គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេ‌គាល 48:7-16 Khmer Standard Version (KHSV)

7. ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​យូដា​នៅ​ជាប់​នឹង​ទឹក​ដី​រូបេន ចាប់​ពី​ខាង​កើត​ទៅ​ខាង​លិច។

8. នៅ​ជាប់​នឹង​ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​យូដា ចាប់​ពី​ខាង​កើត​ទៅ​ខាង​លិច ត្រូវ​ញែក​ដី​មួយ​ចំណែក​ដែល​មាន​ទទឹង​ពីរ​ម៉ឺន​ប្រាំ​ពាន់​ហត្ថ ហើយ​មាន​បណ្ដោយ​ស្មើ​នឹង​ចំណែក​ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​នីមួយៗ ដែល​រាប់​ពី​ខាង​កើត​ទៅ​ខាង​លិច។ ទី‌សក្ការៈ​ត្រូវ​នៅ​ចំ​កណ្ដាល​ដី​នោះ។

9. ដី​ដែល​អ្នក​រាល់​គ្នា​ញែក​ថ្វាយ​ព្រះ‌អម្ចាស់ ត្រូវ​មាន​បណ្ដោយ​ពីរ​ម៉ឺន​ប្រាំ​ពាន់​ហត្ថ ទទឹង​មួយ​ម៉ឺន​ហត្ថ។

10. ដី​ដ៏​សក្ការៈ​នេះ​ត្រូវ​ចែក​ឲ្យ​ពួក​បូជា‌ចារ្យ​ទុក​ជា​កម្មសិទ្ធិ គឺ​ខាង​ជើង​មាន​ប្រវែង​ពីរ​ម៉ឺន​ប្រាំ​ពាន់​ហត្ថ ខាង​លិច​មាន​ប្រវែង​មួយ​ម៉ឺន​ហត្ថ ខាង​កើត​មាន​ប្រវែង​មួយ​ម៉ឺន​ហត្ថ ខាង​ត្បូង​មាន​ប្រវែង​ពីរ​ម៉ឺន​ប្រាំ​ពាន់​ហត្ថ។ ទី‌សក្ការៈ​របស់​ព្រះ‌អម្ចាស់​ត្រូវ​នៅ​ចំ​កណ្ដាល។

11. ដី​នេះ​ត្រូវ​បាន​ជា​កម្មសិទ្ធិ​កូន​ចៅ​របស់​លោក​សាដុក ដែល​បាន​ទទួល​មុខ‌ងារ​ជា​បូជា‌ចារ្យ។ អ្នក​ទាំង​នោះ​ប្ដូរ​ផ្ដាច់​បម្រើ​យើង គឺ​នៅ​គ្រា​ដែល ជន‌ជាតិ​អ៊ីស្រា‌អែល​វង្វេង​ឆ្ងាយ​ពី​យើង​បូជា‌ចារ្យ​ទាំង​នោះ​ពុំ​បាន​វង្វេង​ដូច​ពួក​លេវី​ទេ។

12. ដូច្នេះ ពួក​គេ​ត្រូវ​ទទួល​ដី​ដ៏​សក្ការៈ​បំផុត​នេះ ជា​ដី​ញែក​ថ្វាយ​ព្រះ‌អម្ចាស់ នៅ​ជាប់​នឹង​ដី​របស់​ពួក​លេវី។

13. ពួក​លេវី​នឹង​ទទួល​ដី ដែល​នៅ​តាម​បណ្ដោយ​ព្រំ‌ប្រទល់​ដី​របស់​ពួក​បូជា‌ចារ្យ គឺ​បណ្ដោយ​ពីរ​ម៉ឺន​ប្រាំ​ពាន់​ហត្ថ ទទឹង​មួយ​ម៉ឺន​ហត្ថ​ដូច​ទំហំ​ដី​របស់​បូជា‌ចារ្យ​ដែរ។

14. ពួក​គេ​មិន​អាច​លក់​ដូរ ឬ​បង្វិល​ដី​ទាំង​នេះ​ទេ ព្រោះ​ជា​ចំណែក​ល្អ​ជាង​គេ​ដែល​បាន​ញែក​ថ្វាយ​ព្រះ‌អម្ចាស់។

15. ចំណែក​ឯ​ដី​ដែល​នៅ​សល់ មាន​ទទឹង​ប្រាំ​ពាន់​ហត្ថ និង​បណ្ដោយ​ពីរ​ម៉ឺន​ប្រាំ​ពាន់​ហត្ថ ត្រូវ​ចាត់​ទុក​ជា​ដី​សាមញ្ញ​ធម្មតា សម្រាប់​សង់​ក្រុង ផ្ទះ និង​វាល​ស្មៅ ទីក្រុង​ស្ថិត​នៅ​ចំ​កណ្ដាល។

16. ទីក្រុង​នេះ​មាន​ទំហំ​ដូច​ត​ទៅ: ខាង​ជើង​ប្រវែង​បួន​ពាន់​ប្រាំ​រយ​ហត្ថ ខាង​ត្បូង​ប្រវែង​បួន​ពាន់​ប្រាំ​រយ​ហត្ថ ខាង​កើត​ប្រវែង​បួន​ពាន់​ប្រាំ​រយ​ហត្ថ ខាង​លិច​ប្រវែង​បួន​ពាន់​ប្រាំ​រយ​ហត្ថ។

សូមអានជំពូកពេញលេញ អេសេ‌គាល 48