្ដីនេះ។
16. យើងនឹងធ្វើឲ្យទុរ្ភិក្សកើតមានដល់ប្រជាជនរបស់អ្នក បណ្ដាលឲ្យគេឈឺចុកចាប់ ដូចមានព្រួញបាញ់រះទៅលើពួកគេឲ្យវិនាស។ យើងនឹងធ្វើឲ្យទុរ្ភិក្សកើតមានដល់ពួកគេ កាន់តែខ្លាំងឡើង ដោយបំផ្លាញស្បៀងអាហារដែលពួកគេបានបង្ការទុក។
17. យើងនឹងចាត់ទុរ្ភិក្ស ព្រមទាំងសត្វសាហាវ ទៅប្រហារកូនចៅរបស់ពួកគេ។ ជំងឺរាតត្បាត ការបង្ហូរឈាម សង្គ្រាមនឹងកើតមានដល់ក្រុងនេះ។ យើងជាព្រះអម្ចាស់ យើងប្រកាសឲ្យអ្នកដឹងសេចក្ដីនេះ»។